Song Hye Kyo បង្ហើបពីអ្នកដែលសំខាន់បំផុតពេលនេះ និងរបៀបជំនះឧបសគ្គកន្លងមក

  • 2020-08-06 02:43:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​ Song Hye Kyo បាន​ផ្ដល់​បទសម្ភាស​មួយ​ ក្រោយ​បង្ហាញ​មុខ​ថត​ Fashion ឲ្យ​ ELLE ដោយ​បាន​បើក​ទម្លាយ​ពី​ឧបសគ្គ​ និងពេលវេលា​លំបាក​ផ្សេងៗ​ជា​ច្រើន​នាពេល​កន្លងមក។

សម្រាប់​​ Hye Kyo គ្រួសារ​ និង​មិត្តភ័ក្តិ​ពិត​ជា​មាន​តម្លៃ​ខ្លាំង​បំផុតក្នុង​ជីវិត។ នាង​និយាយថា៖ «មិត្តភាព និង​ទំនាក់​ទំនង​ក្នុង​គ្រួសារ​ពិត​ជា​មាន​សារសំខាន់ណាស់​សម្រាប់​ខ្ញុំ​ ហើយ​ខ្ញុំ​ជឿ​ថា​ពួកគេ​ម្នាក់ៗ​សុទ្ធ​តែ​មាន​តម្លៃ​រៀងៗខ្លួន។ ខ្ញុំ​ជឿ​ថា​សេចក្ដី​រំភើប​ដែល​​សំខាន់​បំផុត​ក្នុង​លោក​ គ្មាន​អី​ក្រៅពីសម្ព័ន្ធភាព​រវាង​មនុស្សគ្រប់គ្នា និង​ភាព​ស្មោះត្រង់​ទេ»។

នាង​ទទួល​ស្គាល់​ថា​ វា​ជា​រឿង​លំបាក​ក្នុង​ការ​បញ្ជាក់​ពី​អារម្មណ៍​ដែល​មាន​ក្នុង​ចិត្ត ប៉ុន្តែ​ក៏បង្ហើបដែរ​ថា​នាងអាច​បញ្ចេញ​អារម្មណ៍​ទាំង​នោះ​បាន​ តាម​រយៈ​ការងារ​សម្ដែង​​ ពេល​នាង​ដើរ​តួ​ម្ដងៗ។ បែប​នេះ​ហើយ​បានជានាង​ចង់​សម្ដែង​ខ្លាំង។

ទាក់ទងនឹង​សំណួរ​ថា​តើ​អាច​ជំនះ​នឹង​ពេល​វេលា​លំបាក​យ៉ាង​ណា​ក្នុង​ជីវិត​នាពេល​កន្លងមក​ Hye Kyo ក៏​បាន​តប​ថា៖ «ពិភពលោក​ទាំង​មូល​កំពុង​ឆ្លងកាត់​ពេល​លំបាក​អំឡុង​ពេល​នៃ​ការ​រាត​ត្បាត​នៃ​ជំងឺ COVID-19។ សម្រាប់​ខ្ញុំ​ ខ្ញុំ​រៀន​យល់​នូវ​បទ​ពិសោធន៍​ទាំងនេះ​ រៀន​ឲ្យ​តម្លៃ​អ្នក​ដែល​ការពារ​ខ្ញុំ ហើយ​ខ្ញុំ​ជឿថា​ យើង​នឹង​ឆ្លង​ផុត​ពេល​លំបាក​នេះ​ជាមួយ​គ្នា អាស្រ័យ​លើ​ភាព​ស្មោះ​ត្រង់​ និង​ជួយ​គ្នា​ទៅវិញ​ទៅ​មក។ ខ្ញុំ​ក៏​ជឿ​ថា​សេចក្ដី​ស្រឡាញ់ ការ​លះបង់​ដើម្បី​នរណា​ម្នាក់ពិត​ជា​មាន​សារសំខាន់​បំផុត​នាពេល​នេះ»។

ដោយសារ​តែ​ព័ត៌មាន​ចចាមអារ៉ាម​ជា​ច្រើន​មក​គ្រប​ដណ្ដប់​នាង​ជុំជិត​ Song Hye Kyo ក៏​ចាប់​ផ្ដើម​ចេះ​រៀន​ផ្ដោត​ទៅ​រក​អ្វី​ដែល​សំខាន់បំផុត​ក្នុង​ជីវិត​នាង ក្នុង​នោះ​មាន​គ្រួសារ មិត្តភ័ក្ដិ និង​អ្នក​ណា​ដែល​ការពារ​នាង​ នៅ​ក្បែរ​នាង​មិន​ទៅ​ណា​ក្នុង​ពេលដែល​ជីវិត​នាង​ធ្លាលក់​ក្នុង​សភាព​លំបាក៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី