ញៀនទូរសព្ទពេក សាក​​ថ្នាំនេះទៅអាច​ដឹង​លទ្ធផល​ភ្លាមៗ

  • 2020-07-27 06:20:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ដង​ផ្លូវ កន្លែង​អង្គុយ​លេង​តាម​សួនច្បារ ហាង​កាហ្វេ ពេល​ទទួល​ទាន​អាហារ​ជុំ​គ្នា ពេល​រៀន ​ឃើញ​​ងោក​ចុះ​ក្រោម​អូស​ចុះ​ឡើង​ៗ​លើ​ទូរសព្ទ សឹង​គ្រប់​ដៃ​។ មក​ដល់​ផ្ទះ ហើយ​ឆ្លៀត​បន្ត​សកម្មភាព​ទៀត សូម្បី​តែ​លើ​គ្រែ​គេង ដូច​ពាក្យ​គេ​និយាយ​លេង មិន​ញៀន​ទេ គ្រាន់​តែ​អត់មិនបាន។ 

ទូរសព្ទ ជា​ឧបករណ៍​ប្រើ​ទាញ​ប្រយោជន៍​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​ថ្មីៗ ឬ​សម្រេច​ការងារ​មួយ​ចំនួន។ តែ​បើ​ចំណាយ​ពេល​លើ​វា​ច្រើន​ពេក អាច​រំខាន​សេចក្តីសុខ​និង​ប៉ះពាល់ដល់សុខភាព​ទៅវិញ។

មនុស្ស​ជា​ច្រើន​ ចង់​ចំណាយ​ពេល​តិច​បំផុត​លើ​ស្មាតហ្វូន​ តែ​មិន​ទាន់​ច្បាស់​លាស់តើ​ត្រូវ​គ្រប់គ្រង​​​យ៉ាង​ម៉េច​ដើម្បី​កែប្រែ​ទម្លាប់​នេះ​បាន។

ដឹង​រយៈពេល​អ្នក​ចំណាយ​លើ​ទូរសព្ទ​

អ្នក​អាច​ដំឡើង​កម្មវិធី​ដូចជា​ Moment ឬ​ OFFTIME ដែល​នឹង​ប្រមូល​ទិន្នន័យ​ការ​​ចំណាយ​ក្នុង​មួយ​ថ្ងៃ​​លើ​ទូរសព្ទ​។ ព័ត៌មាន​ទាំង​នេះ​ អាច​ជួយ​ជា​យោបល់​ តាមដាន​​ និង​ឈាន​ដល់​ការ​កាត់​បន្ថយ​​ទម្លាប់ការ​ប្រើប្រាស់ទូរសព្ទ​របស់អ្នក។

កំណត់​អ្វី​អ្នក​ចង់​ធ្វើ​ ពេល​ទំនេរ​

ផ្ដោត​លើ​សកម្មភាព​ចង់​ធ្វើ​ ឧទាហរណ៍​ បើ​ចង់​អាន​សៀវភៅ​ ដាក់​សៀវភៅ​លើ​តុ​ ក្បែរ​ខ្លួន​ ងាយ​យក​មក​មើល​។ បើ​ចង់​ហាត់​លេង​ភ្លេង​ យក​ឧបករណ៍​ចេញ​ក្រៅ​ដាក់​លើ​ធ្នើរ​ កន្លែង​ទូលាយ​ ងាយស្រួល​រក​ ចាប់​កាន់​មក​លេង​។ បើ​ចង់​ចំណាយ​ពេល​ច្រើន​ជាមួយ​ក្រុម​គ្រួសារ​ ឬ​មិត្តភក្ដិ​ ធ្វើ​ចុះ​ ហើយ​ដាក់​ទូរសព្ទ​ ក្នុង​ហោប៉ៅ​ ឬ​កាបូប​ កំឡុង​ពេល​ជួប​ជុំ​។

ប្រើ​កម្មវិធី​ជំនួយ​

កម្មវិធី​ដូចជា​ Freedom (iOS), OFFTIME និង​ Flipd ក៏ជា Tool ដ៏​ល្អ ធ្វើ​ឲ្យ​អ្នកកាត់​បន្ថយ​ការ​នឹកនា​នៅពេល​ចង់​ប្រើ​ទូរសព្ទ។

រំលឹក​ខ្លួន​ឯង​

មិន​តិច​ដង​ទេ​ កាន់​ទូរសព្ទ​ប្រើ​ ភ្លេច​ៗ​ខ្លួន​កន្លះ​ម៉ោង​បាត់​។​ គួរ​មាន​អ្វី​មួយ​ជា​ឧបសគ្គ​ ដូចជា​សម្បក​គ្រប​ជិត​ ដែល​តម្រូវ​ឲ្យ​អ្នក​ដោះ​ចេញ​ ដើម្បី​ចូល​ប្រើប្រាស់​ ឬ​កំណត់​រូបភាព​លើ​ Lock screen ជាមួយ​សារ​រំលឹក​ខ្លួន​ឯង​ជា​សំនួរ​ ដូចជា​បើក​ធ្វើ​អ្វី​? ហេតុអ្វី​បាន​បើក​ពេល​នេះ​?

លុប​កម្មវិធី​បណ្ដាញ​សង្គម​

គ្មាន​អ្វី​ចំណាយ​ពេលវេលា​អ្នក​ច្រើន​ជាង​ កម្មវិធី​បណ្ដាញ​សង្គម​នោះ​ឡើយ​។ នេះ​មិន​ចម្លែក​នោះ​ទេ​ ព្រោះ​កម្មវិធី​ទាំងនេះ​រចនា​ឡើង​ ឲ្យ​អ្នក​ចំណាយ​ពេល​ច្រើន​បំផុត​លើ​កម្មវិធី​។

គ្រប់​ពេល​ ចំណាយ​លើ​បណ្ដាញ​សង្គម​ មាន​ឱកាស​ច្រើន​ក្រុមហ៊ុន​បង្ហាញ​ពាណិជ្ជកម្ម​ ផ្អែក​លើ​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​អ្នក​។ យើង​មិនមែន​ជា​អតិថិជន​របស់​កម្មវិធី​បណ្ដាញ​សង្គម​ទេ​ តែ​អ្នក​ផ្សាយ​ពាណិជ្ជកម្ម​ទៅ​វិញ​ទេ​។

មិន​ឃាត់​ទេ​ អាច​ប្រើ​បណ្ដាញ​សង្គម​បាន​ តែ​គោលបំណង​ចំណាយ​ពេល​តិច​លើ​ទូរសព្ទ​ ដូច​នេះ​គួរ​ប្រើ​បណ្ដាញ​សង្គម​ត្រឹម​លើ​កុំព្យូទ័រ​ជំនួស​វិញ​។

ឆ្លើយ​តប​សារ​ដោយ​ស្វ័យប្រវត្តិ​

មនុស្ស​ជា​ច្រើន​ ស្ទាក់ស្ទើរ​ឃ្លាត​ឆ្ងាយ​ពី​ទូរសព្ទ​ ដោយសារ​ត្រូវ​ចំណាយ​ពេល​ឆ្លើយ​តប​សារ​។ អាច​កំណត់​ផ្ញើ​សារ​ដោយ​ស្វ័យប្រវត្តិ​ ប្រាប់​អ្នក​ដទៃ​ ខ្លួន​រវល់​ និង​ឆ្លើយតប​ពេល​ក្រោយ​។

ចាប់​ពី​ iOS 11 ក្រុមហ៊ុន​ Apple ផ្ដល់​មុខងារ​ Do Not Disturb While Driving អាច​ប្រើ​ពេល​បើកបរ​បាន​។ Android ក៏​មាន​កម្មវិធី​ អាច​ប្រើ​បាន​ដូចជា​ LilSpace ឬ​ SMS Auto-Reply Text Message។

រៀបចំ​អ្វី​អាច​ធ្វើ​បាន​

  • រៀបចំ​កន្លែង​សាក​ថ្ម​ កុំ​ឲ្យ​នៅ​ជិត​គ្រែ​គេង​។
  • បិទ​រាល់​ Notifications លើកលែង​តែ​ ការ​ហៅ​ទូរសព្ទ​ សារ និង​ប្រតិទិន​ អាច​បើក​វិញ​ម្ដង​មួយ​ៗ ពេល​ក្រោយ​បាន​។
  • រចនា​ Home Screen ដោយ​បង្ហាញ​ត្រឹម​កម្មវិធី​សំខាន់​ៗ
  • ប្រើ​នាឡិកា​ ឬ​នាឡិកា​រោទ៍​ ជៀស​ជាង​ទូរសព្ទ​
  • បិទ​ទូរសព្ទ​ ឬ​ដាក់​ Silent ពេល​ទទួល​ទាន​អាហារ​រួមគ្នា​។

ទន្ទេញ​ឲ្យ​ចាំ​គោលបំណង​

ចង់​ចំណាយ​ពេល​តិច​លើ​ទូរសព្ទ​ តែ​មិន​ផ្លាស់ប្ដូរ​ទម្លាប់​ ដូច​ចង់​សម្រក​ទម្ងន់​ តែ​មិន​ព្រម​តម​ចំណី​អាហារ​ មិន​ធ្វើ​លំហាត់​ប្រាណ​ លទ្ធផល​មិន​បាច់​ឆ្ងល់​ទេ​ ដដែលៗ។ រំលឹក​ និង​គិត​ពី​ចំណុច​វិជ្ជមាន​ ពី​ការ​ចំណេញ​ពេលវេលា​ បន្ទាប់​ពី​កាត់បន្ថយ​កម្រិត​ប្រើប្រាស់​ទូរសព្ទ​ប្រចាំថ្ងៃ​៕

ប្រភព៖ Time   ប្រែសម្រួល៖ ប៊ុនធឿន