លឹម ឡានី និងកូនប្រុស នឹងត្រូវឃ្លាតពីមាតុភូមិហើយ!
- 2020-08-03 03:36:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លឹម ឡានី និងកូនប្រុស នឹងត្រូវឃ្លាតពីមាតុភូមិហើយ!
ចន្លោះមិនឃើញ
អតីតតារាសម្ដែង និងបង្ហាញម៉ូតល្បីឈ្មោះម្នាក់កាលពីជាង១០ឆ្នាំមុន អ្នកនាង លឹម ឡានី បង្ហើបថារូបនាង និងកូនប្រុសអាយុជាង២ឆ្នាំ នឹងចេញទៅរស់នៅប្រទេសបារាំងនៅចុងឆ្នាំ២០២១ ខាងមុខ។
លឹម ឡានី បានប្រាប់ Sabay ថា បច្ចុប្បន្នរូបនាងកំពុងរត់ការឯកសារ ដើម្បីចេញទៅរស់នៅប្រទេសបារាំងជាអចិន្ត្រៃយ៍ ដោយមានអ្នកស្គាល់គ្នានៅប្រទេសទី២នោះ ជាអ្នកចូលខ្លួនមកធានារូបនាង និងកូនប្រុស។
នៅពេលនោះនាងក៏នឹងឡើងមកលេងស្រុកខ្មែរម្ដងម្កាល ឬអាចត្រឡប់មករស់នៅស្រុកខ្មែរជាអចិន្ដ្រៃយ៍វិញទៀតផង ក្រោយរស់នៅទីនោះបាន៥ ទៅ៦ឆ្នាំ។ ភាពអល់អែកនេះ ត្រូវបាននាងបញ្ជាក់ថា ចិត្ដនាងអាចនឹងប្រែប្រួល ដោយសារដនាង នៅស្រឡាញ់សិល្បៈខ្លាំង ហើយអំឡុងពេលនេះនាងក៏អាចទទួលការងារសិល្បៈខ្លះវិញបានដែរ។
លឹម ឡានី មិនបានបញ្ជាក់ថានឹងចូលទៅរស់នៅក្នុងរដ្ឋណា នៃប្រទេសបារាំង ហើយនឹងធ្វើការងារអ្វីនៅទីនោះដែរ៖ "ខ្ញុំទៅរស់នៅហ្នឹងយ៉ាងតិចក៏៥ ទៅ៦ឆ្នាំដែរ បើមានការប្រែប្រួលយ៉ាងណាខ្ញុំនឹងត្រឡប់មកស្រុកវិញ”។
បច្ចុប្បន្នអតីតតារាស្រីរូបនោះ មានវ័យ៣០ឆ្នាំហើយ ហើយនាងក៏មិនដែលលេចឮដំណឹងថាមានទំនាក់ទំនងស្នេហា ឬចូលរោងការជាមួយបុរសណាម្នាក់ដែរ ប៉ុន្ដែស្រាប់តែថ្មីៗនេះនាងបានបង្ហាញខ្លួនជាមួយកូនប្រុសម្នាក់។
ព័ត៌មានទាក់ទងនឹងការចេញទៅរស់នៅបរទេសនេះ គឺបន្ទាប់ពីនាងបានបញ្ចេញព័ត៌មានដ៏គួរឲ្យភ្ញាក់ផ្អើលមួយមួយថា សព្វថ្ងៃនាងមានកូនប្រុសដ៏គួរឲ្យស្រឡាញ់ម្នាក់ ហើយកូននោះគឺជាតំណក់ឈាមរបស់នាងជាមួយបុរសជនជាតិបរទេសម្នាក់។ ប៉ុន្តែនាងអះអាងថា នាងមិនបានរស់នៅជាមួយបុរសនោះទេ ដោយនាងគ្រាន់តែទិញមេជីវិតពីបុរសនោះមកដាក់ក្នុងស្បូនដើម្បីពពោះ ព្រោះនាងចង់បានកូនម្នាក់តាមក្ដីស្រមៃរបស់នាង៕