មនុស្ស​​ ៤​​នាក់ ​​ដែល​​​​ធ្លាប់​​​ត្រូវ​សត្វ​ជួយ​ចិញ្ចឹម​​​​ ស្រដៀង​សាច់រឿង​ Mowgli

  • 2020-08-09 08:24:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​​​គ្រប់​គ្នា​ប្រាកដ​ជា​ធ្លាប់​​ដឹង​​ពី​រឿង​​​​​​កូន​មនុស្ស​​ធំ​ធាត់​ឡើង​នៅ​​ព្រៃ​​ដោយ​​មាន​សត្វ​ជួយ​ចិញ្ចឹម​​ ដោយ​​​​ឮ​​ ឬ​ឃើញ​​មាន​ក្នុង​​​រឿង​និទាន រឿង​ប្រលោម​លោក ឬ​ខ្សែ​ភាពយន្ត ប៉ុន្តែ​​តាម​រយៈ​សារព័ត៌មាន​អង់គ្លេស​ Mirror បាន​បង្ហាញ​ពី​មនុស្ស​​៤​​នាក់​​ធ្លាប់​ត្រូវ​​សត្វ​ជួយ​ចិញ្ចឹម​​ កើត​មាន​​ពិត​ជាក់​ស្ដែង​ក្នុង​សង្គម​។

lupa-capitolina

 

១.​​​​ក្មេង​​ប្រុស​មាន់

នេះ​ជា​រឿង​រ៉ាវ​រន្ធត់​​​​​​​ពី​កុមារ​ភាព​របស់​​​​​បុរស​ជន​ជាតិ​ហ្វីជី​​ម្នាក់​គឺ​លោក Sujit Kumar គឺ​នៅ​ពេល​ដែល​​​​​​មាន​អាយុ​៦​ឆ្នាំ មិន​ដឹង​ពី​មូល​ហេតុ​អ្វី​​ លោក​ត្រូវ​បាន​ក្រុម​គ្រួសារ​​​​ចាក់​សោ​បង្ខាំង​ទុក​​ក្នុង​ទ្រុង​មាន់​​​។ ​​អស់​រយៈ​ពេល​​៨​ឆ្នាំ​ដែល​ Sujit​រស់​នៅ​ទី​នោះ​ ​​ក្រោយ​មក​ទើប​ក្រុម​​ការងារ​សង្គម​​សប្បុរស​ធម៌​​បាន​រក​ឃើញ​លោក​។ ពួក​គេ​​បាន​​នាំ​ Sujit ​ទៅ​​រស់​នៅ​​​​​​​​​ក្នុង​​​​ផ្ទះ​អ្នក​ស្រុក​រយៈ​​ពេល​២០​ឆ្នាំ។ Sujit ត្រូវ​បាន​អ្នក​ស្រុក​​ឲ្យ​ដឹង​ថា លោក​មាន​​អាកប្បកិរិយា​​ដូច​មាន់ ដោយ​​ចឹក​ចំណី​អាហារ​លើ​ដី​ និង​​​ស្រែក​​ដូច​ជា​សត្វ​មាន់​រងាវ​។ រហូត​​​មក​ដល់​បច្ចុប្បន្ន​នេះ Sujit ​​ទទួល​បាន​ការ​​មើល​ថែ​​ពី​មជ្ឈមណ្ឌល​កុមារ​កំព្រា​​ឯកជន​មួយ​កន្លែង​ ដោយ​មាន​អ្នក​ស្ម័គ្រ​ចិត្ត​ព្យាយាម​​បង្រៀន​​ឲ្យ​លោក ចេះ​ដើរ និយាយ និង​​បង្រៀន​ពី​ការ​បរិភោគ​អាហារ​។

1

 

២.ក្មេង​​ប្រុស​ស្វា

ក្នុង​ឆ្នាំ​១៩៨៨ ​នៅ​ពេល​ដែល​​ឪពុក​​របស់​ John សម្លាប់​ម្ដាយ​របស់​គេ​ John បាន​ទៅ​រត់​ពួន​ក្នុង​ព្រៃ​​​​នៃ​ប្រទេស​អ៊ូហ្គាន់ដា និង​ត្រូវ​បាន​​​​​ស្វា​មួយ​ក្រុម​ជួយ​ផ្ដល់​ចំណី​ឲ្យ​​។ នៅ​ឆ្នាំ​១៩៩១ John ត្រូវ​បាន​ស្ត្រី​កុលសម្ព័ន្ធ​រក​ឃើញ​​​ ដែល​ពេល​នោះ John មាន​អាយុ​ប្រហែល​៥​ឆ្នាំ ត្រូវ​បាន​គេ​នាំ​​ទៅ​ភូមិ​អ្នក​ស្រុក​វិញ​។ John មាន​​​ដំណើរ​និង​ចរិត​ដូច​សត្វ​ស្វា​ទាំង​ស្រុង ហើយ​នៅ​ពេល​​ទៅ​ដល់​​ភូមិ​​​​​​ John មិន​ទាន់​ស៊ាំ​នឹង​ចំណី​អាហារ​ឆ្អិន​ស្រាប់​​ឡើយ​និង​​ធ្លាក់​ខ្លួន​ឈឺ។ ក្រោយ​មក​អ្នក​ភូមិ​ជួយ​បង្រៀន​ឲ្យ​គេ​ចេះ​​រស់​នៅ​ដូច​មនុស្ស​ និង​​ត្រូវ​បាន​ប្ដី​ប្រពន្ធ​​មួយ​គូ​​​ទទួល​ចិញ្ចឹម​​​ផង​ដែរ។ រឿង​រ៉ាវ​​ជីវិត​របស់​ Johnត្រូវ​បាន​សារព័ត៌មាន BBC ចុះ​ផ្សាយ​នៅ​ឆ្នាំ​១៩៩៩។

2

៣.ក្មេង​ប្រុស​​សុនខ

នៅ​ពេល​ Ivan Mishukov  ​មាន​អាយុ​៤​ឆ្នាំ​​ ដោយ​នៅ​ជា​មួយ​​ឪពុក​ចុង​ជា​​​មនុស្ស​​ស្រវឹង​ខួប​​​​​​និង​តែង​​រក​រឿង​ឈ្លោះ​ជា​មួយ​ម្ដាយ​ខ្លួន ក្នុង​ឆ្នាំ​១៩៩៦ ​រូប​គេ​បាន​រត់​ចេញ​ពី​ផ្ទះ​ទៅ​រស់​នៅ​តាម​​ដង​ផ្លូវ​​។ ជីវិត​លើ​ដង​ផ្លូវ​របស់​ Ivan រស់​នៅ​ជា​មួយ​​ក្រុម​សត្វ​សុនខ​អនាថា​​​​​​ ដោយ​ចែក​រំលែក​អាហារ​​​គ្នា​ ចំណែក​ក្រុម​សត្វ​សុនខ​​ក៏​​ចូល​ចិត្ត​និង​តាម​ការពារ Ivan ​ប្រៀប​ដូច​ជា​កូន​បង្កើត។ រយៈ​ពេល​ពីរ​ឆ្នាំ​ដែល Ivan រស់​នៅ​ជា​មួយ​​សុនខ រហូត​ដល់​ពេល​​​មួយ​ប៉ូលិស​បាន​កត់​សម្គាល់​ឃើញ​ពី​សកម្មភាព​របស់​គេ​និង​ព្យាយាម​នាំ​Ivan ទៅ​រស់​នៅ​​ជា​មួយ​​មនុស្ស​វិញ។ ប៉ូលិស​​​ខំ​ពន្យល់ Ivan បី​ដង​ទើប​​រូប​គេ​ព្រម​ទៅ​​នៅ​ក្នុង​​មណ្ឌល​កុមារ​និង​ទៅ​សាលា​រៀន។ រយៈ​ពេល​ក្រោយ​មក​ Ivan បាន​ចូល​បម្រើ​​ក្នុង​ជួរ​កង​ទ័ព​រុស្ស៊ី​។

3

៤.ក្មេង​ស្រី​ចចក

Amala អាយុ​៨​ឆ្នាំ និង​ Kamala អាយុ​១៨​ខែ ត្រូវ​បាន​​​លោក​ Reverend Jal Singh សាសនទូត​ម្នាក់​រក​ឃើញ​​នៅ​ក្នុង​រូង​ដ៏​ជ្រៅ​របស់​សត្វ​​ឆ្កែ​ចចក​ក្នុង​ឆ្នាំ​១៩២០ ក្នុង​​រដ្ឋ​ West Bengal ប្រទេស​ឥណ្ឌា។ ការ​រក​ឃើញ​នោះ​បន្ទាប់​ពី​ លោក​ Reverend បាន​ឮ​ពី​អ្នក​ស្រុក​ថា​មាន​ឮ​សំឡេង​​​ខ្មោច​មនុស្ស​នៅ​ក្នុង​ព្រៃ។ Amala និង​ Kamala ត្រូវ​ប្រទះ​ឃើញ​ស្ថិត​ក្នុង​​សភាព​​​ននល​គោក​ កខ្វក់​​និង​​​ស្ទុះ​មក​ខាំ​​ក្រញី​មនុស្ស។ យ៉ាង​ណា​ក្ដី​ ពួក​គេ​ទាំង​ពីរ​ត្រូវ​នាំ​យក​ទៅ​មណ្ឌល​កុមារ​កំព្រា។ នៅ​ទី​នោះ​ Amala និង​ Kamala ​មាន​ចរិត​ដូច​សត្វ​ឆ្កែ​ចចក​​ទាំង​ស្រុង​ ដោយ​វារ​ជើង​បួន​​​យ៉ាង​លឿន​ ចេញ​វារ​រក​ចំណី​​ និង​ស្រែក​​ដូច​សំឡេង​ចចក​លូ​នា​ពាក់​កណ្ដាល​​យប់​អាធ្រាត្រ។ ទោះ​បី​​ជា​អ្នក​មើល​ថែ​ជួយ​ស្លៀក​ពាក់​​ខោ​អាវ​ឲ្យ​ពួក​គេ​តែង​​ខំ​ក្រញី​អាវ​ចេញ​ខ្ទេច​អស់​ផង​ដែរ។ Amala បាន​ស្លាប់​​នៅ​មួយ​ឆ្នាំ​ក្រោយ​ពេល​រស់​នៅ​មណ្ឌល​កុមារ ចំណែក​ Kamala ​នៅ​រស់​​​រយៈ​ពេល​៩​ឆ្នាំ​ក្រោយ​មក​ទៀត។ មុន​Kamala ​ស្លាប់​ នាង​អាច​ឈរ​ដើរ​ទ្រេតទ្រោត​និង​អាច​និយាយ​បាន​តែ​ពីរ​បី​ពាក្យ​ប៉ុណ្ណោះ៕

4

 

ប្រភព៖ Mirror  

អត្ថបទពេញនិយម
អត្ថបទថ្មី