ចេញតម្លៃ Galaxy Note20 នៅអឺរ៉ុប ថោកបំផុតចាប់ពី ៩៩៩អឺរ៉ូ

  • 2020-07-28 03:03:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចែក​រំលែក​ដំណឹង​លេច​ធ្លាយ Ishan Agarwal ​បាន​សហការ​ជា​មួយ MySmartPrice ​បង្ហាញ​ចេញ​នូវ​តម្លៃ Galaxy Note20 និង Note20 Ultra ​​លក់​នៅ​លើ​ទីផ្សារ​អឺរ៉ុប ដែល​មាន​ដំណើរ​ការ​ដោយ​បន្ទះ​ឈីប Exynos 990។

Note20

Galaxy Note20 4G នឹង​មាន​ដាក់​លក់​ក្នុង​តម្លៃ ៩៩៩​អឺរ៉ូ (ប្រមាណ ១១៧៤​ដុល្លារ) ជា​មួយ​ទំហំ ២៥៦GB ចំណែក​ Galaxy Note20 5G វិញ​គឺ​មាន​តម្លៃ ១០៩៩​អឺរ៉ូ (ប្រមាណ ១២៩១​ដុល្លារ) ជា​មួយ​ទំហំ ២៥៦GB ដូច​គ្នា។ ចំពោះ​ប្រភេទ ៥១២GB គឺ​មិន​មាន​នោះ​ទេ។

Note20 Ultra

ចូល​ដល់ Galaxy Note20 Ultra វិញ នឹង​មាន​តែ​ប្រភេទ 5G សុទ្ធ ដោយ​មាន​តម្លៃ ១៣៤៩​​អឺរ៉ូ (ប្រមាណ ១៥៨៥​ដុល្លារ) សម្រាប់​ទំហំ ២៥៦GB។ ប៉ុន្តែ​បើ​ចង់​បាន​ទំហំ ៥១២GB នឹង​ត្រូវ​ចំណាយ​ ១៤៤៩​អឺរ៉ូ (ប្រមាណ ១៧០៣​ដុល្លារ)។ គេ​ចាប់​អារម្មណ៍​ថា​តម្លៃ Note20 Ultra ទំហំ ២៥៦GB ដូច​គ្នា​នឹង S20 Ultra ទំហំ ១២៨GB ប៉ុន្តែ​ថ្លៃ​ជាង Note10+ ទំហំ ២៥៦GB រហូត​ដល់ ២០០​អឺរ៉ូ។

ជា​មួយ​តម្លៃ​សម្រាប់​ទីផ្សារ​អឺរ៉ុប​នេះ គេ​អាច​ប៉ាន់​ស្មាន​ដឹង​អំពី​តម្លៃ​លក់​នៅ​សហរដ្ឋអាមេរិក ព្រោះ​ថា​ Samsung ឧស្សាហ៍​ប្រើ​ប្រាស់​វិធី​សាស្ត្រ​ជំនួស​សញ្ញា​អឺរ៉ូ ជា​មួយ​សញ្ញា​ដុល្លារ និង​ពេល​ខ្លះ​បន្ថែម ៥០​ដុល្លារ​ពី​លើ​ជា​ដើម។ ប្រសិន​បើ​មិន​ប្ដូរ​យុទ្ធសាស្ត្រ​ទេ​នោះ Note20 នៅ​អាមេរិក​​អាច​នឹង​មាន​តម្លៃ ៩៩៩​ដុល្លារ ឬ ១០៤៩​ដុល្លារ ចំណែក​ឯ​ Note20 Ultra នឹង​មាន​តម្លៃ ​១៣៤៩​ដុល្លារ ឬ ១៣៩៩​ដុល្លារ ប៉ុន្តែ​វា​ទាំង​ពីរ​នឹង​ប្រើ​ប្រាស់​ឈីប Snapdragon 865+ ខុស​ពី​នៅ​អឺរ៉ុប។

ប្រភព​ខាង​លើ​បាន​ឲ្យ​ដឹង​ដែរ​ថា​ Galaxy Buds Live ដែល​ជា​កាស​ស្ដាប់​ឥត​ខ្សែ​ថ្មី​ Samsung ត្រៀម​ប្រកាស​ចេញ​ជា​មួយ Galaxy Note20 នឹង​មាន​ដាក់​លក់​តម្លៃ ១៨៩​អឺរ៉ូ (ប្រមាណ ២២២​ដុល្លារ) នៅ​អឺរ៉ុប៕​​

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម