ហេតុផលដែល ដូណាល់ ត្រាំ ចង់បិទ TikTok នៅអាមេរិក

  • 2020-08-03 08:17:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ លោក ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក​បាន​​និយាយ​អំពី​ការ​បិទ​កម្មវិធី TikTok មិន​ឲ្យ​ប្រើ​ប្រាស់​នៅ​សហរដ្ឋអាមេរិក ជា​គោល​បំណង​មួយ​ដែល​រដ្ឋបាល​លោក​ ត្រាំ ធ្លាប់​បង្ហើប​ឲ្យ​ដឹង​កាល​ពី​​ដើម​ខែ​កន្លង​ទៅ។​

​​TikTok ជា​កម្មវិធី​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន ByteDance ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៉េកាំង ដែល​កម្មវិធី​នេះ​បាន​​ទាក់ទាញ​​ការ​​យក​ចិត្ត​ទុក​​ដាក់​ពី​រដ្ឋបាល​លោក​ដូណាល់ ត្រាំ ​ដោយ​សារ​តែ​បារម្ភ​ថា​វា​លួច​យក​​ព័ត៌មាន​អំពី​ជនជាតិ​អាមេរិក ដែល​អាច​ជា​​ផល​ប្រយោជន៍​សម្រាប់​រដ្ឋាភិបាល​ចិន។ ក្នុង​កិច្ច​សម្ភាសន៍​ជា​មួយ​ទូរទស្សន៍ Fox News ដែល​ចាក់ផ្សាយ​នា​ថ្ងៃ​ទី៦ ខែ​កក្កដា លោក Mike Pompeo រដ្ឋ​មន្ត្រីការ​បរទេស បាន​និយាយ​ថា​អ្នក​ប្រើ​ប្រាស់​ដែល​បាន​ទាញ​យក​កម្មវិធី TikTok គឺ​ដូច​បាន​ប្រគល់​ទិន្នន័យ​ផ្ទាល់​ខ្លួន​​ដល់​ដៃ​រដ្ឋាភិបាល​ចិន។

យ៉ាងណាក្ដី​ពេល​​ដែល​​​និយាយ​ក្នុង​បទ​សម្ភាសន៍​​មួយ​ជា​មួយ​ទូរទស្សន៍ Gray Television ​នៅ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ ​លោក ដូណាល់ ត្រាំ ​បាន​លើក​ឡើង​ពី​ហេតុផល​ផ្សេង​​ គឺ​ព្រោះ​​ចង់​​​​ពិន័យ​​ប្រទេស​ចិន​​ចំពោះ​ការ​ឆ្លើយ​តប​​របស់​ចិន​នឹង​ជំងឺ​កូវីដ​១៩ ​។ លោក ត្រាំ បាន​និយាយ​ដូច​នេះ​ថា ៖ "វា​ជា​អាជីវកម្ម​ធំ​មួយ។ មើល​ប្រទេស​ចិន​​​មាន​បញ្ហា​អ្វី​ខ្លះ​ដោយ​សារ​វីរុស (ជំងឺ​កូវីដ​១៩) ​នេះ ​អ្វី​ដែល​ពួក​គេ​បាន​ធ្វើ​ចំពោះ​​ប្រទេស​នេះ (អាមេរិក) និង​ពិភពលោក​ទាំង​មូល​គឺ​អាប់​កិត្តិយស។​​”

​​​​​​គួរ​ដឹង​ថា​ការ​លើក​ឡើង​របស់​លោក ត្រាំ និង​លោក Pompeo គឺ​បន្ទាប់​ពី​អ្នក​ប្រើ TikTok និង​អ្នក​គាំទ្រ K-Pop និយាយ​ថា​ពួក​គេ​បាន​ជួយ​​បំផ្លាញ​ការ​ជួប​ជុំ​របស់​បេក្ខភាព​ប្រធានាធិបតី​នៅ​ទីក្រុង Tulsa រដ្ឋ​ Oklahoma ដោយ​បាន​កក់​សំបុត្រ​រាប់​ពាន់​​កៅអី ប៉ុន្តែ​មិន​ទៅ​ចូល​រួម​នោះ​ទេ។

ក្រោយ​ពី​ការ​ប្រកាស​របស់​លោក ដូណាល់ ត្រាំ កាល​ពី​ថ្ងៃ​សុក្រ ក្រុមហ៊ុន ByteDance បាន​ដាក់​សំណើ​ទៅ​កាន់​សេតវិមាន​ ដែល ByteDance ​ព្រម​នឹង​​​ដក​ខ្លួន​​ចេញ​ពី​ការ​ប្រតិបត្តិការ​កម្មវិធី TikTok នៅ​អាមេរិក និង​ប្រគល់​តួនាទី​​ប្រតិបត្តិការ​កម្មវិធី TikTok ដល់​ Microsoft ​ជំនួស​វិញ។

ចំណែក​ Microsoft វិញ​បាន​និយាយ​ថា​ បន្ទាប់​ពី​​ការ​ពិភាក្សា​រវាង​លោក Satya Nadella នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Microsoft ជា​មួយ​លោក ដូណាល់ ត្រាំ ក្រុមហ៊ុន​នឹង​បន្ត​ការ​ពិភាក្សា​ទិញ​យក​ប្រតិបត្តិការ​របស់ TikTok នៅ​អាមេរិក កាណាដា អូស្ត្រាលី និង​នូវែលហ្សេឡង់​ផង​ដែរ។ Microsoft បាន​ផ្ដល់​កាល​បរិច្ឆេទ​ជាក់លាក់​មួយ​ថា ថា​នឹង​បញ្ចប់​ការ​ពិភាក្សា​ការ​ទិញ​យក​ប្រតិបត្តិការ​របស់ TikTok ឲ្យ​បាន​ត្រឹម​ថ្ងៃ​ទី១៥ ខែ​កញ្ញា៕ ​​​​​​​​​​

ប្រភព៖ Cnet   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី