សកម្មភាពអ្នកគាំទ្រជ្រុលនិយមរុញតារា K-Pop ឲ្យធ្លាក់ក្នុងសភាពគ្រោះថ្នាក់
- 2020-07-30 02:08:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សកម្មភាពអ្នកគាំទ្រជ្រុលនិយមរុញតារា K-Pop ឲ្យធ្លាក់ក្នុងសភាពគ្រោះថ្នាក់
ចន្លោះមិនឃើញ
អ្នកគាំទ្រផ្ដូរផ្ដាច់ជាច្រើន ផ្ដល់ក្ដីស្រឡាញ់ដល់ពួកគេ វាជារឿងធម្មតា ប៉ុន្តែក៏នៅមានប្រភេទអ្នកគាំទ្រខ្លះទៀត ដែលគេហៅថា Sasaeng Fans ហ៊ានធ្វើរឿងជ្រុលហួសហេតុបំភ័យដល់តារាដែលពួកគេស្រឡាញ់ យូរៗទៅមិនមែនជាការគាំទ្រទេ វាទៅជារឿងគំរាមកំហែង ធ្វើឲ្យគ្រោះថ្នាក់ទៅវិញ។
សូមមកដឹងបទពិសោធន៍គ្រោះថ្នាក់ដែលតារា K-Pop ជួបប្រទះត្រួសៗទាំង ១២៖
១. Taeyeon (ក្រុម Girls' Generation)
អំឡុងឆ្នាំ ២០១១ ក្នុងកម្មវិធី Angel Price Music Festival បុរសម្នាក់បានរត់ឡើងឆាក អំឡុងពេល Girls Generation កំពុងតែសម្ដែង ដោយបានចាប់ Taeyeon អូសដៃទាញទៅក្រោយឆាក។ ពេលនោះ Sunny បានឃើញភ្លាម ក៏ដេញតាមជួយជាមួយនឹងពិធីករកម្មវិធី ក៏ដូចជាក្រុមការងារផ្សេងៗទៀត។ វាហាក់ដូចជាស្ដែងស្រស់ៗពេក ធ្វើឲ្យអ្នកគាំទ្រផ្សេងទៀតមានការខឹងសម្បារជាខ្លាំង និងស្នើឲ្យមានការការពារឲ្យបានល្អជាងនេះនៅពេលក្រោយ។
២. EXO
នៅពេលមួយ ពេលសមាជិក EXO ប្រគំតន្ត្រីនៅប្រទេសចិន អ្នកគាំទ្រនារីៗមួយចំនួនហ៊ានកោរសក់ចេញ ដើម្បីបន្លំខ្លួនជាប្រុស និងដើរតាមសមាជិកក្រុម ទៅដល់បន្ទប់ទឹក។ អ្វីដែលគួរឲ្យហួសចិត្តពួកគេថែមទាំងបានលួចថតរូប EXO ក្នុងបន្ទប់ទៀត។
៣. BTS
អ្នកគាំទ្រជ្រុលរបស់ BTS ក៏ធ្វើឲ្យសមាជិកក្រុមភ័យច្រើនដងដែរ។ ជួនកាល Fans ទាំងនោះព្យាយាមចាប់ និងទាញ BTS ដើម្បីអាចថតរូបម្ដងៗ។ បើ V វិញ លោកធ្លាប់ត្រូវ Sasaeng Fans រត់ដេញតាមពេលថតកម្មវិធីមួយស្ដែងៗ។ និយាយដល់ពេលជិះយន្តហោះវិញ ពួកគេក៏ហ៊ានទាំងកក់សំបុត្រឲ្យបានជិះរួមជាមួយសមាជិកដែរ។ ក្រៅពីនោះ ព័ត៌មានផ្ទាល់ខ្លួនដូចជា លេខទូរសព្ទ អាសយដ្ឋាន Schedule ការងារ អ្វីផ្សេងទៀតក៏ត្រូវបែកធ្លាយដោយស្នាដៃ Fans ទាំងនោះដែរ។
សកម្មភាពទាំងនេះត្រូវ Big Hit ប្រកាសលើគេហទំព័រផ្លូវការ និងសូមឲ្យបញ្ឈប់ទង្វើដែលបំភ័យ និងអាចបង្កគ្រោះថ្នាក់ដល់ BTS តទៀត។
៤. Jackson (ក្រុម GOT7)
មានពេលមួយនោះរថយន្តដែល Jackson ជិះ ត្រូវបានឡានមួយទៀតដេញតាមពីក្រោយ ដែលគេដឹងថាជាឡានរបស់ Sasaeng Fans។ ដេញតាមរេពេញផ្លូវពេក ក៏បង្កឲ្យកើតជាគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យ Jakcson រងការឈឺចាប់ដែរពេលនោះ ហើយផលិតកម្ម JYP ក៏បានចេញពាក្យប្ដឹងអ្នកបង្កហេតុទាំងនោះឲ្យទទួលទោសតាមផ្លូវច្បាប់។
៥. Nayeon (ក្រុម TWICE)
ករណី Nayeon ជាមួយនឹង Sasaeng Fans តែងនៅជាប្រធានបទក្ដៅគគុក។ ឧទាហរណ៍មានអ្នកគាំទ្រម្នាក់ឈ្មោះ Josh បានហោះពីប្រទេសអាល្លឺម៉ង់ មកកូរ៉េខាងត្បូង ដើម្បីជួបតារាក្នុងដួងចិត្តគឺ Nayeon នេះឯង។
ទំហំនៃការគាំទ្ររបស់លោកពិតជាធំខ្លាំងហួសថ្លែង រហូតដើរសួរជនជាតិកូរ៉េថាស្គាល់ Nayeon ឬក៏អត់? ហើយថែមទាំងទៅដល់ផលិតកម្ម JYP និងសួរគេថា Nayeon នៅក្នុងនោះឬអត់ទៀត។ មិនត្រឹមតែប៉ុណ្ណោះ លោកថែមទាំងបានបង្ហោះ Status ដោយសរសេរថា «កំពុងធ្វើឲ្យអ្នកដែលមិនស្រឡាញ់លោកវិញឈឺចាប់» ព្រមទាំងទម្លាយលេខ Chaeyoung ទៀត ដោយសង្ឃឹមថាវិធីនេះអាចធ្វើឲ្យសមាជិកTWICE ជួយលោកឲ្យជួប Nayeon។ សកម្មភាពបែបនេះពិតជាលើស ព្រោះប៉ះពាល់ដល់ជីវិតឯកជនរបស់តារា ហើយពេលនេះសមាជិក TWICE ទាំងអស់កំពុងស្ថិតក្រោមការការពារសុវត្ថិភាព។
៦. Hangeng (អតីតសមាជិកក្រុម Super Junior)
លោកក៏ជាជនរងគ្រោះដែលធ្លាប់ជួបរឿងហួសស្មានជាមួយនឹងអ្នកគាំទ្រជ្រុលនិយមទាំងនោះដែរ។ មានម្ដងនោះ លោកបានទទួលប្រអប់នំមួយពីក្រុមការងារ ដែលបានមកពីអ្នកគាំទ្រម្នាក់។ ពេលបើកប្រអប់ភ្លាមស្រាប់តែមានការភ្ញាក់ផ្អើល ព្រោះថាមិនមែនជានំទាំងមូលទេ បានន័យថានៅមានបង្កប់កាំបិត និងឈាម ១ថង់ ព្រមទាំងរូបថតរបស់ Hangeng ដែលត្រូវចាក់ធ្លុះធ្លាយទៀត។ បន្ទាប់មកនំនោះ ក៏ត្រូវបានគេយកទៅពិនិត្យ លទ្ធផលរកឃើញថាមានសារធាតុពុលខាងក្នុង ប៉ុន្តែសំណាងខ្លាំងដែលពេលនោះមិនមានអ្នកណាញ៉ាំ។
៧. Yunho (ក្រុម TVXQ)
កាលពីឆ្នាំ ២០០៦ Yunho បានទៅហាងកាហ្វេមួយកន្លែង និងបានទទួលទឹកក្រូចមួយកែវពីបុគ្គលិកម្នាក់។ ជាអកុសល ម្នាក់នោះមិនមែនជាបុគ្គលិកពិតប្រាកដរបស់ហាងនោះទេ តាមពិតជាអ្នកគាំទ្រដែលមានគំនិតមិនល្អចំពោះលោក។ ដោយសារតែលោកបានញ៉ាំទឹកក្រូចនោះ ទើបសារធាតុពុលចូលខ្លួន ជាហេតុលោកត្រូវគេបញ្ជូនទៅពេទ្យភ្លាមៗ និងត្រូវសម្រាក ២-៣ថ្ងៃ ដើម្បីឲ្យមានភាពប្រសើរឡើងវិញ។ ប៉ុន្តែសរសើរទឹកចិត្ត Yunho ព្រោះថាពេលនោះលោកបានបញ្ចប់ ដោយលើកលែងទោសឲ្យមនុស្សគំនិតមិនល្អម្នាក់នោះ ដោយថែមទាំងនិយាយថានាងនៅក្មេងមិនគួរមកត្រូវជាប់គុកនោះទេ។
៨. Changmin (ក្រុម TVXQ)
ច្រើនដងណាស់ TVXQ ត្រូវអ្នកគាំទ្រគំនិតមិនល្អដេញតាមជាប់ស្អិតដូចតុកកែ តាមឡានតាក់ស៊ី ដើម្បីយាយីក្រុម។ ដូច១ ដងនោះ ដោយសារហត់ចិត្ត និងពិបាកពេក Changmin ក៏ចេញពីឡានស្ដីឲ្យអ្នកគាំទ្រម្នាក់ដែលជិះឡានដេញតាម ប៉ុន្តែនាងក៏បានទាញកញ្ចក់ឡានបិទ រហូតគៀបដៃ Changmin ទៀត ប៉ុន្តែជាសំណាងមិនមានរបួសធំដុំទេ។
៩. Jaejoong (ក្រុម JYJ)
មានពេលមួយនោះ Jaejoong បានចូលសម្រាកក្នុងបន្ទប់សោណាប្រុសៗ ប៉ុន្តែនៅតែមាន Fan ម្នាក់នោះតាមលោកជាប់ ថែមទាំងហ៊ានចូលក្នុងកន្លែងនោះពីក្រោយទៀត។ ពេល Jaejoong ដេកលក់មួយភាំង នាងក៏បានលួចថតរូប និងថើបលោកពេលកំពុងដេកទៀត។ ទង្វើនេះ ពិតជាខុសខ្លាំង ដែលមកបំពានជីវិតឯកជនរបស់អ្នកណាម្នាក់។
១០. Yoon Eun Hye
កាលនៅចេញមុខជាតារា K-Pop និងជាសមាជិកក្រុម Baby V.O.X នាងក៏ធ្លាប់ត្រូវអ្នកគាំទ្រធ្វើបាបដែរ។ ប្រជាប្រិយភាពក្រុមនេះមានសន្ទុះខ្លាំងណាស់កាលចេញមុខដំបូង ប៉ុន្តែក៏នៅមានអ្នកគិតមិនល្អដាក់ដែរ។ ជាក់ស្ដែងដូច Eun Hye ពេលឡើងសម្ដែង នាងត្រូវអ្នកគាំទ្រម្នាក់បាញ់ទឹកចូលភ្នែក។ ទឹកនោះមិនមែនទឹកធម្មតាទេ ព្រោះមានតាំងពីទឹកស៊ីអ៊ីវ ម្ទេស និងទឹកខ្មេះ។ មានការសន្និដ្ឋានថា បំណង Fan ម្នាក់នោះគឺចង់ឲ្យនាងខ្វាក់ភ្នែក ប៉ុន្តែសំណាងល្អនាងរបួសស្រាលប៉ុណ្ណោះ ហើយពេលឡើងសម្ដែង ក្រោយហេតុការណ៍នោះ នាងត្រូវពាក់បង់បិទភ្នែក។ អ្វីដែលសំខាន់នាងក៏មិនបានប្រកាន់ទោសអ្វីចំពោះអ្នកបង្កហេតុនោះដែរ ដោយសាររបួសនាងក៏មិនធ្ងន់ខ្លាំងណាស់ណាដែរ។
១១. G-Dragon (ក្រុម BIGBANG)
រយៈពេលជាង ១០ឆ្នាំហើយដែល Sasaeng Fans តាមជាប់ GD ពេលលោកទៅណាម្ដងៗ សូម្បីពេលលោកជិះយន្តហោះក៏មានអ្នកលួចថតរូបពេលលោកដេកដែរ។ អ្នកគាំទ្រទាំងនោះព្យាយាមកក់សំបុត្រយន្តហោះ ឲ្យបានរួមជើងហោះហើរជាមួយលោក ហើយអាចតាមដានសកម្មភាពឯកជនរបស់លោកបាន។
១២. Jiyeon (ក្រុម T-ARA)
Sasaeng Fans នឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីឲ្យ Idol ពួកគេចាប់អារម្មណ៍។ ដូច Fan ម្នាក់នោះបានឈោងចាប់ទាញសក់របស់ Jiyeon ពេលនាងរៀបចូលឡាននៅព្រលានយន្តហោះ។
ហេតុផលដែលនាំឲ្យធ្វើទង្វើបែបនេះត្រូវបានទម្លាយ ពេលមានអ្នកសួរពួកគេ ដោយចម្លើយគឺ ពួកគេចង់ន្សល់ការចងចាំសម្រាប់ Idol ទាំងនោះ មិនថាល្អ ឬអាក្រក់ទេ៕