ព្រីម លីហ្សា៖ ខ្ញុំបង្ហោះ​ឈុតប្រ៊ែនល្បីៗ គឺដើម្បី​វិស័យ Fashion មិនមែន​​បង្អួតគេនោះទេ

  • 2020-07-31 01:59:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រីម លីហ្សា ត្រូវបានគេចាត់ទុកថា​ជា​តារា​ពូកែ​លេង​ Fashion មួយ​រូប​នៅស្រុក​ខ្មែរ។ ទោះ​​ស្ងប់ស្ងាត់​ពី​អាជីពសម្ដែង ប៉ុន្តែ​ម្ចាស់​​ពាន​​​​​ប្រជាប្រិយភាព​​​នៃកម្មវិធី​អាណាចក្រតារា ​ឆ្នាំ​២០១៣ រូបនេះ នៅតែ​​បន្ត​បង្ហោះរូបភាព​ Fashion ស្អាតៗ ជូនអ្នកគាំទ្រ​របស់ខ្លួន​នៅ​បណ្ដាញសង្គម។

ជាក់ស្ដែង រូប​ដែលនាង​បង្ហោះចុងក្រោយ​នេះ លើ​ដងខ្លួនលីហ្សា មានទាំងប្រ៊ែន Dior, Chanel, Calvin Klein និង Gucci ដែលសុទ្ធសឹង​ជា​ឈុត​ brand ល្បីៗ។ លីហ្សា​បញ្ជាក់លថា ការ​បង្ហាញរូបភាព​ឈុត​ថ្លៃៗ​ទាំងអស់នេះ គឺដើម្បី​លើក​កម្ពស់​វិស័យ Fashion នៅកម្ពុជា មិនមែន​ដើម្បី​បង្អួត​គេឯងនោះទេ។

លីហ្សាបានឲ្យដឹង​ថា៖ "អ្វីដែលនាងខ្ញុំតែងតែបង្ហាញជូនទៅកាន់បងប្អូនទាំងអស់គ្នាកន្លងមក គ្រាន់តែចង់បង្ហាញអំពី Fashion ផ្ទាល់ខ្លួនរបស់នាងខ្ញុំប៉ុណ្ណោះ នាងខ្ញុំជាតារាសម្ដែងហើយនាងខ្ញុំបានប្រឡូកនៅក្នុងវិស័យ Fashion បែបនេះ ហើយរាល់រូបភាពរបស់នាងខ្ញុំ គ្រាន់តែចង់បង្ហាញអំពី Fashion របស់ស្ត្រីសម័យថ្មី មិនមែនចង់បង្អួត ឬសម្ញែង​ភាពមានបាន ឬ​ភាពហ៊ឺហា​អ្វីទេ"។

តារា​សម្ដែងវ័យ ២៧ឆ្នាំ បាន​បន្ត​ថា៖ "ទោះជាងនាងខ្ញុំស្រឡាញ់វិស័យ Fashion ខ្លាំងកម្រិតណាក៏ដោយ ក៏នាងខ្ញុំមិនដែលបំភ្លេចវប្បធម៌ខ្មែរដែរ វប្បធម៌ខ្មែរតែងតែដក់ជាប់នៅក្នុងដួងចិត្តរបស់កូនខ្មែរគ្រប់រូប ពីព្រោះនាងខ្ញុំក៏ជាសិស្សម្នាក់ដែលឈានជើងចេញពីសាលាវិចិត្រសិល្បៈដូចគ្នា គ្រាន់តែថានាងខ្ញុំ ក្នុងនាមជាតារាសម្ដែង​ម្នាក់ ចង់បង្កើតអ្វីដែលប្លែក និងថ្មី ភាពទាន់សម័យមួយរបស់ស្ត្រីសម័យនេះ។ អរគុណសម្រាប់បងប្អូនមួយចំនួនដែលតែងតែយល់អំពីអ្វីដែលនាងខ្ញុំធ្វើ"។

គួររំលឹកផងដែរថា ព្រីម លីហ្សា ធ្លាប់​រៀន​នៅ​សាលាភូមិន្ទ​វិចិត្រសិល្បៈ ពីឆ្នាំ២០០៤ ដល់ ២០០៥ មុន​ចាប់ផ្ដើមអាជីពជាតារាសម្ដែងនៅដើមឆ្នាំ២០០៦។ នៅឆ្នាំ២០០៩ តារាវ័យ ២៧ឆ្នាំ ក៏បានប្រឡូក​ចូល​វិស័យ Fashion មួយទៀត រហូត​សព្វថ្ងៃ៕

ចុចអាន៖ ឃើញរូប ១២សន្លឹកនេះ បានដឹងថា ព្រីម លីហ្សា ពូកែ​​​លេង Fashion ប៉ុណ្ណា!

អត្ថបទថ្មី