ពីអ្នកបើកត្រាក់ទ័រ ទៅជាម្ចាស់អាណាចក្រផលិតកម្មតម្លៃ ១,៦ពាន់លានដុល្លារ៖ ដំណើរជីវិតរបស់ម្ចាស់ក្សត្រី «កង់រថយន្ត» របស់ចិន លោកស្រី Chen Ailian

  • 2026-06-29 07:51:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោកស្រី Chen Ailian ដែលត្រូវបានគេដាក់រហស្សនាមថាជា ម្ចាស់ក្សត្រី «កង់រថយន្ត» (Wheel Queen) របស់ប្រទេសចិន កំពុងក្លាយជាគំរូដ៏ជោគជ័យមួយជាមួយនឹងទ្រព្យសម្បត្តិសរុបប្រមាណ ១១ពាន់លានយ័ន ឬស្មើនឹង ១,៦ពាន់លានដុល្លារអាមេរិក។ ពីអតីតអ្នកបើកត្រាក់ទ័រម្នាក់កាលពីជាង ៤ទសវត្សរ៍មុន លោកស្រីបានតស៊ូជំនះរាល់ឧបសគ្គ រហូតក្លាយជាស្ថាបនិក និងថ្នាក់ដឹកនាំក្រុមហ៊ុន Wanfeng Auto Holding Group ដែលជាអាណាចក្រផលិតកម្មដ៏ធំមួយនៅលើពិភពលោក។

ការជម្នះការរើសអើងយេនឌ័រក្នុងវ័យក្មេង

លោកស្រី Chen បច្ចុប្បន្នមានអាយុ ៦៨ឆ្នាំ កើតនៅស្រុក Xinchang ខេត្តខាងកើត Zhejiang។ ដោយសារបញ្ហានយោបាយកាលពីយុវវ័យ លោកស្រីរៀនបានត្រឹមថ្នាក់អនុវិទ្យាល័យប៉ុណ្ណោះ។ នៅក្នុងទសវត្សរ៍ឆ្នាំ១៩៧០ នៅពេលដែលរដ្ឋាភិបាលបានបញ្ជូនត្រាក់ទ័រមួយគ្រឿងមកឲ្យស្រុកកំណើតរបស់លោកស្រី លោកស្រីបានដាក់ពាក្យធ្វើជាអ្នកបើកត្រាក់ទ័រនោះ។

ដំបូងឡើយ មន្ត្រីរដ្ឋាភិបាលបានបដិសេធ ដោយសារតែការរើសអើងយេនឌ័រ ប៉ុន្តែតាមរយៈការអង្វរករ និងតស៊ូមិនបោះបង់ លោកស្រីត្រូវបានគេអនុញ្ញាតឲ្យចូលរៀនវគ្គបើកបរ។ ទីបំផុត លោកស្រីបានបញ្ចេញសមត្ថភាពលេចធ្លោជាងសិស្សប្រុសៗ រហូតទទួលបានការងារនេះ។

ដើមទុន ៧៤ ០០០ដុល្លារ ឆ្ពោះទៅកាន់អាណាចក្រពាន់លាន

ក្រោយមក លោកស្រីត្រូវបានអាជ្ញាធរចាត់តាំងឲ្យធ្វើការនៅរោងចក្រវាយនភណ្ឌមួយ មុននឹងឡើងជាអ្នកគ្រប់គ្រងក្រុមហ៊ុនផលិតលោហៈអាលុយមីញ៉ូម។ នៅឆ្នាំ១៩៩៤ លោកស្រីបានសម្រេចចិត្តខ្ចីប្រាក់ពីធនាគារចំនួន ៥០ម៉ឺនយ័ន (ប្រមាណ ៧៤ ០០០ដុល្លារ) ដើម្បីបង្កើតក្រុមហ៊ុនផលិតកង់រថយន្ត Wanfeng Aluminum Wheel ផ្ទាល់ខ្លួន ដោយផ្ដោតលើទីផ្សារកម្រិតមធ្យមទៅខ្ពស់។

លោកស្រីតែងពោលទៅកាន់បុគ្គលិកថា៖ "បើសិនជាក្រុមហ៊ុនផលិតផលិតផលអន់គុណភាព វាគឺជាការខ្ជះខ្ជាយធនធានសាធារណៈ និងជាបទឧក្រិដ្ឋប្រឆាំងនឹងសង្គម"។ ជាមួយនឹងការសង្កត់ធ្ងន់លើគុណភាព ក្រុមហ៊ុនបានក្លាយជាអ្នកនាំមុខគេក្នុងឧស្សាហកម្មកង់ម៉ូតូ។

នៅឆ្នាំ២០០០ ក្រុមហ៊ុនបានងាកមកផ្តោតលើការផលិតយ៉ាន់កង់រថយន្តវិញ ស្របពេលដែលលោកស្រីមើលឃើញពីឱកាសនៃការផ្ទុះឡើងនៃវិស័យរថយន្តនៅចិន។ បច្ចុប្បន្ន Wanfeng គឺជាក្រុមហ៊ុនសកលលេខ១ ដែលផលិតផលិតផលពិសេសពីរគឺ៖ យ៉ាន់កង់អាលុយមីញ៉ូម និងយ៉ាន់ម៉ាញេស្យូមទម្ងន់ស្រាល ព្រមទាំងបានពង្រីកខ្លួនទៅជាក្រុមហ៊ុនផលិតយន្តហោះឈានមុខគេ និងក្ដោបក្ដាប់ខ្សែសង្វាក់ផ្គត់ផ្គង់ឧស្សាហកម្មអាកាសចរណ៍ទូទៅយ៉ាងធំទូលាយ។

ថៅកែដែលបុគ្គលិកស្រឡាញ់

លោកស្រីមានគោលការណ៍ដំឡើងប្រាក់ខែបុគ្គលិកយ៉ាងតិច ៨ភាគរយ ជារៀងរាល់ឆ្នាំ។ អ្វីដែលកាន់តែគួរឱ្យកោតសរសើរនោះគឺ កាលពីឆ្នាំ២០១០ លោកស្រីធ្លាប់បានទិញរថយន្ត BMW ចំនួន ១០០គ្រឿង សម្រាប់ចែកជូនជាកាដូដល់បុគ្គលិកឆ្នើមៗ ដើម្បីថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែងរបស់ពួកគេ។ លោកស្រីតែងលើកកម្ពស់វប្បធម៌ការងារ "ធ្វើការដោយសប្បាយចិត្ត រស់នៅដោយរីករាយ"

វិប្បដិសារីក្នុងនាមជាម្ដាយ

លោកស្រីជាប់ចំណាត់ថ្នាក់ទី៩៥ ក្នុងបញ្ជីស្ត្រីមហាសេដ្ឋីដែលបង្កើតទ្រព្យដោយខ្លួនឯង (Hurun Richest Self-Made Women) ប្រចាំឆ្នាំ២០២៦។ ជាមនុស្សដែលម៉ឺងម៉ាត់ចំពោះខ្លួនឯង លោកស្រីតែងតែស្លៀកពាក់ស្អាតបាត មានពណ៌ស្រស់ឆើតឆាយនៅតាមទីសាធារណៈ ដែលលោកស្រីចាត់ទុកថាជាការគោរពដល់អាជីព និងការរក្សាមុខមាត់ក្រុមហ៊ុន។ បន្ថែមពីនេះ ទោះរវល់យ៉ាងណា លោកស្រីដាក់កំហិតខ្លួនឯងឱ្យអានសៀវភៅ ១ម៉ោងជារៀងរាល់យប់។

ទោះជាទទួលបានជោគជ័យដ៏មហិមាយ៉ាងណាក្ដី ម្ចាស់ក្សត្រីកង់រថយន្តរូបនេះបានសារភាពប្រាប់អ្នកសារព័ត៌មានថា៖ "វិប្បដិសារីតែមួយគត់ក្នុងជីវិតរបស់ខ្ញុំ គឺការចំណាយពេលតិចតួចបំផុតជាមួយកូនប្រុសទាំងពីរ កាលពួកគេនៅតូច"។ បច្ចុប្បន្ន កូនប្រុសទាំងពីររបស់លោកស្រី កំពុងបម្រើការជាថ្នាក់ដឹកនាំជាន់ខ្ពស់នៅក្នុងអាណាចក្រអាជីវកម្មមួយនេះ។

អត្ថបទថ្មី