កាមេរ៉ាទូរសព្ទតម្លៃ ៥០០ដុល្លារ ដូចបានបំបាក់មុខទូរសព្ទតម្លៃថ្លៃៗ

  • 2020-07-22 09:23:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

DxOMark ​ដែល​ជា​​ស្ថាប័ន​វាយ​តម្លៃ​លើ​កាមេរ៉ា​​​នៃ​ឧបករណ៍​អេឡិចត្រូនិក បាន​បញ្ចេញ​លទ្ធផល​នៃ​ការ​វាយ​តម្លៃ​ស្មាតហ្វូន Redmi K30 Pro Zoom Edition ជា​ស្មាតហ្វូន​​លំដាប់​ថវិកា​ដែល​មាន​តម្លៃ​​ចាប់​ពី​ប្រមាណ ៥២០ដុល្លារ នៅ​ប្រទេស​ចិន។

ក្រោយ​​ពី​ឆ្លង​កាត់​ការ​ធ្វើ​តេស្ត​ជា​ច្រើន​ដំណាក់​កាល​ DxOMark បាន​ផ្ដល់​ពិន្ទុ​ ១២៩ពិន្ទុ ​ដល់​ Redmi K30 Pro Zoom Editionសម្រាប់​ការ​ថត​រូប ដែល​គេ​បាន​លើក​សរសើរ​លើ​សមត្ថភាព​ Autofocus, ការ​ថត​រូប​ទូទៅ​ និង​​​គុណភាព​ Bokeh នៃ​រូបភាព​ផង​ដែរ។ យ៉ាងណាក្ដី​ DxOMark ខក​ចិត្ត​នឹង​ការ​ថត​រូបភាព Ultrawide និង​ការ​ថត​រូប​នា​ពេល​យប់​ ដែល​មាន​ចំណុច​ខ្វះ​ខាត​លើ​សាច់​ម៉ត់​រូបភាព និង Dynamic Range។

ចំពោះ​ការ​ថត​វីដេអូ​វិញ ស្មាតហ្វូន​នេះ​ទទួល​បាន​ពិន្ទុ​ចំនួន ១០១ ពិន្ទុ ដោយ​ DxOMark បាន​សរសើរ​លើ​ការ​ទប់​លំនឹង, ការ Render នៃ​ពណ៌, Exposure និង​មាន​សាច់​វីដេអូ​​ច្បាស់​ល្អ។ យ៉ាងណាក្ដី​​ក្នុង​​លក្ខខណ្ឌ​ខ្លះ ស្មាតហ្វូន​នេះ​ធ្វើ​មិន​បាន​ល្អ​លើ Dynamic Range និង​​​ការ Focus ដែល​មិន​មាន​ស្ថិរភាព​ជា​ដើម។

គួរ​ដឹង​ថា​ Redmi K30 Pro Zoom Edition ទទួល​បាន​ពិន្ទុ​សរុប​ ១២០ ពិន្ទុ ដែល​អាច​ឲ្យ​វា​ស្ថិត​នៅ​លំដាប់​លេខ ១០ នៃ​បញ្ជី​ចំណាត់​ថ្នាក់​របស់ DxOMark ដែល​នៅ​ពី​លើ​ស្មាតហ្វូន​កំពូលៗ​ដទៃ​ដូច​ជា OnePlus 8 Pro, Galaxy S20+, iPhone 11 Pro Max និង Galaxy Note10+ 5G ជា​ដើម៕​

ប្រភព៖ Androidauthority   ប្រែ​សម្រួល៖ សុខហេង