អាងហែលទឹក ពហុកីឡដ្ឋានជាតិ អូឡាំពិក បើកដំណើរការ និងបង្រៀនហែលទឹកដោយឥតគិតថ្លៃ

  • 2020-09-29 03:57:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការចូលរួម ក្នុងការហាត់រៀន នូវកីឡាហែលទឹក មិនមានការបងថ្លៃឡើយ។ នេះជាប្រសាសន៌ នៃការថ្លែង របស់ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធកីឡាហែលទឹកកម្ពុជា នៅក្នុងការសម្ភោធ អាងហែលទឹក នៃពហុកីឡាដ្ឋាន ជាតិអូឡាំពិក កាលពីថ្ងៃទី២៨ កញ្ញា ឆ្នាំ២០២០។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រុញ លើកទឹកចិត្ត និង អំពាវនាវ ដល់យុវជនកម្ពុជា អោយចូលរួម ហ្វឹកហាត់ កីឡាហែលទឹក អោយបានច្រើន ព្រោះថាការចូលរួម មិនមានការបង់ថ្លៃឡើយ។ លើសពីនេះទៅទៀត សហព័ន្ធនឹងផ្ដល់គ្រូបង្វឹកដែលមានបទពិសោធន៍ល្អៗ ដើម្បីបង្ហាត់សម្រាប់ត្រៀមប្រកួតកីឡាស៊ីហ្គេមនាឆ្នាំ២០២៣ ខាងមុខ ដែលប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះផងដែរ។

ឯកឧត្ដមទេសរដ្ឋមន្ត្រី បានរឭកដែរថា ក្នុងអំឡុងទស្សវត្សឆ្នាំ៦០ កម្ពុជាមានភាពល្បីល្បាញពាសពេញសកលលោក តាមរយៈការដណ្ដើមបានមេដាយ ជាបន្តបន្ទាប់ ទាំងក្នុងតំបន់ និងពិភពលោក លើវិញ្ញាសាកីឡាហែលទឹក ហើយឯកឧត្ដមទេសរដ្ឋមន្ត្រីប្រាថ្នាចង់ឃើញយុវជនយើងមានសមត្ថភាពគ្រប់គ្រាន់ដើម្បីស្ដារកេរ្តិ៍ឈ្មោះរបស់ប្រទេសជាតិឱ្យល្បីសុះសាយឡើងវិញ ឬមានសមត្ថភាពខ្លាំងជាងទស្សវត្សនោះ។

បច្ចុប្បន្ននេះដែរ បច្ចុប្បន្នកម្ពុជា មានអាងហែលទឹកនៅតាមបណ្ដាខេត្តមួយចំនួនដូចជា ខេត្តបាត់ដំបង កំពង់ចាម ភ្នំពេញ និងខេត្តកណ្ដាល (ស្រុកកោះធំ) ដើម្បីបង្កភាពងាយស្រួលដល់យុវជនកម្ពុជាទាំងឡាយ ដែលស្នេហាវិស័យកីឡានេះ បានចូលរួមហ្វឹកហាត់ឱ្យបានច្រើនថែមទៀតលើវិញ្ញាសាហែលទឹក បាល់ទឹក លោតទឹក និងរបាំទឹកជាដើម ដើម្បីបង្កើន និងពង្រឹងសមត្ថភាពកីឡាករ កីឡាការិនីខ្មែរឱ្យដល់កម្រិតស្តង់ដាអន្តរជាតិ និងឈានទៅដណ្ដើមយកមេដាយជូនជាតិមាតិភូមិ៕

អត្ថបទ៖​ Art

អត្ថបទពេញនិយម