សុខ សុវណ្ណ បានចូល Gym តិចៗវិញហើយ ក្រោយវះកាត់ជង្គង់ជោគជ័យ
- 2020-06-04 04:19:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សុខ សុវណ្ណ បានចូល Gym តិចៗវិញហើយ ក្រោយវះកាត់ជង្គង់ជោគជ័យ
ចន្លោះមិនឃើញ
ក្រោយវះកាត់ជង្គង់នៅប្រទេសកម្ពុជា កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ បានជោគជ័យ ខ្សែការពារ សុខ សុវណ្ណ ត្រូវសម្រាកមើលថែខ្លួនយ៉ាងហោចណាស់៨ទៅ៩ខែ។ យ៉ាងណាកីឡាករភ្នំពេញក្រោន បានឱ្យដឹងក្ដៅៗនេះថា គេបានចូលហាត់ជាមួយក្រុមតិចៗវិញហើយ។
កិឡាករមានដើមកំណើតនៅភ្នំពេញ ពន្យល់ថា៖ «តាំងពីវះបាន២ខែមក ខ្ញុំហាត់នៅផ្ទះរហូត ចាប់ផ្ដើមចូលខែទី២ខ្ញុំទៅកន្លែង Gym អត់ទាន់ហាត់ជាមួយក្រុមកើតទេ ចូលដល់ខែទី៣ហើយទើបខ្ញុំហាត់ជាមួយក្រុមតិចៗ ប៉ុន្តែខ្ញុំហាត់នៅក្រៅម្នាក់ឯង»។
ចំពោះរបួសដាច់សរសៃជង្គង់សម្រាករយៈពេលយូរនេះ ត្រូវបានអតីតខ្សែការពារបឹងកេតនិងវិសាខា ចាត់ទុកគ្រោះដ៏អាក្រក់ និងជារឿងគួរឱ្យធុញទ្រាន់បំផុតមិនធ្លាប់មាន ក្នុងអាជីពរបស់គេ។
កីឡាករវ័យ២៨ឆ្នាំបញ្ជាក់ ៖«យល់ថាវាជារឿងដ៏អាក្រក់បំផុតសម្រាប់ខ្ញុំ វាគួរឱ្យធុញនឹងរបួសរយៈពេលយូរបែបនេះ គ្មានកីឡាករណាចង់ជួបរឿងអ៊ីចឹងទេ»។
សុខ សុវណ្ណ បានជួបបញ្ហារបួសពេលប្រកួតមិត្តភាពកម្ដៅសាច់ដុំ ជាមួយក្រុម Sotilo Angkor មុនបើករដូវកាលលីគកំពូលកម្ពុជា MCL ឆ្នាំ២០១៩-២០២០។
ងាកទៅជម្រើសជាតិវិញ សុវណ្ណ មិនមានក្នុងបញ្ជីឈ្មោះរបស់លោក Keisuke honda និង Félix Dalmás ទេ ប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែគេថាមិនបោះបង់ឱកាសឡើយ និងប្ដេជ្ញាខំប្រឹងឱ្យខ្លាំងក្លាបន្ទាប់ជាពីរបួស ព្រោះលេងឱ្យជម្រើសជាតិ គឺជាក្ដីស្រម៉ៃធំបំផុតរបស់កីឡាករគ្រប់រូប។
គួរបញ្ជាក់ថា ឆ្នាំ២០០៧-២០១៣ សុខ សុវណ្ណ លេងឱ្យភ្នំពេញ ឆ្នាំ២០១៣-២០១៨ លេងឱ្យបឹងកេត ឆ្នាំ២០១៨-២០១៩ លេងឱ្យវិសាខា ឆ្នាំ២០១៩ វិសាខាឱ្យភ្នំពេញក្រោនខ្ចីជើង និងឆ្នាំ២០២០នេះ គេលេងឱ្យភ្នំពេញក្រោន៕