ម៉ាស៊ីន​រក​មេដាយ​មាស​កម្ពុជា កែ ឡេង ​លា​ឈប់​ពី​អាជីព​ប៉េតង់​ហើយ​

  • 2020-05-29 05:11:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់មេដាយមាសពិភពលោក៤ជំនាន់ជាប់ៗគ្នា លោកស្រី កែ ឡេង សម្រេចចិត្ត​លាឈប់​ពី​អាជីព​កីឡា​ប៉េតង់​ហើយ​។

បើ​តាម Page Cambodia Sea Games 2023 ​បាន​បញ្ជាក់​ថា​ម្ចាស់​មេដាយ​មាសជើងឯកពិភព​លោក៤​ជំនាន់ជាប់ៗគ្នា វីរកីឡាការិនី កែ ឡេង បានប្រកាសលាឈប់ពីអាជីពកីឡាប៊ូល និងប៉េតង់​កម្ពុជា​ហើយ​ ដោយសារ​បញ្ហាសុខភាពរបស់លោកស្រីថាមិនអាចទ្រាំទ្រតទៅមុខទៀតបាន។

ថ្លែងប្រាប់ក្រុមការងារព័ត៌មាន CAMSOC, លោកស្រី កែ ឡេង បន្ថែម ទៀតថា ការសម្រេច​ចិត្តលាឈប់ពីវិស័យកីឡាប៉េតង់នេះ គឺអាស្រ័យ​ដោយស្ថានភាពសុខភាព​របស់លោកស្រីផ្ទាល់​ចុះ​ខ្សោយ​មិនអាចបន្តស៊ូទ្រាំនឹងការហ្វឹកហាត់​ ដើម្បីត្រៀមការប្រកួតតទៅមុខទៀតបាន។

ស្ថិតនៅក្នុងវ័យ ៥៧ឆ្នាំ លោកស្រី កែ ឡេង បានអះ​អាងទៀតថា ​បច្ចុប្បន្នវ័យកាន់តែចាស់ទៅ ហើយពុំអាច​បន្តការចូលរួមប្រកួតលើឆាកអន្តរជាតិ ដណ្តើមកិត្យានុភាពជាតិ មេដាយមាស ដូចកាល​ពីមុន​ៗទៀតឡើយ ពីព្រោះការត្រៀមចូលរួមប្រកួតម្តងៗ ត្រូវតែមានការ ហ្វឹកហាត់យូរម៉ោង ក្នុង១ថ្ងៃៗ។

ម្យ៉ាងទៀត​លោកស្រីក៏ជាប់រវល់ច្រើននៅអង្គភាពរបស់ខ្លួនក្រោមចំណុះក្រសួងការពារជាតិ ក្នុង​ឋានៈ​ជាមន្ត្រីយោធា​ផ្កាយពីរ។ ទោះយ៉ាងនេះក្តី ក៏លោកស្រីមិនទាន់បញ្ជាក់ថា ក្រោយ​ពី​បញ្ចប់​អាជីពកីឡាការិនីប៉េតង់​ ដ៏ឆ្នើមបំផុតរបស់កម្ពុជារូបនេះអាចទៅធ្វើជាគ្រូបង្វឹក ឬយ៉ាង​ណានោះដែរ។ កន្លងមក​ វីរកីឡាការិនីប៉េតង់កម្ពុជា លោកស្រី កែ ឡេង ដែលលេចធ្លោ​យ៉ាងខ្លាំងលើ​វិញ្ញាសា​វាយយក​ពិន្ទុតែងតែប្រាប់ថា ការហ្វឹកហាត់ និងការប្រកួតលក្ខណៈ អន្តរជាតិម្តងៗ លោកស្រី​សម្លឹងមើលគោលដៅ​ (ប៊ី) ដើម្បីវាយឲ្យចំគោលដៅ​ ហើយ​លោកស្រីតែងតែ​ទទួលបានការ​កោត​សរសើរ​ពីមហាជនថា ម្ចាស់មេដាយមាស៤ជំនាន់ជាប់ៗគ្នារបស់ពិភពលោករូបនេះ វាយ​ចំគោលដៅបានយ៉ាងល្អបំផុត ដោយមិនទាន់មានកីឡាការិនីអន្តរជាតិណាម្នាក់បំបែកកំណត់ត្រា គ្រប់គ្រងម្ចាស់មេដាយមាសពីការប្រកួតជើងឯកពិភពលោករហូតដល់៤សម័យកាលជាប់ៗគ្នាបែបនេះឡើយ។ លោកស្រីបន្ថែមថា​ មកដល់ពេល​នេះលោកស្រីមិនទាន់សម្លឹង​ឃើញ​មាន​កីឡាការិនី​ប៊ូល ​និងប៉េតង់កម្ពុជាណា ម្នាក់អាច​ស្នងដំណែង​របស់លោក​ស្រីបាននៅឡើយទេ។

សូមរម្លឹកថា វីរកីឡាការិនី កែ ឡេង បានឈ្នះ​មេដាយមាសពីការ​ប្រកួតជើងឯកពិភពលោក៤ជំនាន់ជាប់ៗគ្នា ពោលគឺ​ចាប់តាំងពីឆ្នាំ២០១៣​មកម្លេះ ឆ្នាំ២០១៥ ឆ្នាំ២០១៧ និងរហូតដល់ឆ្នាំ២០១៩ ដែលភាព​ល្បីល្បាញនេះ​បានធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា លើវិស័យកីឡាប៉េតង់មានភាពលេចធ្លោយ៉ាងខ្លាំង ហើយសហព័ន្ធ​កីឡាប៉េតង់អន្តរជាតិបានផ្តល់សិទ្ធិឲ្យកម្ពុជាទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះ ការប្រកួតជើងឯកពិភពលោក នៅក្នុងឆ្នាំ២០១៩កន្លងទៅថ្មីៗនេះ។ នៅក្នុងឋានៈជាម្ចាស់ផ្ទះ ជើងឯកពិភពលោកយុវជន និងស្ត្រី លើកទី១៧ ឆ្នាំ២០១៩ កីឡាការិនីជម្រើសជាតិ កែ ឡេង បានឈ្នះមេដាយមាសលើវិញ្ញាសា វាយយកពិន្ទុ ដែលជាមេដាយមាសពិភពលោកជំនាន់ទី៤ ចុងក្រោយបង្អស់របស់លោកស្រី។ វិញ្ញាសាវាយយកពិន្ទុនារីនេះ ម្ចាស់មេដាយមាស កីឡាការិនី កែ ឡេង បានយកឈ្នះលើកីឡាការិនីប្រទេសឡាវ នៅវគ្គផ្តាច់ព្រ័ត្រ ដោយកីឡាការិនីឡាវបានត្រឹមមេដាយប្រាក់ រីឯម្ចាស់មេដាយសំរឹទ្ធ និងសំរឹទ្ធស្ទួនបានទៅលើកីឡាការិនីមីយ៉ាន់ម៉ា និង ចិន។ កីឡាការិនី កែ ឡេង ក៏បានជួយក្រុមយកឈ្នះមេដាយសំរឹទ្ធ១វិញ្ញាសាក្រុមដែរ គឺវិញ្ញាសា៣ទល់៣នាក់នារី មាន កីឡាការិនី កែ ឡេង, អ៊ុក ស្រីមុំ, អ៊ុន ស្រីយ៉ា និងកែវ សុវណ្ណា។ ក្រៅពីការឈ្នះមេដាយមាសជើងឯកពិភពលោក លោកស្រី ក៏ធ្លាប់បានឈ្នះមេដាយស៊ីហ្គេម និងការប្រកួតអន្តរជាតិមួយចំនួនទៀតដែរ៕

អត្ថបទ៖ CAMSOC