Neville៖ Man Utd នឹង​មិន​ពឹង​លើ De Gea យូរ​ទៀត​ឡើយ

  • 2020-06-23 07:59:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​បង្វឹក​សញ្ជាតិ​អង់គ្លេស Gary Neville បាន​លើក​ឡើង​​ក្នុង Gary Neville Podcast ​ក្នុង​នាម​ជា​អ្នកជំនាញ​វិភាគ​ផ្នែក​កីឡា ​របស់ Sky Sport កាល​ពី​ថ្មីៗ​​នេះ​ថា ​ក្រុម​បិសាច​ក្រហម នឹង​មិន​ពឹង​ផ្អែក​លើ David De Gea ទៀត​ទេ ក្រោយ​គេ​បង្ក​កំហុស​មួយ​ទៀត អំឡុង​ពេល United ១-១ ជាមួយ Tottenham កាល​ពី​យប់​ថ្ងៃ​សុក្រ។

អ្នកចាំទី David De Gea

កំហុស​ត្រង់​នេះ គឺ De Gea បាន​ឱ្យ Steven Bergwijn កីឡាករ Spurs ដែល​ចូល​​ក្នុង​តំបន់​គ្រោះថ្នាក់​ស៊ុត​ត្រូវ​ដៃ​ប្លាត​ចូល​ទី ធ្វើឱ្យ​ក្រុម​មាន់​ខ្នាយ​មាស​នាំ​មុខ​មុន​ ១-០​ នៅ​នាទី២៧។

​អតីត​ខ្សែ​ការពារ United រូប​នេះ​បន្ត​ថា ៖«គាត់​ជា​កីឡាករ​ម្នាក់ ដែល Unted គួរ​ទុក​ចិត្ត​បាន​ក្នុង​រយៈ​៤​ឆ្នាំ​ចុងក្រោយ​នេះ ប៉ុន្តែ​គាត់​មិន​ដូច​ពី​មុន​ទេ»។

អតីត​គ្រូ​បង្វឹក​​ក្លឹប Valencia បាន​បន្ថែម កំហុស​កាល​ពី​​យប់​ថ្ងៃ​សុក្រ មិន​មែន​​កំហុស​លើកទីមួយទេ ពោល​គឺ ​De Gea បាន​បង្ក​កំហុស​​ច្រើន ហើយ​លោក​ Neville បាន​បង្ហាញ​ក្ដី​​ព្រួយ​បារម្ភ​អំពី​ទម្រង់​លេង​របស់​អ្នកចាំទី​សញ្ជាតិ​អេស្ប៉ាញ​​​រូប​នេះ។ កីឡាករ​វ័យ​២៩​ឆ្នាំ បាន​រង​ការ​ប៉ះពាល់​​ក្នុង​ប្រទេស​អេស្ប៉ាញ។ គេ​ត្រូវ​បាន​អ្នកគាំទ្រ​ធ្វើ​បាប ពេល​គេ​ពាក់​អាវ​ជម្រើស​ជាតិ​អេស្ប៉ាញ។

Neville ពន្យល់៖ «ក្នុង​ព្រឹត្តិការណ៍ World Cup ឆ្នាំ​២០១៨ គាត់​ពិត​ជា​តស៊ូ​ខ្លាំង​ណាស់ ហើយ​ចាប់​ពី​ពេល​នោះ​មក គាត់​ចាប់​ផ្ដើម​​មិន​ច្បាស់​លើ​ខ្លួន​ឯង។ ផ្លូវ​ចិត្ត​របស់​គាត់​ ក៏​មិន​ដូច​មុន​ដែរ»។

អ្នកចាំទី Dean Henderson

បើ​តាម​ការ​ចុះផ្សាយ​របស់ BBC អ្នកចាំទី Dean Henderson ​របស់ Manchester United មួយរូបទៀត ដែល​បច្ចុប្បន្ន​កំពុង​លេង​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​នៅ Sheffield United នឹង​បន្ត​កិច្ច​សន្យា​ថ្មី​នៅ​ទឹកដី Old Trafford បើ​សិន​គេ​ត្រូវ​បាន​ធានា​ឱ្យ​ជាប់​ជម្រើស​ទីដៃទីមួយ។ បច្ចុប្បន្នក្លឹប Chelsea និង Tottenham កំពុង​ចាប់​អារម្មណ៍​កីឡាករ​អង់គ្លេស​វ័យ​ ២៣​ឆ្នាំរូបនេះ៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ