សរុបរឿងរ៉ាវចម្រូងចម្រាសផ្អើលពេញ K-Pop ចេញពីវិវាទរវាងសមាជិកក្រុម AOA
- 2020-07-06 05:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សរុបរឿងរ៉ាវចម្រូងចម្រាសផ្អើលពេញ K-Pop ចេញពីវិវាទរវាងសមាជិកក្រុម AOA
ចន្លោះមិនឃើញ
Mina អតីតសមាជិកក្រុម AOA បានធ្វើឲ្យពិភព K-Pop មានការភ្ញាក់ផ្អើលស្ទើរមិនគួរឲ្យជឿ ពេលបង្ហើបជាសាធារណៈថានាងត្រូវសមាជិករួមក្រុមមើលងាយ ធ្វើបាប ហើយក្រោយមកទើបគ្រប់គ្នាដឹងថាម្នាក់នោះគឺ Jimin។ ចំណែក Jimin ក្រោយមកក៏បានទទួលកំហុស និងសម្រេចចាកចេញពីក្រុម និងពិភពសិល្បៈទាំងមូលតែម្ដង។
រឿងនេះបានកើតឡើងដំបូងកាលពីថ្ងៃទី ០៣ ខែកក្កដា ពេលអតីតសមាជិកក្រុម AOA គឺ Mina បើកកាយរឿងឈឺចាប់រយៈពេលជាង ១០ឆ្នាំមកនេះ ដែលនាងត្រូវទទួល រហូតដល់នាងសម្រេចចេញពីក្រុមទាំងបង្ខំចិត្ត។
ពេល Mina ទម្លាយរឿងទាំងអស់នោះ Jimin ហាក់ដូចជាមិនអើពើ និងមិនចង់ទទួលស្គាល់ថាវាជាការពិត ដោយថែមទាំងសរសេរបង្ហោះលើ Instagram Story ថា «Fiction (រឿងប្រឌិត)» ថែមទៀតផង។ ឃើញភ្លាម Mina ឯណេះស្រាប់តែបន្តទម្លាយរឿងផ្សេងៗ ជាមួយនឹងភស្តុតាង ថានាងត្រូវគេគំរាម និងអ្វីដែល Jimin ធ្លាប់ធ្វើដាក់នាងទៀត។ ប៉ុន្តែក្រោយមក Mina ក៏បានបញ្ជាក់ដែរថា Jimin ក៏បានសុំទោសដោយផ្ទាល់នូវរាល់ទង្វើដែលធ្វើដាក់កន្លងមក។
មិនទាន់ចប់ទេ Mina ក៏បានសរសេរបង្ហោះលើ Instagram របស់ខ្លួនថា៖ «ខ្ញុំទទួលយកការសុំទោស ខ្ញូំពិតជាបានឮពាក្យនេះចេញពីមាត់គាត់...ប៉ុន្តែ...ខ្ញុំមិនដឹងថាត្រូវនិយាយអ្វីទេ។ និយាយតាមត្រង់ខ្ញុំមិនគិតថាគាត់ត្រៀមចិត្តរួចរាល់មកសុំទោសខ្ញុំទេ។ វាជារឿងពិបាកយល់ ឬប្រហែលជាខ្ញុំខឹងបង Jimin ពេក។ គាត់អាចនឹងសុំទោសចេញពីចិត្ត ដូច្នេះខ្ញុំពិតជាមិនអាចស្មានពីអារម្មណ៍គាត់ទេ។ មួយទៀតដោយសារពេលនេះ ខ្ញុំបានបង្ហាញរឿងដែលជួបប្រទះកន្លងមក... ខ្ញុំនឹងធ្វើចិត្តឲ្យស្ងប់ និងដាក់ចិត្តដាក់កាយធ្វើខ្លួនឲ្យល្អប្រសើរ អំឡុងពេលព្យាបាលផ្លូវចិត្តពេលនេះ។ ខ្ញុំនឹងមិនឲ្យមានរឿងរញ៉េរញ៉ៃបែបនេះកើតឡើងតទៀតទេ ខ្ញុំក៏សូមអភ័យទោស...ខ្ញុំនឹងប្រឹងប្រែងរើបម្រះចេញពីស្ថានភាពបែបនេះឲ្យបាន»។
ស្របពេលជាមួយគ្នានោះខាងផលិតកម្មថ្មីរបស់ Mina គឺ Woori Actors ក៏បានផ្ដល់ព័ត៌មានដែរថា ពេលនេះនាងមិនមានបញ្ហាអ្វីនោះទេ ហើយនាងក៏កំពុងសម្រាកព្យាបាលផ្លូវអារម្មណ៍ ដើម្បីឲ្យមានភាពប្រសើរឡើងវិញ។ មនុស្សជាច្រើនបានផ្ដល់កម្លាំងចិត្តដល់នាង ដូច្នេះវានឹងក្លាយជាថ្នាំជួយឲ្យនាងជំនះពេលវេលាលំបាកមួយនេះបាន។ ផលិតកម្មក៏ធានាទៅកាន់អ្នកគាំទ្រពីសុវត្ថិភាពរបស់ Mina ហើយបញ្ជាក់ថានឹងខំអស់ពីសមត្ថភាព ជួយតារាពួកគេឲ្យមានភាពធូរស្បើយ ត្រឡប់មកសភាពដើមវិញឲ្យបាន។
ងាកទៅខាង ផលិតកម្មរបស់ AOA គឺ FNC Entertainment ឯណោះវិញ ក៏បានចេញសេចក្ដីប្រកាសដែរថា Jimin បានសម្រេចចាកចេញពីក្រុម និងវិស័យសិល្បៈទាំងមូលហើយ។ ជាមួយគ្នានោះផលិតកម្មក៏បានសុំទោសដែលមានរឿងបែបនេះកើតឡើង ហើយក៏នឹងប្រឹងប្រែងគ្រប់គ្រងមើលថែតារាៗឲ្យបានល្អជាងនេះនៅពេលខាងមុខ៕