LG Wing មានអេក្រង់បង្វិលបាន ចេញមុខជាផ្លូវការ

  • 2020-09-15 02:02:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

LG បាន​បង្ហាញ​ចេញ​ជា​ផ្លូវ​ការ​នូវ​ស្មាតហ្វូន​ថ្មី​​ម៉ូដែល LG Wing ដែល​កើត​ចេញ​ពី​គម្រោង​ការ Explorer Project ​ជា​គម្រោង​ការ​ដែល​រុករក​គំនិត​ថ្មីៗ​លើ​ការ​ឌីហ្សាញ​ស្មាតហ្វូន។

LG Wing មាន​រចនាបថ​ពិសេស​ដែល​មាន​អេក្រង់​ចំនួន​ពីរ​ត្រួត​ពី​លើ​គ្នា ហើយ​អេក្រង់​នេះ​ដែរ​មាន​គន្លឹះ​ដែល​អាច​បង្វិល​ចេញ​ចូល​បាន បង្កើត​នូវ​បទ​ពិសោធន៍​ប្រើ​ប្រាស់​ខុស​ប្លែក​ពី​មុន។ អេក្រង់​ខាង​មុខ​មាន​ទំហំ ៦,៨អ៊ីញ ជា​ប្រភេទ P-OLED មាន​រាង​កោង​​ ដែល​អាច​បង្ហាញ​រូបភាព​បាន​ក្នុង​កម្រិត FHD+។ អេក្រង់​ទី​ពីរ​មាន​ទំហំ ៣,៩អ៊ីញ ជា​ប្រភេទ G-OLED ដែល​អាច​បង្ហាញ​រូបភាព​កម្រិត FHD+ ដូច​គ្នា។

LG Wing នេះ​មាន​របៀប​ប្រើ​ប្រាស់​ដូច​ជា​ស្មាតហ្វូន​ធម្មតា​ដែរ នៅ​ពេល​ដែល​អេក្រង់​ទាំង​ពីរ​បង្វិល​ចូល​គ្នា ប៉ុន្តែ​នៅ​ពេល​ដែល​អ្នក​បង្វិល​អេក្រង់​មេ​​ចេញ​ជា​រាង​ផ្ដេក វា​នឹង​ផ្ដល់​នូវ​បទ​ពិសោធន៍​ពិសេស​មិន​ធ្លាប់​ជួប​ពី​មុន។ ជា​មួយ​អេក្រង់​ទីពីរ​អ្នក​​ប្រើ​កម្មវិធី​បង្ហាញ​ផ្លូវ​បណ្ដើរ​និយាយ​ទូរសព្ទ​បណ្ដើរ, មិន​មាន​ការ​រំខាន​​ពី​​ Notification ផ្សេងៗ​ពេល​លេង​ហ្គេម, អាច​ប្រើ​ប្រាស់​អេក្រង់​ទីពីរ​សម្រាប់​បញ្ជា​លើ​ការ​កាត់​វីដេអូ និង​អាច​ប្រើ​ដើម្បី​បញ្ជា​ការ​លេង​ហ្គេម​កាន់​តែ​សម្បូរបែប។

ការ​ឌីហ្សាញ​អេក្រង់​បង្វិល​បែប​​នេះ មាន​ការ​អះអាង​ពី LG ថា​អាច​ទ្រាំទ្រ​បាន​ការ​បង្វិល​បាន​ ២០​ម៉ឺន​ដង ហើយ​ LG ក៏​បាន​ធ្វើ​​ឲ្យ​​ស្មាតហ្វូន​នេះ​មាន​​​ទំហំ​មិន​ធំ​ជាង​ស្មាតហ្វូន​ធម្មតា​ប៉ុន្មាន​ឡើយ ពោល​គឺ​មាន​វិមាត្រ ១៦៩,៥ x ៧៤,៥ x ១០,៩ ម.ម និង​មាន​ទម្ងន់ ២៦០​ក្រាម។

លក្ខណៈ​សម្បត្តិ​ផ្សេង​ទៀត​របស់ LG Wing គឺ​មាន​​កាមេរ៉ា Selfie បង្កប់​ក្នុង​តួ​ខ្លួន​ទំហំ ៣២MP មាន​កាមេរ៉ា​ក្រោយ​បី​គ្រាប់​ដែល​កាមេរ៉ា​មេ​ទំហំ ៦៤MP, កាមេរ៉ា Ultrawide ទំហំ ១២MP សម្រាប់​ការ​ថត​ពេល​បង្វិល និង​មួយ​ទៀត​ជា​កាមេរ៉ា Ultrawide ទំហំ ១៣MP។ ប្រព័ន្ធ​កាមេរ៉ា​ក្រោយ​មាន​មុខងារ​រក្សា​លំនឹង​ដូច​ជា​ដង Gimbal អ៊ីចឹង​ដែរ ហើយ​មាន​ប៊ូតុង​បញ្ជា​ជា​ច្រើន។

LG Wing ដំណើរ​ការ​ដោយ​បន្ទះ​ឈីប Snapdragon 765G ផ្គួប​ជា​មួយ RAM ទំហំ ៨GB និង​អង្គ​ផ្ទុក​ទំហំ ១២៨GB ឬ ២៥៦GB ហើយ​មាន​ថ្ម​ទំហំ ៤០០០mAh ដែល​គាំទ្រ​មុខងារ​សាក​ថ្ម​ឥត​ប្រើ​ខ្សែ។LG មិន​បាន​បង្ហាញ​អំពី​តម្លៃ និង​កាល​បរិច្ឆេទ​ដាក់​លក់​នោះ​ទេ ប៉ុន្តែ​វា​នឹង​មាន​ដាក់​លក់​នៅ​អាមេរិក​តាម​រយៈ​ក្រុមហ៊ុន Verizon មុន​គេ៕​​​​​

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម