U19 កម្ពុជា​​ហ្វឹកហាត់​​១​ថ្ងៃ​ក្នុង​សប្ដាហ៍​​សម្រាប់​​ការ​ជម្រុះ​ដំណាក់​កាល​ទី​២​នេះ

  • 2020-09-02 06:54:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​ក្រុម​បាល់ទាត់​ U19 កម្ពុជា​បាន​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​ម្សិល​មិញ​នេះ ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ ដើម្បី​ត្រៀម​ការ​ប្រកួត​​​​ជើង​ឯក​យុវជន​អាស៊ី​ក្រោម ១៩ឆ្នាំ (2020 AFC U-19 Championship) ឆ្នាំ២០២០ នៅ​ប្រទេស​អ៊ូបេគីស្ថាន​​។

រូបថត៖ FFC

​បើ​តាម​ការ​បញ្ជាក់​របស់​ លោក ចាន់ មិថុនា មន្ត្រី​ព័ត៌មាន​សហព័ន្ធ​​បាល់ទាត់​កីឡាករ​​កម្ពុជា​បាន​ប្រាប់​មក​កាន់​ Sabay ថា ​ក្រុម​យុវជន​ទាំង​អស់​ហ្វឹកហាត់​តែ​​ថ្ងៃ​អង្គារ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​ក្នុង​មួយ​សប្ដាហ៍​​​សម្រាប់​​ការ​ជម្រុះ​ដំណាក់​កាល​ទី​២​នេះ​។ ​ក្នុង​ការ​ប្រមូល​ផ្ដុំ​នេះ​ នឹង​សម្រេច​​ធ្វើតេស្ត​ទម្លាក់​កីឡាករ​មួយ​ចំនួន​ទៀត ដើម្បី​ត្រៀម​​ធ្វើតេស្ត​យក​​ចូល​ដំណាក់​កាល​ទី​៣ ដែល​ជា​ដំណាក់​កាល​ចុង​ក្រោយ​មាន​២៣​នាក់​។

​លោក​បញ្ជាក់​ផង​​ដែរ​ថា ​ការ​ហ្វឹកហាត់​​ត្រៀម​ការ​ប្រកួត​គឺ​ត្រូវ​តែ​ត្រៀម ប៉ុន្តែ​​ព័ត៌មាន​ច្បាស់​ការ​ណា​មួយ​ថ្មី​​ជុំ​វិញ​កម្មវិធី​ប្រកួត​ថា នៅ​តែ​បន្ត​ ឬ​ពន្យារ​ពេល​គឺ​មិន​ទាន់​​ទទួល​បាន​ពី​ខាង AFC ​ឡើយ នេះ​គឺ​មក​ពី​ស្ថាន​ភាព​កូវីដ​១៩​​។

ការប្រកួតពានរង្វាន់ជម្រើសជើងឯកយុវជនអាស៊ី អាយុ​ក្រោម ១៩ឆ្នាំ (2020 AFC U-19 Championship) ឆ្នាំ២០២០ នឹង​ធ្វើ​នៅ​ប្រទេស​អ៊ូបេគីស្ថាន​ ចន្លោះ​ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ ដោយមានប្រទេសចំនួន ១៦ ចែកចេញជា ៤ពូល និង ១ពូល មាន ៤ក្រុម។

ក្រុម​យុវជន​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម ១៩ឆ្នាំ ដែល​ត្រូវ​ចូលរួម​ប្រកួត​នោះ គឺ​ស្ថិត​នៅពូល A ជា​មួយ​ក្រុមU-19 អ៊ូបេគីស្ថាន (ម្ចាស់ផ្ទះ) ក្រុមចុងក្រោយ U-19 អ៊ីរ៉ង់ និង​ ក្រុមU-19 ឥណ្ឌូណេស៊ី ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី