នរណា​ជា​អ្នក​បង្កើត កាំភ្លើង AK-47 កាំភ្លើង​ដ៏​មាន​ប្រជាប្រិយ (មានវីដេអូ)

  • 2020-06-12 02:16:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

AK-47 ជា​កាំភ្លើង​ស្វ័យប្រវត្ត​សេរី​ចាស់ ដ៏​មាន​ឥទ្ធិពល​មួយ​។ ដោយសារ​កេរ្តិ៍ឈ្មោះ​ដ៏​ល្បាញ និង​មាន​ប្រជាប្រិយ កាំភ្លើង​នេះ នៅ​តែ​ប្រើប្រាស់​នៅ​ជុំវិញ​ពិភព​លោក រួម​ទាំង​សហរដ្ឋអាមេរិក​ផង​ដែរ​។ គំរូ​កាំភ្លើង​នេះ​ត្រូវ​បាន​ចម្លង ដោយ​រោង​ចក្រ​ផលិត​អាវុធ​របស់​រដ្ឋ ជាង២០ ដូច​ជា​រុស្សី AK-74 AKM ចិន​Type 56 កូរ៉េខាងជើង Type 58 យូហ្គោស្លាវី M70 M72 M21 ជាដើម។

តើ​នរណា​ជា​អ្នក​កែច្នៃ​អាវុធ​កំណាច​នេះ​ឡើង ហើយ​គាត់​មាន​ប្រវត្តិ​ដូច​ម្ដេច​?

នៅ​ជនបទ នៃ​ស្រុក Kurya ខេត្ត Altai ភាគ​ខាង​ត្បូង​នៃ​ប្រទេស​រូស្សី ជាប់​ព្រំដែម៉ុងហ្គោល មាន​គ្រួសារ​កសិករ​រុស្សី​មួយ ប្ដី​ឈ្មោះ Timofey Aleksandrovich Kalashnikov ប្រពន្ធ​ឈ្មោះ Aleksandra Frolovna Kalashnikova មាន​កូន ១៩ នាក់​។ កូន​ទី ១៧ របស់​គាត់​ឈ្មោះ Mikail Timofey Kalashnikov ជា​ក្មេង​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាង​គេ។ Mikhail ជា​ក្មេង​ចូល​ចិត្ត​ខាង​ផ្នែក​បច្ចេកទេស​យន្តសាស្ត្រ​។

នៅ​ឆ្នាំ ១៩៣០ គ្រួសារ​របស់​លោក Timofey ក៏​ដូច​ជា​គ្រួសារ​ផ្សេង​ទៀត​ត្រូវ​បាន​រដ្ឋអំណាច​បញ្ជូន​ឲ្យ​ទៅ​នៅ ភូមិ Nizhnyaya Mokhovaya ក្នុង​ខេត្ត Tomsk Oblast ។ នៅ​ទី​នោះ គ្រួសារ​របស់​លោក Timofey បន្ត​របរ​កសិកម្ម និង​បរបាញ់​សត្វ​។

និយាយ​ពី Mikail បន្ទាប់​ពី​ផ្លាស់​ទី​លំនៅ ទៅ Tomsk Oblast អកុសល​អ្វី​ក្មេង​នេះ​មាន​ជំងឺ​យាយី​ស្ទើរ​តែ​នឹង​ស្លាប់​។ Mikhail ធំ​ដឹង​ក្ដី​នៅ​ទី​នោះ​។ ជា​រៀងរាល់​ថ្ងៃ​គាត់​តែង​ទៅ​ស្រែ និង​បរបាញ់​សត្វ​ជា​មួយ​ឪពុក​គាត់​។

បន្ទាប់​ពី​ចប់​ថ្នាក់​ទី ៧ Mikhail បាន​ត្រឡប់​ទៅ Kurya វិញ​។ នៅ​ទី​នោះ​គាត់​បាន​ចូល​ធ្វើ​ការ​ជា​ជាង​មេកានិច នៅ​យានដ្ឋាន​មួយ​។ ទីនោះ​ហើយ​ដែល​បណ្ដាល​ចិត្ត Mikhail ឲ្យ​ស្រលាញ់​ខាង​កែច្នៃ​អាវុធ​។

នៅ​ឆ្នាំ ១៩៣៨ គាត់ និង​យុវជន​ផ្សេង​ទៀត​ត្រូវ​បាន​គេ​កេណ្ឌ​ទៅ​ធ្វើ​កងទ័ព​ក្រហម​។ គេ​បញ្ជូន Mikail ឲ្យ​ទៅ​ខាង​កង​រថក្រោះ ព្រោះ​គាត់​មាន​មាឌ​តូច និង​ចេះ​ខាង​មេកានិច​។ ពេល​ដែល​បញ្ជូន​ទៅ​ហ្វឹកហាត់ គាត់​មិន​គ្រាន់​តែ​ហាត់​បើក​រថក្រោះ ជួសជុល និង​បាញ់​កាំភ្លើង​រថក្រោះ​ទេ គាត់​ក៏​ហាត់​បាញ់​ថ្មើរ​ជើង​ដែរ​។ Mikhail កាន់​រថក្រោះ T-34s នៃ​កង​វីរសេនា​ធំ​រថក្រោះ​លេខ ៤២​។

នៅ​ខែ​មិថុនា ឆ្នាំ ១៩៤១ រុស្សី​ចាញ់​អាល្លឺម៉ង់ នៅ​សមរភូមិ Brody ហើយ​ដក​ថយ មក​ឈរជើង​នៅ Bryansk មិន​យូរ​ប៉ុន្មាន នៅ​ខែ​តុលា ឆ្នាំ ១៩៤១ កង​ថ្មើរជើង​លេខ និង​កង​រថក្រោះ Panzerលេខ ២ ក្រោម​មេ​បញ្ជាការ Fedor von Bock បាន​វាយ​បែក Bryansk កងពល​ថ្មើរជើង​លេខ ៥០ លេខ ១៣ និង លេខ៣ ព្រម​ទាំង កង​វីរសេនា​ធំ​រថក្រោះ​លេខ ៤២ ត្រូវ​វាយ​បែក​ទាំង​ស្រុង​។ Mikhail Kalashnikov រង​របួស​យ៉ាង​ដំណំ ដោយ​រថក្រោះ T-34s របស់​គាត់ ត្រូវ​គ្រាប់​កាំភ្លើង ប្រឆាំង​រថក្រោះ Anti-Tank គ្រាប់បែក និង​គ្រាប់​រថក្រោះ Panzer របស់​អាល្លឺម៉ង់​ផង រហូត​ផ្ទុះ​ឆេះ​។ គាត់​ដេក​ពេទ្យ​រហូត​ដល់​ខែ មេសា ឆ្នាំ ១៩៩២ ។ ប៉ុន្មាន​ខែ​ចុង​ក្រោយ​នៅ​ក្នុង​មន្ទីរពេទ្យ គាត់​តែង​ឮ​ពាក្យ​រអ៊ូរទាំ ដោយ​ខឹង​សម្បារ ចេញ​ពី​មាត់​ទាហាន និង​ការ​ជួប​ប្រទះ​ផ្ទាល់​របស់​គាត់ ពី​បញ្ហា​កាំភ្លើង​កំពុង​ប្រើ​ក្នុង​សមរភូមិ ដែល​វា​តែង​តែ​គាំង​បាញ់​មិន​ចេញ ជា​ពិសេស​អ្នក​ប្រើ PPD និង PPSh Submachine Gun ដែល​ប្រើ​បង់​ត្រឡោក (Drum Magazine) ។ Mikhail ជា​អ្នក​ចូល​ចិត្ត​ផ្នែក​បច្ចេកទេស គាត់​បាន​វិភាគ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​នេះ ដើម្បី​រក​ដំណោះស្រាយ​។ នៅ​ពេល​នោះ គាត់​បាន​គូរ​ប្លង់​កាំភ្លើង​អូតូម៉ាទិក​ថ្មី​មួយ​ឡើង ដែល​មាន​រូបរាង​ប្លែក​ពី PPD PPSh ។

នៅ​ពេល​ដែល​គាត់​ចេញ​ពី​មន្ទីរពេទ្យ គាត់​បាន​កាន់​ប្លង់​គំរូ​កាំភ្លើង​របស់​គាត់ ទៅ​យន្តដ្ឋាន​មួយ​កន្លែង និង​ស្នើ​សុំ​ប្រធាន​យន្តដ្ឋាន​ដើម្បី​ប្រើ​កន្លែង​នោះ​បង្កើត​ស្នាដៃ​ដំបូង​របស់​គាត់​ឡើង​ជា​រូបរាង​។ ដំបូង​ឡើយ​គេ​មិន​ស្វាគមន៍​ទេ តែ​ពេល​ឃើញ​គាត់​ចេះ​តែ​ទទូច​សុំ និង​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង ប្រធាន​យន្តដ្ឋាន បាន​ឲ្យ​កន្លែង សម្ភារៈ និង​ជាង​ពីរ​បី​នាក់ ដើម្បី​ជួយ​។ ប៉ុន្មាន​ខែ​ក្រោយ កាំភ្លើង​ដំបូង​របស់​គាត់​ក៏​ផលិត​ចេញ​ជា​រូបរាង​ឡើង មើល​ទៅ​ស្រដៀង​គ្នា នឹង Thompson របស់​អាមេរិក​ដែរ តែ​ធំ​ជាង និង​ធ្ងន់​ជាង​។ សមត្ថភាព​បាញ់​ល្អ​ជាង PPD និង PPSh និង​មិន​គាំង​នោះ​ទេ​។ ទោះ​យ៉ាង​នេះ​ក្ដី ស្នាដៃ​របស់​គាត់​មិន​ត្រូវ​បាន​ទទួល​ឲ្យ​ប្រើ​ក្នុង​ជួ​កងទ័ព​នៅ​ឡើយ​ទេ ប៉ុន្តែ​ត្រូវ​បាន​ទទួល​ថា​ជា​សមិទ្ធផល​ថ្មី​គួរ​ឲ្យ​កត់សម្គាល់​។ Mikhail ត្រូវ​គេ​ចាត់​តាំង​ឲ្យ​ទៅ​កាន់​ការ​នៅ ការិយាល័យ​វិទ្យាសាស្ត្រ​អភិវឌ្ឍន៍​អាវុធ នៃ​អគ្គសេនាធិការដ្ឋាន​កាំភ្លើង​ធំ​នៃ​កងទ័ព​ក្រហម នៅ​ឆ្នាំ ១៩៤២ ។ នៅ​ឆ្នាំ ១៩៤៤ គាត់​រចនា Gas-operated សម្រាប់ កាទុស ថ្មី​ទំហំ 7.62×39mm ។ កាទុស​នេះ ត្រូវ​បាន​ប្រទេស​សម្ព័ន្ធមិត្ត​ជំនាន់ WW-ii ឯកភាព​ប្រើ​ជា​រួម​ទាំងអស់​គ្នា ដែល​ត្រូវ​ទាំង M1 Garand SKS (Karabin) Selective Rifle និង​ពួក​កាំភ្លើង​យន្ត ធន់​ស្រាល​ដូច​ជា RPD និង RPK ជាដើម​។ នៅ​ឆ្នាំ ១៩៤៦ Kalashnikov ចាប់​ផ្ដើម​គូរ​ប្លង់ កាំភ្លើង​ថ្មី និង​បង្កើត​ជា​រូបរាង រហូត​ដល់​ឆ្នាំ ១៩៤៧ គម្រោង​គាត់​បាន​បញ្ចប់​ជា​ស្ថាពរ ដោយ​ប្រើ​ឈ្មោះ​ថា AK-47 ។ កាំភ្លើង​នេះ ក៏​ប្រើ Gas-operated ដែល​គាត់​បាន​បង្កើត និង កាទុស ទំហំ 7.62×39mm ដែរ​។ A សំដៅ​ដល់ Avtomat K សំដៅ​ដល់ Kalashnikov និង​កន្ទុយ​លេខ​ឆ្នាំ​ដែល​ផលិត​ចេញ​គឺ 1947 ។

កាំភ្លើង AK-47 ជា​របកគំហើញ​ថ្មី​មួយ​ក្នុង​ផ្នែក​បច្ចេកវិទ្យា​អាវុធ​ទំនើប​។ កាំភ្លើង​នេះ​បាញ់​បាន​ចម្ងាយ ៨០០ ម៉ែត្រ​។ បាន​ន័យ​ថា គ្រាប់​កាំភ្លើង​រត់​ពេញ​កម្លាំង​បាន​ពី ៧៥០ ទៅ ៨០០ ម៉ែត្រ​។ ក្នុង​ការ​សាកល្បង​បាញ់​ចម្ងាយ​ជាក់​ស្ដែង នៅ​ពេល​ប្រយុទ្ធ​គ្នា គឺ ១០០ ទៅ ១៥០ ម៉ែត្រ AK-47 បាញ់​ប្រាំ​គ្រាប់ មាន​៣ ត្រូវ​ចំ​គោលដៅ​យ៉ាង​ល្អ​។ ការ​បាញ់​រះ​ត្បិត​ថា AK-47អត់​មាន​ប្រព័ន្ធ​ទប់​លំនឹង​ក៏​ដោយ តែ​វា​នឹង​ល្អ​ជាង​កាំភ្លើង​អូតូម៉ាទិក​ផ្សេងៗ​កាល​ជំនាន់​នោះ​។ បើ​ទោះ​បី​កាំភ្លើង​ខ្លះ កាល​ជំនាន់​នោះ អាច​បាញ់​បាន​ពីរ បី​គ្រាប់ នៅ​ពេល​ទទឹក​ជោគ ក៏​លំបាក​ធន់​នឹង ភក់ ឬ​ខ្សាច់​ណាស់​។ ប៉ុន្តែ AK-47 អាច​ធ្វើ​បាន​គ្រាប់​ស្ថាន​ភាព​។

អ្នក​រចនា​អាវុធ ដ៏​មាន​ឥទ្ធិពល​ពីរ​នាក់​របស់​រុស្ស៊ី​គឺ​លោក Vasily Degtyaryov និង Georgy Shpagin បាន​ទទួលស្គាល់ និង​កោត​សរសើរ ពី​សមត្ថភាព​របស់ AK-47 ដែល​ជា​អាវុធ​ទំនើប​មួយ​នា​សម័យ​នោះ​។ បន្ទាប់​ពី​ដំណើរការ​ផលិត​ចប់ នៅ​ឆ្នាំ ១៩៤៩ AK-47 ត្រូវ​បាន​បំពាក់​ឲ្យ​កងទ័ព​រុស្ស៊ី និង​ក្លាយ​ទៅ​ជា​អាវុធ​ប្រើ​ជា​ផ្លូវការ​ក្នុង​វិស័យ​យោធា​។

នៅ​ឆ្នាំ ១៩៩៧១ Mikhail Kalashnikov ទទួល​សញ្ញាប័ត្រ​បណ្ឌិត​ផ្នែក​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា និង​ជា​សមាជិក​នៃ បណ្ឌិត្យសភា​ផ្នែក​វិទ្យាសាស្ត្រ​។ គាត់​បាន​ដឹកនាំ​ការ​ស្រាវជ្រាវ​ក្នុង​ការ​ផលិត​អាវុធ​ខ្លាំងៗ មួយ​ចំនួន​ទៀត​ដូចជា​៖

  • ១៩៥០ គាត់​ចាប់​ផ្ដើម​អភិវឌ្ឍន៍ AKM ហើយ​កាំភ្លើង​នេះ​ដាក់​ឲ្យ​កងទ័ព​ប្រើ​នៅ​ឆ្នាំ ១៩៥៩

  • ១៩៦០ គាត់​ចាប់​ផ្ដើម​អភិវឌ្ឍន៍ កាំភ្លើង​យន្ត​ធន់​ស្រាល RPK (Ruchnoy Pulemyot Kalashnikova) ដាក់​ឲ្យ​កងទ័ព​ប្រើ​ឆ្នាំ ១៩៦១ កែ​សម្រួល​ថ្មី​រួចរាល់​នៅ​ឆ្នាំ ១៩៧៤

  • ១៩៦១ គាត់​បង្កើត​កាំភ្លើង​យន្ត​ធន់​កណ្ដាល PK និង​កែ​សម្រួល​នៅ​ឆ្នាំ ១៩៦៩

  • ១៩៧០ គាត់​ចាប់​ផ្ដើម​អភិវឌ្ឍន៍ AK Model ថ្មី ចេញ​ឆ្នាំ ១៩៧៤ គឺ AK-74 ប្រើ​ជំនួស AKM

ចាប់​តាំង​ពី​ឆ្នាំ ១៩៤៩ រហូត​ដល់​គាត់​អស់​ជីវិត Kalashnikov រស់​នៅ និង​ធ្វើ​ការ​នៅ​ទី​ក្រុង Izhevsk រដ្ឋ Udmurtia រុស្សី។ គាត់​ជា​អ្នក​ចូល​ចិត្ត​បរបាញ់​តាំង​ពី​ក្មេង​រហូត​ដល់​អាយុ​ចុង​ក្រោយ​របស់​គាត់​។ Mikhail Kalashnikov ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ និង​ដេក​ពេទ្យ នៅ​ខែ វិច្ឆិកា ២០១៣ នៅ​ថ្ងៃ​ទី ២៣ ធ្នូ ២០១៣ គាត់​បាន​ស្លាប់។ Kalashnikov ស្លាប់​ដោយសារ​ជំងឺ​រលាក​ក្រពះ​។

Kalashnikov រៀបការ​ពីរ​ដង លើក​ទី​មួយ​ជាមួយ​នាង Ekaterina Astakhova នៅ Altai Krai ពេល​ដែល​គាត់​នៅ​ធ្វើ​ការ​ជា​ជាង​ម៉ាស៊ីន​។ លើក​ទី​ពីរ​ជា​មួយ នាង Ekaterina Moiseyeva ។ នាង​ជា​វិស្វករ​គូរ​ប្លង់​ម្នាក់​នៅ ការិយាល័យ​វិទ្យាសាស្ត្រ​អភិវឌ្ឍន៍​អាវុធ នៃ​អគ្គសេនាធិការដ្ឋាន​កាំភ្លើង​ធំ។ គាត់​តែង​ជួយ​គូរ​ប្លង់​ឲ្យ​ប្ដី​របស់​គាត់​។

សួរ​ថា​តើ Mikhail Kalashnikov ធ្លាប់​មាន​វិប្បដិសារី​ចំពោះ​ស្នាដៃ​គាត់​ទេ​?

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត Izvestia ដែល​ស្រង់​យក​ខ្លឹមសារ​ក្នុង​លិខិត ដែល Kalashnikov សរសេរ​ទៅ​បព្វជិត​គ្រិស្តសាសនា និ. អ័រតូដុក ឈ្មោះ Cyril គាត់​បាន​បង្ហាញ​ពី​ការ​ឈឺចាប់​ក្នុង​ចិត្ត និង​ចោទ​សំណួរ​ថា តើ​គាត់​ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​ការ​ស្លាប់​ដោយសារ​អាវុធ​ដែល​គាត់​បាន​បង្កើត ឬ​ទេ​?

បព្វជិត Cyril បាន​តប​ទៅ​គាត់​វិញ​តាម​សំបុត្រ ដោយ​ថ្លែង​អំណរគុណ​ផង​ថា គឺ​ជា​គំរូ​នៃ​អ្នក​ស្នេហា​ជាតិ និង​ទង្វើ​ដ៏​ត្រឹមត្រូវ​ចំពោះ​ប្រទេស​ជាតិ។

សូមទស្សនា វីដេអូ

ប្រភព​ដកស្រង់ពី៖

  • Gun inventor, 'happy man' Kalashnikov turns 90 - By Alexander Osipovich (AFP) - Nov 10, 2009

  • Kalashnikov, near 90, laments "criminal" uses of rifle By Dmitry Solovyov 2009

  • Bolotin, D.N. (1995). Soviet Small-Arms and Ammunition. Finnish Arms Museum Foundation. pp. 69–70 By en.wikipedia.org

  • Kalashnikov, Mikhail (June 1983). "How and Why I Produced My Submachine Gun". Sputnik: A Digest of the Soviet Press. Moscow: Novosti Press Agency: 70–75 By en.wikipedia.org

  • AFP - http://www.kalashnikov.name/index/0-15

  • Wall Treet Journal - Designer of the Popular Kalashnikov Rifle Dies by Lukas I. Alpert and Stephen Miller Updated Dec. 23, 2013 4:48 pm ET

អត្ថបទ៖ ឈិន ធារ៉ាត់