ប្រទះឃើញលិខិតបញ្ជាក់នៃថ្ម iPhone 12 ឃើញទំហំអាចខកចិត្ត

  • 2020-07-14 06:24:55
  • ចំនួនមតិ 22 | ចំនួនចែករំលែក 20

ចន្លោះមិនឃើញ

វិបសាយ​ MySmartPrice បាន​ប្រទះ​ឃើញ​លិខិត​បញ្ជាក់​សម្រាប់​ថ្ម​​ Apple ថ្មី​ចំនួន​បី ដែល​គេ​ជឿជាក់​ថា​សម្រាប់​​ត្រកូល iPhone 12 ស៊េរី​ថ្មី ដែល​ទំហំ​ថ្ម​គឺ​តូច​ជាង​ត្រកូល iPhone 11។

ថ្ម​មាន​ការ​ដាក់​អត្តសញ្ញា​ជា​មួយ​លេខ​ម៉ូដែល A2471, A2431 និង A2466 ដែល​វា​បាន​បង្ហាញ​វត្តមាន​លើ​វិបសាយ​ Safety Korea, វិបសាយ 3C របស់​ចិន និង​អង្គភាព UL Demko របស់​ប្រទេស​ដាណឺម៉ាក​។

គេ​រំពឹង​ថា​ Apple នឹង​ប្រកាស​ចេញ​ស្មាតហ្វូន​ថ្មី​ចំនួន​បួន​ម៉ូដែល ក្នុង​អំឡុង​ចុង​ឆ្នាំ​នេះ រួម​មាន​​​ប្រភេទ​អេក្រង់​​ទំហំ ៥,៤អ៊ីញ​ចំនួន​មួយ ប្រភេទ​អេក្រង់​ទំហំ ៦​,១អ៊ីញ​ចំនួន​ពីរ និង​​ប្រភេទ​អេក្រង់​ទំហំ ៦,៧អ៊ីញ​ចំនួន​មួយ​ទៀត។ MySmartPrice បាន​​ឲ្យ​ដឹង​ថា​​​ថ្ម​ទាំង​បី​ដែល​គេ​ប្រទះ​ឃើញ​នឹង​​ប្រើ​លើ iPhone 12 ដូច​ខាង​ក្រោម ៖

  • iPhone 12 (៥,៤អ៊ីញ) – A2471 ទំហំ ២២២៧ mAh

  • iPhone 12 Max (៦,១អ៊ីញ) – A2431 ទំហំ ២៧៧៥ mAh

  • iPhone 12 Pro (៦,១អ៊ីញ) – A2431 ទំហំ ២៧៧៥ mAh

  • iPhone 12 Pro Max (៦,៧អ៊ីញ) – A2466 ទំហំ ៣៦៨៧ mAh

ប្រៀប​ធៀប​នឹង​ត្រកូល iPhone 11 Pro ចេញ​ឆ្នាំ​មុន ថ្ម​​សម្រាប់ iPhone 12 Pro គឺ​តូច​ជាង​មុន ដែល​​នៅ​លើ iPhone 11 Pro មាន​ទំហំ ៣០៤៦ mAh និង iPhone 11 Pro Max មាន​ទំហំ ៣៩៦៩ mAh៕

ប្រភព៖ macrumors   ប្រែ​សម្រួល៖ សុខហេង