ឡូយ​ស្វាមី កាតុ ត្រូវ​បាន​តែង​តាំង​ជា​ថ្នាក់​ដឹកនាំ​ផលិតកម្ម​មួយ

  • 2020-07-02 08:27:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក គង់ សុគន្ធា ហៅ "ខ្យង" ត្រូវ​ជា​ស្វាមី​របស់​អ្នក​នាង សុខ ច័ន្ទធីតា ហៅ​កាតុ បាន​ជួប​លាភ​ធំ​ដោយ​លោក​ត្រូវ​បាន​តែង​តាំង​ជា​នាយក​គ្រប់​គ្រង​ផលិតកម្ម​ក្នុង​ស្រុក​មួយ។ នេះ​បើ​តាម​ការ​បញ្ចេញ​ឲ្យ​ដឹង​របស់​សាមី​ខ្លួន​កាល​ពី​ម្សិលមិញ។

លោក ខ្យង ជំនាញ​ខាង​វាយ​ស្គរ ត្រូវ​បាន​តែង​តាំង​តាម​រយៈ​លិខិត​ប្រកាស​ប្រើ​ក្នុង​ក្រុមហ៊ុន Town Group ចុះ​លេខ ថអគ/ចត ០៥១/២០ ចុះ​ហត្ថលេខា​ដោយ​លោក​ស្រី ជួប មាន អគ្គនាយិកា ក្រុមហ៊ុន Town Entertainment Group Co.,LTD កាល​ពី​ថ្ងៃ​ទី​១ កក្កដា ម្សិលមិញ​នេះ។

តាម​រយៈ​លិខិត​ផ្ទៃ​ក្នុង​នេះ ស្វាមី​របស់​តារា​ប្រជាប្រិយ ត្រូវ​បាន​ចាត់​តាំង​ជា​នាយក​គ្រប់​គ្រង​ផលិតកម្ម Top Music ដែល​ជា​បុត្រ​សម្ព័ន្ធ​របស់ ថោន គ្រុប ដែល​ប្រកាស​នេះ មាន​សុពលភាព​ចាប់​ពី​ថ្ងៃ​អគ្គ​នាយិកា បាន​ចុះហត្ថលេខា​ត​ទៅ។ លិខិត​ដដែល បង្គាប់​ឲ្យ​បុគ្គលិក​គ្រប់​ជាន់​ថ្នាក់​នៃ​ក្រុមហ៊ុន ថោន គ្រុប ចូល​រួម​សហការ និង​គាំទ្រ​ដល់​លោក ខ្យង ដែល​ថ្នាក់​ដឹកនាំ Top Music ថ្មី ដើម្បី​ធានា​ដល់​ភាព​រីកចម្រើន​ដល់​ក្រុមហ៊ុន​ទាំង​មូល។

លោក គង់ សុគន្ធា ហៅ ខ្យង បច្ចុប្បន្ន​ជា Producer នៅ​ស្ថានីយ​ទូរទស្សន៍​ថោន ស្រាប់។ ជាមួយ​នឹង​ការ​តែង​តាំង​តាម​លិខិត​ផ្ទៃ​ក្នុង​ខាង​លើ លោក​នឹង​ត្រូវ​ទទួល​ភារកិច្ច​បន្ថែម​ដឹកនាំ​ផលិតកម្ម Top Music ពី​លើ​ការ​ទទួល​ខុស​ត្រូវ​របស់​លោក​នា​ពេល​បច្ចុប្បន្ន។ ទទួល​បាន​ការ​ជឿជាក់ និង​មាន​សេចក្ដី​ទុក​ចិត្ត​ពី​ថ្នាក់ដឹកនាំ​ក្រុមហ៊ុនលោក ខ្យង បាន​បង្ហាញ​ពី​ភាព​រីករាយ និង​ថ្លែង​អំណរគុណ​ទៅ​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន។

លោក ថ្លែង​ថា "ខ្ញុំ​សូម​អគុណ អគ្គ​នាយិកា ក្រុមហ៊ុន​ថោន​អេនធើធេនម៉ិន​គ្រុប និង​បង​ៗ​ក្រុម​ការងារ​ទាំង​អស់ ដែល​បាន​ផ្តល់​ឱកាស​ដល់​ខ្ញុំ ក្លាយ​ជា GM នៅ​ផលិតកម្ម TOP MUSIC បន្ថែម​មុខងារ​រាល់​ថ្ងៃ"។ សារ​នេះ ត្រូវ​បាន​ប្រិយមិត្ត ក៏​ដូច​ជា​មិត្តភ័ក្ដិ​របស់​លោក​បាន​ចូល​មក​អបអរសាទរ​យ៉ាង​ច្រើន។

ផលិតកម្មTop Music ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ជាង ១​ឆ្នាំមុន មក​ទល់​បច្ចុប្បន្ន​ផលិតកម្ម​មាន​តារា​ចម្រៀង​មួយ​ក្រុម​ដាច់​ដោយ​ឡែក​ពី​ផលិតកម្ម ថោន ចំនួន ៧នាក់ ក្នុង​នោះ​មាន លោក ឈឹម សក្កដា កញ្ញា ទៀ សុផានី កញ្ញា ចែម ស្រីល័ក្ខ លោក កែវ លីបែង្គ កញ្ញា រាជ ប្រាថ្នា កញ្ញា រតនៈ ពិសី និង​កញ្ញា ណារីតា។ ចំនួន​នេះ លោក គង់ សុគន្ធា ហៅ ខ្យង បញ្ជាក់​ថា មិន​ទាន់​គ្រប់​គ្រាន់​ក្នុង​ការ​ប្រជែង​ទីផ្សារ​នៅ​ឡើយ។

ឆ្លើយ​តប​តាម​សារ​អេឡិចត្រូនិក​ជាមួយ sabay លោក ខ្យង បញ្ជាក់​ថា លោក​នឹង​រើស​បន្ថែម​តារា​ចម្រៀង​ទៀត បូក​រួម​នឹង​យុទ្ធសាស្ត្រ​មួយ​ចំនួន​ទៀត​ដើម្បី នាំ Top Music ចូល​ទៅ​ទីផ្សារ និង​ធ្វើ​អោយ​ប្រិយមិត្ត​បាន​ស្គាល់​កាន់​តែ​ច្រើន៕

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម