ស្ងាត់​ៗ មាន​ដំណឹង​ថា​តារា​ចម្រៀង យូរី ចប់​កុងត្រា​ជាមួយ​សាន់ដេ​ទៅ​ហើយ?

  • 2020-08-12 07:17:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ

តាម​ដំណឹង​ដែល​ទទួល​បាន​នៅ​ថ្ងៃ​នេះ​បាន​ឲ្យ​ដឹង​ថា តារា​ចម្រៀង យូរី ដែល​បាន​ធ្វើ​ឲ្យ​ផ្ទុះ​នូវ​ថ្មី​ក្រោយ​ចេញ​បទ​ចម្រៀង​ប្រភេទ 18+ នោះ បាន​ផុត​កុងត្រា​ជាមួយ​ផលិតកម្ម​សាន់ដេ​ដែល​នាង​ផ្ញើ​ខ្លួន​អស់​រយៈ​ពេល​ជិត​១០​ឆ្នាំ​មក​ហើយ។

ដំណឹង​នេះ បន្ទាប់​ខែ​មុន​នាង​បាន​ព្រលយ​ថា នាង និង​សាន់ដេ​ជិត​ចប់​កុងត្រា​ការងារ​ជាមួយ​គ្នា​ហើយ។ យ៉ាង​ណា​នៅ​មុន​នេះ ក៏​មាន​ការ​សង្ស័យ​លើ​បញ្ហា​នេះ​ដែរ បន្ទាប់​ពី​នាង​បាន​ចេញ​វីដេអូ​ចម្រៀង​ប្រភេទ 18+ ជា​ចម្រៀង​ក្រៅ​ផលិតកម្ម​សាន់ដេ​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល ដែល​តារា​ស្រី​បញ្ជាក់​ថា នោះ​គ្រាន់​ជា​ការ​ថត​លេង​របស់​នាង និង​មិត្តភ័ក្ដិ​ប៉ុណ្ណោះ។

ក្រោយ​ពី​ចេញ​វីដេអូ​ចម្រៀង​ដែល​ធ្វើ​ឲ្យ​មាន​ការ​គាំទ្រ​ច្រើន ការ​រិះគន់​ក៏​ច្រើន​នោះ យូរី ក៏​ព្រលយ​ថា នាង ជិត​ចប់​កុងត្រា​ជាមួយ​សាន់ដេ​ហើយ។ ឥឡូវ​នេះ​ទៀត តារា​ស្រី​បាន​បញ្ជាក់​ម្ដង​ទៀត​ថា រវាង​នាង និង​ផលិតកម្ម​ដែល​នាង​ផ្ញើ​ខ្លួន​ជិត​១០​ឆ្នាំ​មក​នោះ បាន​ចប់​កិច្ចសន្យាការងារ​ជាមួយ​គ្នា​បាន​ផុត​សុពលភាព​ជា​ស្ថាពរ​ហើយ កាល​ពី​ពេល​ថ្មី​ៗ​នេះ។

ដូច្នេះ​គិត​ត្រឹម​ពេល​នេះ បច្ចុប្បន្ន យូរី គឺ​ជា​តារា​ចម្រៀង​រូប​ដែល​មិន​ជាប់​លក្ខខណ្ឌ​ផ្លូវ​ច្បាប់​ការងារ​ជាមួយ​ផលិតកម្ម​ណា​ឡើយ ដែល​មាន​ន័យ​ថា នាង​មាន​សេរីភាព​ទៅ​ធ្វើ​អ្វី​ក៏បាន​ដោយ​មិន​មាន​ការ​តោងទាម​ទៀត​ឡើយ។ សុពលភាព​កិច្ចការ​សន្យា​ការងារ​ត្រូវ​បាន​បញ្ចប់​ក៏​ពិត​មែន ប៉ុន្តែ​តារា​ស្រី បញ្ជាក់​ថា នាង​ក៏​នៅ​មិន​ទាន់​បាន​ជួប​ជាមួយ​ថ្នាក់​ដឹកនាំ​ផលិតកម្ម​ជជែក​ពិភាក្សា​បន្ថែម​លើ​ការងារ​រវាង​គ្នា​នៅ​ឡើយ គ្រាន់​តែ​ដឹង​ថា សុពលភាព​កិច្ចសន្យាការងារ​បាន​បញ្ចប់​ហើយ​ប៉ុណ្ណោះ។

ដូច្នេះ​លទ្ធផល​យ៉ាង​ណា​ពី​ការ​ជួប​ពិភាក្សា​ដែល​អាច​នឹង​កើត​មាន នៅ​ពេល​ខាង​មុខ​រវាង​នាង និង​ផលិតកម្ម​នោះ គឺ​មិន​ទាន់​ដឹង​ឡើយ។ម្ចាស់​បទ "ចាក់​ទឹក​ដូង" មិន​បាន​បង្ហើប​ថា ការ​ជួប​ជាមួយ​ថ្នាក់​ដឹកនាំ​ផលិតកម្ម​នៅ​ពេល​មួយ​នោះ នឹង​ជា​ការ​ជួប​គ្នា​ដើម្បី​ពិភាក្សា​ពី​អាយុ​ជីវិត​ការងារ​របស់​នាង​នៅ​កន្លែង​ដដែល​ទៀត ឬ​ក៏​យ៉ាង​ណា​នោះ​ទេ។

ប៉ុន្តែ​ជា​គោល​ការណ៍​រួម តារា​ស្រី បញ្ជាក់​ច្បាស់​ថា នាង​នៅ​តែ​ចង់​ធ្វើ​តារា​ចម្រៀង​របស់​ផលិតកម្ម​ណា​មួយ ដោយ​មិន​ចង់​ធ្វើ​ជា​តារា​ចម្រៀង​ឯករាជ្យ​នោះ​ទេ។“ប្រហែល​ចង់ នៅ​ក្រៅ​សិន​បង តែ​មិនមែន​ជា​តារា ចម្រៀង​ឯករាជ្យ​ទេ នឹង​ចូល​ផលិតកម្ម​ណា​មួយ”។ យូរី ថ្លែង។

យូរី បាន​ចូល​រួម​ជាមួយ​សាន់ដេ តាំង​ពី​ឆ្នាំ ២០១៣ ដែល​គិត​មក​ទល់​បច្ចុប្បន្ន​មាន​រយៈ​ពេល ៧ឆ្នាំ​ហើយ ដែល​នាង​បាន​ជ្រក​ក្រោម​ផលិតកម្ម​ចំណាស់​មួយ​នេះ។ ក្នុង​រយៈ​ពេល​ជិត​១​ទសវត្ស​នេះ យូរី ក៏​ត្រូវ​បាន​ផលិតកម្ម​លើក​ស្ទួយ ជួយ​ឲ្យ​មាន​បទ​ល្បី​ៗ​ជា​ច្រើន​ដែរ។ បទ​របស់​នាង​ដែល​ល្បី​ដំបូង​នៅ​ផលិតកម្ម​នេះ គឺ​បទ “សង្សារ​មួយ​ថ្ងៃ​សង្សារ​មួយ​ជីវិត” និង បទ “honey សំណព្វ​ចិត្ត” ក្រោយ​មក​ទៀត នាង​ចាក់​ផ្ដើម​ល្បី​ខ្លាំង​ជាមួយ​ប្រភេទ​បទ ញាក់ បែក​ស្លុយ ក្នុង​នោះ​មាន​បទ "ចាក់​ទឹកដូង" និង​បទ "នំប៉័ង​ប៉ាតេ" ជា​ដើម។ បទ​ផ្ទុះ​ខ្លាំង​ចុង​ក្រោយ គឺ​បទ​ប្រភេទ 18+ ចេញ​ពី​ខែ​មិថុនា៕

អត្ថបទ៖ ទារិកា