ហេតុផលធំៗនាំឲ្យរឿងភាគល្បីលំដាប់អន្តរជាតិទាំង ២នេះ ធ្លាក់ការគាំទ្រខ្លាំងនៅកូរ៉េ

  • 2020-08-05 02:58:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 22

ចន្លោះមិនឃើញ

នា​ពេល​បច្ចុប្បន្ន​នេះ​ រឿងភាគ​កូរ៉េ​ ឬ K-Drama ​ពិត​ជា​ទទួល​បាន​ការ​គាំទ្រកាន់​តែ​​ខ្ពស់ពី​សំណាក់​អ្នក​ទស្សនា​អន្តរជាតិ។

ជាក់ស្ដែងរឿង​ភាគ​ចំនួន​ ៩​បាន​បង្ហាញ​មុខ​ជា​បន្ត​បន្ទាប់​ នៅ​ឆ្នាំ​នេះ​ និង​បាន​ក្លាយ​ជា​ភាពយន្ត​ដែល​មាន​អ្នក​ទស្សនា​ច្រើន​ជាង​គេលើ Netflix ឯចំនួន​ពេញ​ចិត្តកាន់​តែ​ហក់​ឡើង​ឥត​ឈប់ឈរ។ ​ទោះ​មាន​ការគាំទ្រ​លើ​ឆាក​អន្តរជាតិ​ក៏ដោយ​ ប៉ុន្តែ​បើ​ក្រឡេក​មើល​ប្រជាប្រិយភាព​រឿង​ទាំង​នោះ​នៅ​ប្រទេស​កូរ៉េ​វិញ​ បែរ​ជា​បាន​តិច​ទៅ​វិញ។ តើ​អ្វី​ទៅ​ជាមូលហេតុ​ដែល​នាំ​ឲ្យ​មាន​ភាព​ខុសគ្នា​បែប​នេះ?

១. រឿង​ «It’s Okay To Not Be Okay»

នេះ​ជា​រឿង​ភាគ​របស់​ប៉ុស្តិ៍ tvN និង​បាន​ក្លាយ​ជា​រឿង​ភាគ​ទី២ ដែល​មាន​អ្នក​ចូល​មើល​ច្រើន​ជាង​គេ​លើ​ Netflix គិត​ជា​លក្ខណៈ​អន្តរជាតិ។ ភាពយន្ត​មួយ​នេះ​មាន​អ្នក​ពេញ​ចិត្ត​ច្រើន​ដោយសារ​បង្ហាញ​ពី​ទំនាក់​ទំនង​បែប​រ៉ូមែនទិក​គួរ​ឲ្យ​ចាប់​អារម្មណ៍ បូករួមទាំង​ចំណី​អារម្មណ៍​ផ្សេងៗទៀត។

ទោះ​ជា​ល្អមើល​យ៉ាង​ណា​ក៏​ដោយ​ ប៉ុន្តែ​បើ​ងាក​ទៅ​មើល​ចំនួន​ Rating នៅ​ក្នុង​ប្រទេស​កូរ៉េ​វិញ​បែរ​ជា​ទាប​ គឺ​ធ្លាក់​ដល់​ ៤,២ភាគរយ​ឯណោះនៅ​ភាគ​ទី១០។ ទិន្នន័យ​នេះ​វា​ពិត​ជា​ខុស​ស្រឡះ​នឹង​រឿង​ "Crash Landing On You” ដែល​មាន​អ្នក​ Rate ដល់ទៅ​ ២១,៦ភាគរយ។

អ្នក​តាម​ដាន​ខ្លះ​បាន​បង្ហាញ​ការ​យល់​ឃើញ​ថា​ ការ​សម្ដែង​របស់​ Kim Soo Hyun គឺជា​ហេតុផល​ធំ​មួយ​ដែល​នាំឲ្យពួកគេ​មិន​ពេញ​ចិត្ត។ រឿង​ «It’s Okay To Not Be Okay» គឺជា​រឿង​ដំបូង​របស់​ Soo Hyun ដែល​គ្រង​តំណែង​ជា​តួ​ឯក​ដំបូង​ ក្រោយ​បញ្ចប់​កាតព្វកិច្ច​ទាហាន​ ហើយ​ក៏​ជា​រឿង​ដំបូង​ដែល​លោក​វិល​មក​វិញ​ជា​តួឯក​ ក្រោយ​រយៈពេល​ ៣​ឆ្នាំ។ ដោយសារ​បាត់​មុខ​យូរ​បែបនេះ​ហើយ​ ទើប​ធ្វើ​ឲ្យ​ចំនួន​នៃ​ការ​រំពឹង​ខ្ពស់​ថា​រឿង​ថ្មី​នេះ​ចេញ​មកអស្ចារ្យ ប៉ុន្តែ​ពួកគេ​ខ្លះ​បែរ​ជា​ខក​ចិត្ត​ដោយសារ​តួ​របស់​លោកទៅវិញ។

ហេតុផលមួយ​ទៀត​ អ្នក​មើល​ខ្លះ​សម្ដែង​ការ​មិន​ពេញ​ចិត្ត​ ដោយសារ​មាន​ឈុត​ស្នេហា​បៀតបៀន​រាងកាយពេក​ ជាហេតុ​ពួកគេ​ទាំង​នោះ​មិនអាច​ទទួលយក​បាន។ ឧទាហរណ៍​ដូច​ឈុត​មួយ​តួ​ស្រី​ មក​ស្ទាប​ខ្លួន​តួ​ប្រុស​ជា​ដើម។

មូលហេតុ​ចុង​ក្រោយ​នោះ​គឺ​ ប្រជាជន​កូរ៉េ​មួយ​ចំនួនបាន​លើក​ឡើង​ថា​រឿងភាគ​មួយ​នេះ​មិន​សម​ជា​រឿង​ល្អ​ឥតខ្ចោះ​ សម្រាប់​មើល​ជួបជុំគ្រួសារ​ទេ។ ដូចនេះ​ជា​លទ្ធផល​ពួកគេ​អាច​វិល​ទៅ​មើល​តាម​ Netflix វិញ​ ព្រោះ​ពួកគេ​អាច​ចំណាយ​ពេល​មើល​ម្នាក់​ឯង​ ល្អជាជាង​មើល​ជុំគ្នាច្រើន។

២. រឿង​ «The King: Eternal Monarch»

រឿង​ភាគ​របស់​ប៉ុស្តិ៍ SBS នេះ​ក្លាយ​ជា​រឿង​ភាគ​ទី ១០​ដែល​មាន​អ្នក​មើល​ច្រើន​ជាង​គេ​លើ​ពិពភលោក ប្រចាំ​នៅ​ Netflix។ អ្នក​គាំទ្រ​ចូល​ចិត្ត​ឈុត​ឆាក​ស្នេហា​របស់​តួទាំង​អស់​ ជាពិសេស​សាច់​រឿង​ប្លែកៗ​ដែល​មាន​នៅ​ក្នុង​នោះ។

ទោះជា​យ៉ាងណា​ បើ​ងាក​ទៅ​ចំនួន​អ្នក​មើល​នៅ​កូរ៉េ​វិញ​ ខុសដាច់​ពី​ការ​យល់​ឃើញ​របស់​អន្តរជាតិ រហូត​ធ្វើ​ឲ្យ​រឿង​នេះ​ធ្លាក់​ Rating ដល់​ទៅ​ ៥,២ភាគរយ​ នៅ​ភាគទី១១ ខុសពី​រឿង​ Dr. Romantic 2 ដែលចំនួន​ Rate ​ឡើង​ដល់ទៅ​ ២៧,១ភាគរយ។

មិន​ខុសពីរឿង​ «It’s Okay To Not Be Okay» ទេ បាន​ន័យ​ថា​រឿង​នេះ​ក៏​ត្រូវ​បាន​លើក​ជា​ប្រធានបទ​ដែល​មាន​អ្នក​មិនពេញ​ចិត្ត​ច្រើន​ដែរ ដោយសារ​មាន​លាយឡំ​ទាំង​អាណាចក្រ​ក្លែង​ក្លាយរបស់​កូរ៉េ និង​បញ្ហា​ជាមួយ​ជប៉ុន​ជា​ដើម។

ហេតុផល​ចុង​ក្រោយ​នោះ គឺ​រឿង​នេះ​សម្បូរ​ឈុត​ឆាក​ Fantasy ខ្លាំង​ពេក​ ត្បិត​ត្រូវ​ចិត្ត​អ្នកមើល​អន្តរជាតិ​ ប៉ុន្តែ​សម្រាប់​ជនជាតិ​កូរ៉េ​ចូល​ចិត្ត​ការ​ថត​ពិតៗ​គ្មាន​បច្ចេក​ទេសជំនួយ​ច្រើនជាង៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី