លី ម៉ារីណា បញ្ចេញ​អាយុ​ពិត​ឃើញ​ថា ត្បិត​ថា​ច្រើន​ពិត​មែន តែ​សាច់​ស​ខ្ចី​ល្វក់ ក្រមុំ ១៨​មិន​ដូរ​ទេ

  • 2020-08-31 05:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង លី ម៉ារីណា ថ្មី​ៗ​នេះ​បាន​បើក​បង្ហាញ​ពី​តួលេខ​អាយុ​ពិត​យ៉ាង​កម្រ ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល ខណៈ​អ្នក​ខ្លះ​បើក​ភ្នែក​ធំ​ៗ ត្បិត​ថា ស្ទើរ​មិន​ជឿ​ថា លី ម៉ារីណា មាន​វ័យ​ច្រើន​ទៅ​ហើយ ប៉ុន្តែ​សាច់​របស់​នាង​វិញ​នៅ​តែ​ស​ខ្ចី​ថ្លា ក្រមុំ​វ័យ ១៨ មិន​ខ្ចី​ដូរ។

ម៉ារីណា បាន​បើក​បង្ហាញ​ពី​រឿង​នេះ​ជា​លើក​ដំបូង នៅ​ក្នុង​កម្មវិធី​សម្ពោធ​ផលិតផល​ថែ​រក្សា និង​លើក​កម្ពស់​សម្រស់​មួយ​នា​ចុង​សប្ដាហ៍​មុន។ តាម​ការ​បញ្ជាក់​របស់​តារា​ស្រី បាន​ឲ្យ​ដឹង​ថា មក​ដល់​ពេល​នេះ នាង​មាន​វ័យ​ដល់​ទៅ ៤០​ឆ្នាំ​ទៅ​ហើយ។ តួ​លេខ​នេះ មិន​ត្រឹម​តែ​ភ្ញៀវ​កិត្តិយស​នោះ​ទេ​បើក​ភ្នែក​ធំ​ៗ សូម្បី​តែ​ពិធីករ សុខ រ៉ាស៊ី ក៏​ទប់​មាត់​មិន​បាន​ដែរ។ "Wow អ្នក​នាង ម៉ារីណា អាយុ ៤០​ឆ្នាំ​ហើយ តែ​កុំ​មើល​សាច់​ឡើង​ខ្ចី...ស្ទើរ​មិន​ចង់​ជឿ​ទេ​!”។ រ៉ាស៊ី លាន់​មាត់។

ជុំវិញ​រឿង​ការ​រក្សា​បាន​​សម្បុរ​ស្បែក ស​ស្អាត​នេះ ម៉ារីណា បញ្ជាក់​ថា មិន​មែន​ជា​រឿង​ចៃដន្យ ប៉ុន្តែ​នាង គឺ​ជា​នារី​ម្នាក់​ដែល​ស្រឡាញ់​សម្ផស្ស​ស្បែក ហើយ​បាន​ព្យាយាម​មើល​ថែ​វា​បាន​ដិត​ដល់​បំផុត​រហូត​មក​អស់​ពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ ពោល​គឺ​តាំង​ពី​នាង​ពេញ​វ័យ ក្នុង​នោះ​មាន​ទាំង​ការ​ប្រើ​ប្រាស់ ផលិតផល​ថែ​រក្សា​សម្រស់​នានា ប្រភេទ​ដែល​អាច​ទុក​ចិត្ត​បាន មាន​គុណភាព​ពិត​ប្រាកដ។

ក្រៅ​ពី​នេះ​នាង​មាន​ទម្លាប់​ប្រចាំ​ខ្លួន​មួយ​តាំង​ពី​ក្មេង​មក ដែល​នាង​យល់​ថា ជា​អំណោយ​ផល​មួយ​សម្រាប់​សម្ផស្ស​ស្បែក​របស់​នាង។ "ចាស វិធី​សាស្ត្រ​ផ្សេង​ក្រៅ​ពី​ប្រើ​ផលិតផល​គឺ​មាន​ដែរ...និយាយ​ហ្សីន​ហ្មង ខ្ញុំ​ចូល​ចិត្ត​ញុំា​ពន្លៃ និង​រមៀត... តាំង​ពី​តូច​ៗ​មក ម៉ាក់​ខ្ញុំ​គាត់​ចូល​ចិត្ត​បុក​ពន្លៃ រមៀត​ហ្នឹង​លាយ​ជា​មួយ​ទឹក​ឃ្មុំ​ឲ្យ​ញុំា ហើយ​ខ្ញុំ​ញុំា​វា​តាំង​ពី​ក្មេង​រហូត​មក​ដល់​វ័យ​ប៉ុណ្ណឹង​ហ្មង!”។

សម្ផស្ស​ស្បែក​របស់ លី ម៉ារីណា ត្រូវ​បាន​ទទួល​ស្គាល់ ហើយ​វ័យ​ជាង ៤០ ត្រូវ​បាន​ផាត់​ចោល ខណៈ​នៅ​ចុង​សប្ដាហ៍​មុន​នេះ ​នាង​បាន​បង្ហាញ​ខ្លួន ក្នុង​នាម​ជា​តារា​តំណាង​ផលិតផល(BA)​របស់​ក្រុមហ៊ុន HK7។ អ្នក​នាង អ៊ឹម សុគន្ធា អតីត​ជា​តារា​ម៉ូដែល បច្ចុប្បន្ន​ជា​អគ្គនាយិកា​ក្រុមហ៊ុន បាន​លើក​ឡើង​ថា លី ម៉ារីណា គឺ​ជា​តារា​ស្រី​ដែល​មាន​ចរិត​ឬកពារ​ រម្យទម ថ្លៃថ្នូរ ហើយ​អ្នកនាង ស្រឡាញ់​គាំទ្រ​តាំង​ពី​នៅ​ក្មេង​ៗ។

ចំណុច​ពិសេស​មួយ​ទៀត គឺ​ថា ម៉ារីណា ត្បិត​ថា​វ័យ​ច្រើន​ក៏​ពិត​មែន ប៉ុន្តែ​នាង​ជា​សិល្បការិនី​មាន​សម្ផស្ស​ស្បែក​ស្អាត​បំផុត​ម្នាក់​ក្នុង​ចំណោម​សិល្បការិនី​នានា និង​ជា​ចំណុច​ពិសេស​ដែល​មិន​អាច​ផាត់​ចោល​បាន ហើយ​នេះ​ជា​មូលហេតុ​ដែល​អ្នក​នាង​ជ្រើសរើស​រៀម​ច្បង​ធ្វើ​ជា BA ដោយ​ឥត​ស្ទាក់​ស្ទើរ។

លី ម៉ារីណា បញ្ជាក់​ថា មុន​ទទួល​ការងារ​នេះ នាង​ក៏​ជា​អ្នក​ប្រើ​ប្រាស់​ផលិតផល​ខាង​លើ​ដែរ។ តារា​ស្រី​ទទួល​កុងត្រា​ជាមួយ​ក្រុម​ហ៊ុន​អគ្គនាយិកា អតីត​ជា​សិល្បការិនី​មួយ​រូប​ដែរ រយៈ​ពេល ១​ឆ្នាំ។ ប្រសិន​បើ​អ្វី​ៗ​ដំណើរ​ល្អ ភាគី​ទាំង​ពីរ​នឹង​អាច​បន្ថែម​រយៈ​ពេល​ទៀត នៅ​ពេល​ជាក់​ស្ដែង៕

អត្ថបទ៖ ទារិកា