និយាយដល់ SoftBank Group មនុស្សមួយចំនួនប្រហែលជាស្គាល់ជាក្រុមហ៊ុនជប៉ុនដ៏ធំមួយដែលកាន់កាប់ភាគហ៊ុននៅក្នុងក្រុមហ៊ុនធំៗជាច្រើន ដោយក្នុងនោះភាគច្រើនជាក្រុមហ៊ុនផ្នែកបច្ចេកវិទ្យា។
SoftBank បង្កើតឡើងនៅឆ្នាំ ១៩៨១ ដោយលោក Masayoshi Son។ ក្នុងរយៈពេល ៣៦ ឆ្នាំ ក្រុមហ៊ុនបានបណ្ដាក់ទុនលើក្រុមហ៊ុនជាច្រើន និងទទួលបានផលចំណេញច្រើនមិនស្ទើរនោះដែរ។ តទៅនេះនឹងបង្ហាញត្រួសៗពីក្រុមហ៊ុនដែល SoftBank មានចំណែកជាម្ចាស់ភាគហ៊ុន ៖
- នៅឆ្នាំ ២០០០ ក្រុមហ៊ុន SoftBank សម្រេចបានការបណ្ដាក់ទុនដ៏ជោគជ័យខ្លាំងរបស់ខ្លួន ដោយបានបណ្ដាក់ទុន ២០ លានដុល្លារ លើក្រុមហ៊ុនលក់ទំនិញអនឡាញ Alibaba។ ទឹកប្រាក់ដែលបណ្ដាក់ទុននេះបានក្លាយទៅជា ៦០ ពាន់លានដុល្លារ នៅពេលក្រុមហ៊ុន Alibaba ដាក់លក់ហ៊ុនជាសាធារណៈនៅឆ្នាំ ២០១៤។
- នៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០០៦ SoftBank បានប្រកាសថាយល់ព្រមទិញយកក្រុមហ៊ុនផ្ដល់សេវាទូរសព្ទ Vodafone Japan ប្រចាំប្រទេសជប៉ុន ដោយមិនបានបញ្ចេញតម្លៃនោះទេ និងបានប្ដូរឈ្មោះពី Vodafone Japan ទៅជា SoftBank Mobile វិញ។
- នៅខែកុម្ភៈ ឆ្នាំ ២០១០ បានទិញយកភាគហ៊ុន ១៣,៧% ពីក្រុមហ៊ុនផ្ដល់សេវា Live វីដេអូរបស់អាមេរិក ឈ្មោះ Ustream និងមានបំណងថាដំឡើងភាគហ៊ុនដល់ ៣០% នៅខែកក្កដា ឆ្នាំ ២០១១។
- នៅខែកក្កដា ឆ្នាំ ២០១៣ គណៈកម្មការសហព័ន្ធទូរគមនាគមន៍បានអនុញ្ញាតលើសំណើរបស់ SoftBank លើការសុំទិញភាគហ៊ុនក្រុមហ៊ុនផ្ដល់សេវាទូរសព្ទអាមេរិក Sprint ក្នុងតម្លៃ ២២,២ ពាន់លានដុល្លារ សម្រាប់ភាគហ៊ុន ៧៨%។ នៅខែសីហា ឆ្នាំ ២០១៣ SoftBank បានទិញភាគហ៊ុនរបស់ Sprint ចំនួន ២% ទៀត ធ្វើឲ្យភាគហ៊ុនសរុបឡើងដល់ ៨០%។
- ខែតុលា ឆ្នាំ ២០១៣ ដដែល SoftBank បានទិញយកភាគហ៊ុនក្រុមហ៊ុនផលិតហ្គេម Supercell ចំនួន ៥១% ស្មើនឹង ២,១ ពាន់លានដុល្លារ ។ ក្រោយមកទៀតនៅខែមិថុនា ឆ្នាំ ២០១៥ SoftBank បានទិញយកភាគហ៊ុន ២២,៧% ទៀតរបស់ Supercell និងបានក្លាយជាម្ចាស់ភាគហ៊ុនស្នូលដ៏សំខាន់មួយ។ ប៉ុន្តែនៅខែមិថុនា ឆ្នាំ ២០១៦ SoftBank បានលក់ភាគហ៊ុន ៨៤% នៃភាគហ៊ុនសរុបរបស់ Supercell ដែលខ្លួនមាន ទៅឲ្យក្រុមហ៊ុន Tencent ក្នុងទំហំទឹកប្រាក់ ៧,៣ ពាន់លានដុល្លារ ។
- SoftBank ក៏បានបណ្ដាក់ទុន ២១០ លានដុល្លារ លើក្រុមហ៊ុនផ្ដល់សេវាដឹកជញ្ជូនអនឡាញរបស់ឥណ្ឌា ឈ្មោះ OlaCabs និងបានចាយ ៦២៧ លានដុល្លារ ទិញយកភាគហ៊ុន ៣០% ពីក្រុមហ៊ុនលក់ទំនិញរបស់ឥណ្ឌា ឈ្មោះ Snapdeal។
- ចូលដល់ខែមីនា ឆ្នាំ ២០១៧ គេបានដឹងថា SoftBank ចង់បណ្ដាក់ទុនប្រមាណ ៦ ពាន់លានដុល្លារ លើក្រុមហ៊ុន Didi Chuxing Technology ដើម្បីជួយឲ្យក្រុមហ៊ុននេះពង្រីកខ្លួនលើបច្ចេកវិទ្យា រថយន្តបើកដោយគ្មានមនុស្ស។
- នៅខែឧសភា ឆ្នាំ ២០១៧ SoftBank បានបណ្ដាក់ទុន ១,៤ ពាន់លានដុល្លារ លើក្រុមហ៊ុនទូរទាត់អនឡាញ Paytm របស់ឥណ្ឌា និងនៅខែសីហា បានបណ្ដាក់ទុន ២,៥ ពាន់លានដុល្លារ លើក្រុមហ៊ុន Flipkart របស់ឥណ្ឌាដដែល។
- នៅខែវិច្ឆិកា ឆ្នាំ ២០១៧ SoftBank សម្រេចបណ្ដាក់ទុន ១០ ពាន់លានដុល្លារ ទៅក្នុង Uber ជាមួយភាគហ៊ុន ១៥%៕
ប្រភព៖
Wikipedia
ប្រែសម្រួល៖ សុខហេង