នៅចាំអត់? Ibrahimovic ធ្លាប់​​សាក់​ឈ្មោះ​ជាភាសា​ខ្មែរ​ "លីដា" លើដងខ្លួន

  • 2020-05-30 05:46:08
  • ចំនួនមតិ 7 | ចំនួនចែករំលែក 33

ចន្លោះមិនឃើញ


កាលពី​ដើមឆ្នាំ ២០១៥ Zlatan Ibrahimovic ដែលកាលនោះ លេងនៅក្លឹបបារាំង PSG បាន​ដោះអាវ​ដើម្បី​អបអរ​ការ​ស៊ុត​បញ្ចូល​ទី​របស់​ខ្លួន លេចចេញស្នាមសាក់ថ្មីៗជាច្រើន ដែលក្នុងនោះ ក៏មានស្នាមសាក់ជាភាសាខ្មែរថា "លីដា ឈើយ" ផងដែរ។ ប្រិយមិត្ត​ភាគច្រើន​ប្រហែលជា​នៅចាំបាន តែក៏មានអ្នកមិនធ្លាប់បានឃើញផងដែរ។ តើ​ហេតុអ្វី​បាន​ជា​ខ្សែ​ប្រយុទ្ធ​ស៊ុយអែត​រូប​នេះ​ សម្រេច​សាក់​ជា​អក្សរ​​ខ្មែរ ហើយ​តើ​ពាក្យ​ថា "លីដា ឈើយ" ដែល​សាក់​នោះ ​ជា​ឈ្មោះ​អ្នក​ណា?

តាម​ពិត​ទៅ​ ពេលនោះ មិន​ត្រឹម​តែ​ប្រិយមិត្ត​ស្រុក​ខ្មែរ​ទេ​ដែល​ឆ្ងល់ សូម្បី​តែ​អ្នក​មើល​បាល់​ទូទាំង​ពិភពលោក​ក៏​ឆ្ងល់​ស្រដៀង​គ្នា​នេះ​ដែរ ដោយ​សារ​តែ Ibrahimovic មិន​មាន​ស្នាម​សាក់​ច្រើន​ពេញ​ខ្លួន​អ៊ីចឹងទេ។ ​Zlatan បាន​ចេញ​មក​​ទម្លាយ​អាថ៌កំបាំង​នាពេលនោះថា ការ​សាក់​ឈ្មោះ​ជា​ភាសា​ផ្សេងៗ​គ្នា​នេះ គឺ​ដើម្បី​គាំទ្រ​ដល់​​កម្មវិធី​ស្បៀង​អាហារ​ពិភពលោក​ (WFP) របស់​អង្គការ​សហប្រជាជាតិ​។

ឈ្មោះ "លីដា ឈើយ" គឺ​ជា​ឈ្មោះ​មួយ​ ក្នុង​ចំណោម​ឈ្មោះជាច្រើនទៀត ​ដែលត្រូវវ​​បាន​សាក់​បណ្ដោះអាសន្ន លើ​ដង​ខ្លួន Zlatan។ ឈ្មោះ​ទាំង​៥០នាក់​នោះ គឺ​ជ្រើស​ចេញ​ពី​ក្នុង​ចំណោម​មនុស្ស​ ៨០៥លាន​នាក់​ជុំវិញ​ពិភពលោក ដែល​កំពុង​រង​គ្រោះ​​ដោយ​កង្វះ​ស្បៀង​អាហារ​។

Ibrahimovic បាន​និយាយ​នាពេលនោះ​ថា៖ “នៅ​ពេល​ខ្ញុំ​ដោះ​អាវ​ពេល​ប្រកួត​ទល់​នឹង​ក្រុម Caen គ្រប់ៗ​គ្នា​បាន​សួរ​ខ្ញុំ​អំពី​ស្នាម​សាក់​ថ្មី​ជា​ច្រើន។ ខ្ញុំ​មាន​ស្នាម​សាក់​បណ្ដោះអាសន្ន (លុប​​ជ្រះ) ចំនួន​១៥ នៅ​លើ​ដង​ខ្លួន ដែល​ស្នាម​សាក់​ទាំង​នោះ គឺ​តំណាង​ឲ្យ​ឈ្មោះ​មនុស្ស​ពិត​ដែល​បាន​រង​គ្រោះ​ដោយ​ការ​អត់​ឃ្លាន​នៅ​លើ​ពិភពលោក។ ទោះ​បី​ជា​ស្នាម​សាក់​ត្រូវ​រលុប​ទៅវិញ តែ​មនុស្ស​ទាំង​នោះ​នៅ​តែ​មាន​ជីវិត... ខ្ញុំ​សង្ឃឹម​ថា​អ្នក​អាច​ឃើញ​ពួក​គេ​តាម​រយៈ​ខ្ញុំ"។

ក្នុង​ចំណោម​ឈ្មោះ​ដែល​សាក់​បណ្ដោះ​អាសន្ន​ទាំង​នោះ គេ​សង្កេត​ឃើញ​មួយ​ចំនួន ដូច​ជា Carmen, Mariko, Antoine, លីដា ឈើយ, Rahma និង Yaae ជា​ដើម៕

អត្ថបទ៖ ឈិន មិថុនា