ទ្រាំលែងបាននឹង​ពាក្យ​​ញៀន​ល្បែង ណូយ វ៉ាន់ណេត បញ្ចេញផ្ទះ​៤កន្លែងដែលមានតម្លៃមិនចេះតិច

  • 2020-09-03 03:08:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាក្យ​ថា​ញៀន​ល្បែង​ទាំង​ប្ដី​ទាំង​ប្រពន្ធ រហូត​ដល់​ធ្លាក់​ខ្លួន​ដើរ​ធ្វើ​ការ​សំណង់​ដើម្បី​ចិញ្ចឹម​ក្រពះ​លើ​តារា​ចម្រៀង​ជើង​ចាស់ ណូយ វ៉ាន់ណេត បាន​កើត​មាន​ជា​យូរ​មក​ហើយ។ ថ្ងៃ​នេះ​លោក ណូយ វណ្ណេត បានបង្ហាញ​ផ្ទះ​ចំនួន​៤ ដែល​មាន​តម្លៃ​ប្រមាណ​៦០​ម៉ឺន​ដុល្លារ ដើម្បី​ជម្រះ​មន្ទិល​ទាំង​ឡាយ។

លោក ណូយ វ៉ាន់ណេត បង្ហើប​ថា បច្ចុប្បន្ន​រូប​លោក​មាន​លំនៅឋាន​ស្នាក់នៅ​ចំនួន​៤​កន្លែង ក្នុង​នោះ​មាន​វីឡា​កូន​កាត់​ចំនួន​២ ដែល​វីឡា​១​មាន​តម្លៃ​ជាង​២០​ម៉ឺន​ដុល្លារ ផ្ទះ​ល្វែង​មួយ​នៅ​វាល​ស្បូវ​មាន​តម្លៃ​៨​ម៉ឺន​ដុល្លារ និង​ផ្ទះ​ប្រភេទ​ថ្ម​ក្រោម​ឈើ​លើ​មួយ​ខ្នង​ទៀត​នៅ​ឯចម្ការ នាស្រុក​ភ្នំស្រួច ខេត្ត​កំពង់​ស្ពឺ​ សរុប​ទាំង​ផ្ទះ និង​ដី​មាន​តម្លៃ​មិន​តិច​ម៉ឺន​ដុល្លារឡើយ។ លោក​ថា ផ្ទះ​លោក​ទាំង​អស់ សម្បូរ​ទៅ​ដោយបន្លែ និង​ផ្លែឈើ​ធម្មជាតិ ដែលកើតចេញពីដៃលោកផ្ទាល់។

ចំពោះ​ល្បែង​មួយចំនួនលោក​ទទួលស្គាល់ថា លោកចេះលេងមែន ប៉ុន្ដែរូបលោក និងភរិយា មិនដែលលេង ឬលេងញៀនងើបមុខមិនរួចដូចពាក្យចរាមអារាមឡើយ។ ផ្ទុយទៅវិញលោកមានការងារជាច្រើននៅរង់ចាំ។

ណូយ វ៉ាន់ណេត ៖"បើ​ខ្ញុំ​ញៀន​ល្បែង​មែន​ប្រហែល​ផ្ទះ​ទាំង​អស់​នេះ​មិន​នៅ​សល់​ទេ អ្នក​ដែល​និយាយ​ជា​អ្នក​ដែល​ពូកែ​ច្រណែន​និន្ទា​គេ។ ធាតុ​ពិត ខ្ញុំ​ជា​មនុស្ស​រពឹសដៃ​ដាំ​បន្លែ ឈើ​ហូប និង​ជួសជុល​ផ្ទះ​អី​ហ្នឹង គឺ​សុទ្ធ​តែ​ខ្ញុំ​ជា​អ្នក​ធ្វើ"។

តារា​ចម្រៀង​ជើងចាស់​រូប​នេះ​បញ្ជាក់​ថា ផ្ទះ​ទាំង​៤​របស់​លោក​ភាគ​ច្រើន​មាន​ដើម​ឈើ​ហូប​ផ្លែ និង​បន្លែង​ធម្មជាតិ​លើក​លែង​តែ​ផ្ទះ​មួយ​ល្វែង​នៅ​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ​មិន​សូវ​មាន​បន្លែ​ព្រោះ​ផ្ទះ​ល្វែង​ពុំ​មាន​ទីធ្លា​សម្រាប់​ដាំ​ដុះ។ លោក​ថា សូម្បី​តែ​ផ្ទះ​វីឡា​កូន​កាត់​មួយ​ដែល​លោក​ជួល​ឲ្យ​អង្គការ​មួយ​ដើម្បី​ធ្វើ​ការ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ ក៏​លោក​ឆ្លៀត​ដាំ​បន្លែ និង​ដើមឈើ​ហូប​ផ្លែ​មិន​ចេះ​តិច​ដែរ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ