ឃើញ 5G នៅកូរ៉េផ្ទុះខ្លាំង អាចឲ្យ Apple ប្ដូរចិត្តខុសពីមុន

  • 2020-09-29 02:20:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ទូរគមនាគមន៍​កូរ៉េ​ខាង​ត្បូង​បាន​និយាយ​ជា​មួយ​សារព័ត៌មាន​កូរ៉េ​ The Korea Herald ដែល​បាន​ឲ្យ​ដឹង​ថា​ត្រកូល​​ iPhone 12​ នឹង​ចេញ​លក់​លើ​ទីផ្សារ​ប្រទេស​កូរ៉េ​ខាង​ត្បូង​លឿន​ជាង​សព្វ​ដង។

ជា​ធម្មតា​ iPhone ថ្មី​តែង​ចេញ​លក់​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ក្រោយ​ការ​ចេញ​លក់​នៅ​សហរដ្ឋអាមេរិក​រយៈពេល​មួយ​ខែ។ ដូច​ជា​ឆ្នាំ​មុន iPhone 11 ចេញ​លក់​នៅ​កូរ៉េ​ខាង​ត្បូង​នៅ​ថ្ងៃ​ទី​២៥ ខែ​តុលា ចំណែក​ឯ​នៅ​សហរដ្ឋអាមេរិក​ចេញ​លក់​នៅ​ថ្ងៃ​ទី​២០ ខែ​កញ្ញា។

កូរ៉េ​ខាង​ត្បូង​គឺ​ជា​ប្រទេស​ដំបូង​គេ​ដែល​បាន​ដាក់​ដំណើរ​ការ​សេវា​ 5G ពោល​គឺ​តាំង​ពី​ខែ​មេសា​ ឆ្នាំ ២០១៩ ហើយ​គិត​ត្រឹម​ខែ​កក្កដា​នេះ ចំនួន​អ្នក​ប្រើ​ប្រាស់ 5G នៅ​ប្រទេស​នេះ​មាន​ជិត ៨​លាន​នាក់​ហើយ។ កូរ៉េ​ខាង​ត្បូង​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ជា​ទីផ្សារ​សំខាន់​មួយ​សម្រាប់ Apple ដោយ​សារ​ត្រកូល iPhone 12 នឹង​ជា​ iPhone ដំបូង​ប្រើ​ប្រាស់​សេវា 5G ដូច​នេះ​អាច​បក​ស្រាយ​បាន​ពី​មូលហេតុ​ដែល​​មាន​ការ​ចេញ​លក់​លឿន​ជាង​សព្វ​ដង។

ប្រភព​ពី​ក្រុមហ៊ុន​ទូរគមនាគមន៍​ដដែល​បាន​បន្ថែម​ថា​ ពួក​គេ​កំពុង​ត្រៀម​ខ្លួន​ក្នុង​ការ​ដាក់​លក់ iPhone 12 នៅ​ចុង​ខែ​តុលា ឬ​នៅ​ដើម​ខែ​វិច្ឆិកា។ ​ដំណឹង​ចចាមអារ៉ាម​ចុង​ក្រោយ​បាន​សន្និដ្ឋាន​ថា iPhone 12 នឹង​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​១៣ ខែ​តុលា ហើយ​នឹង​ចេញ​លក់​នៅ​ថ្ងៃ​ទី​២៣ ខែ​តុលា​ត​ទៅ៕​

ប្រភព៖ macrumors   ប្រែ​សម្រួល៖ សុខហេង