ស្រី​ស្អាត លី យ៉ាកា ស្ទើរ​មិន​ចង់​ដោះ​កន្សែង​ចេញ​ពី​ខ្លួន​បង្ហាញឈុត​ប៊ីគីនី​ក្រោម​ក្រសែ​ភ្នែក​រាប់​រយ​គូ

  • 2020-09-30 03:37:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រី​ស្អាត លី យ៉ាកា ទើប​បាន​ជាប់​ជយលាភី​លេខ​២ (First Runner Up) ក្នុង​កម្មវិធី​ប្រកួត​សម្រស់​មួយ​កាល​ពី​ចុង​សប្ដាហ៍​មុន វេលា​ដែល​នាង​បញ្ជាក់​ថា នោះ​ជា​លើក​ដំបូង​បំផុត​ហើយ​ក្នុង​ឆាក​ជីវិត​ជា​នារី​ក្រមុំ ស្លៀក​ប៊ីគីនី​ឡើង​លើ​ឆាក​បង្ហាញ​សម្រស់​ក្រោម​ក្រសែ​ភ្នែក​រាប់​រយ​គូ។

“ពេល​ហ្នឹង​ខ្ញុំ​អៀន​​ណាស់ ស្ទើរ​មិន​ចង់​ហ៊ាន​ដោះ​កន្លែង​ចេញ​ពី​ខ្លួន...ហើយ​វា​មែន​ទែន វា​ធ្វើ​ឲ្យ​ខ្ញុំ​បាត់​បង់​ភាព​ជឿជាក់​លើ​ខ្លួន​ឯង ខ្ញុំ​ដឹង​ថា ខ្ញុំ​ដើរ​មិន​សូវ​បាន​ល្អ​ទេ!”។ យ៉ាកា ដែល​បច្ចុប្បន្ន​មាន​វ័យ ២៦​ឆ្នាំ​បញ្ជាក់​ទៀត​ថា រឿង​នេះ បាន​កើត​ឡើង​លើ​នាង​តាំង​ពី​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ ហើយ​បាន​ធ្វើ​ឲ្យ​មាន​អារម្មណ៍​មិន​សូវ​ជឿជាក់​ឡើយ​ដោយ​ការ​ខ្មាសអៀន​ពេក។

ត្បិត​តែ​បែប​នេះ មិន​មែន​មាន​ន័យ​ថា ស្រី​ស្អាត​មិន​ធ្លាប់​ស្លៀក​ឈុត​ហែល​ទឹក​នេះ​ពី​មុន​មក​នោះ​ទេ។ យ៉ាកា ប្រាប់​ថា​ពី​មុន​មក​នាង​ក៏​ធ្លាប់​ស្លៀក​ឈុត​នេះ​ដែរ ប៉ុន្តែ​ជា​សកម្មភាព​ផ្ទាល់​ខ្លួន​របស់​នាង​នៅ​តាម​ទី​កម្សាន្ត​ជាមួយ​ក្រុម​គ្រួសារ ដូច​ជា​នៅ​សមុទ្រ ឬ​កន្លែង​ហែល​ទឹក​ផ្សេង​ទៀត។ ប៉ុន្តែ​សម្រាប់​ការ​ស្លៀក​បែប​នេះ ដើរ​លើ​ឆាក​ក្រោម​ក្រសែ​ភ្នែក​រាប់​រយ ពាន់​គូ​បែប​នេះ គឺ​ជា​រឿង​មួយ​ថ្មី​ទៀត​សម្រាប់​នាង។

“និយាយ​មែន ខ្ញុំ​ខ្មាស​...ប៉ុន្តែ​ដោយ​សារ​ការ​ហ្វឹកហាត់ និង​បាន​កម្លាំង​ចិត្ត​ពី​គ្រួសារ​ ពួក​គាត់​លើក​ទឹក​ចិត្ត​ថា ត្រូវ​តែ​ធ្វើ​ឲ្យ​បាន ព្រោះ​គេ​ធ្វើ​បាន យើង​ត្រូវ​ធ្វើ​ឲ្យ​បាន​ដែរ ម្យ៉ាង​ប្រសិន​បើ​ទៅ​ប្រឡង​នៅ​បរទេស ក៏​យើង​នៅ​តែ​តម្រូវ​ឲ្យ​ស្លៀក​អីចឹង​ដែរ...អីចឹង​ហើយ ខ្ញុំ​បាន​តាំង​ចិត្ត កាត់​ភាព​អៀន​ខ្មាស​នេះ ហើយ​ស្លៀក​ឈុត​នេះ​ឡើង​ឆាក!”។

ក្រោយ​ការ​ប្រកួត កញ្ញា លឹម សុធារី ឬ លី យ៉ាកា មក​ពី​ខេត្ត​ព្រះសីហនុ បាន​ទទួល​ចំណាត់​ថ្នាក់​លេខ​២ (First Runner Up) ក្រោម​ការ​សាទរ​យ៉ាង​ច្រើន។ ត្បិត​ថា​​មិន​ដល់​ជយលាភី​កំពូល ប៉ុន្តែ​សម្រាប់​នាង គឺ​ពេញ​ចិត្ត​ណាស់​ទៅ​ហើយ។ សុធារី ថ្លែង​ថា នាង​រីករាយ​ខ្លាំង​ណាស់ ចំពោះ​លទ្ធផល​នេះ ព្រោះ​ដើម​ឡើយ នាង​មិន​ទាំង​សង្ឃឹម​ថា​បាន​មក​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​នេះ​ផង​ដែរ។

ស្រី​ស្អាត​វ័យ ២៦​ឆ្នាំ បញ្ជាក់​ថា នេះ​គឺ​ជា​ការ​ប្រកួត​ប្រជែង​លើក​ដំបូង​របស់​នាង ហើយ​អ្វី​ៗ​ដែល​នាង​មាន​ក្នុង​កម្មវិធី​នេះ ក៏​ជា​លើក​ដំបូង​ដូច​គ្នា។ នាង​សម្រេច​ដាក់​ពាក្យ​ចូល​រួម​ប្រកួត គឺ​គ្រាន់​តែ​វាស់​ស្ទង់​សមត្ថភាព​របស់​ខ្លួន​តែ​ប៉ុណ្ណោះ ដោ​យ​មិន​បាន​រំពឹង​ខ្ពស់​អ្វី​នោះ​ទេ។ ដូច្នេះ​ហើយ ទទួល​បាន​លទ្ធផល​ប៉ុណ្ណេះ គឺ​គ្រប់​គ្រាន់​ពេក​ហើយ​សម្រាប់​នាង។

រូបភាព៖ហ្វេសប៊ុក យ៉ាកា

លឹម សុធារី ឬ​លី យ៉ាកា បាន​ចូល​ប្រឡូក​ក្នុង​អាជីព​សិល្បៈ​នៅ​ចុង​ឆ្នាំ ២០១៧ តាម​រយៈ​ការ​ថត​ភាពយន្ត​មួយ​រឿង​មាន​ចំណង​ជើង​ថា "អន្ទង​វិញ្ញាណ" ហើយ​បន្ត​មក​ទៀត​នាង ក៏​ជា​តារា​ម៉ូដែល​មាន​ប្រជាប្រិយ​មួយ​រូប។ ជាមួយ​គ្នា​នាង​ក៏​សម្រេច​បាន​លទ្ធផល​ជា​ច្រើន​លើ​ខ្សែភាពយន្ត។ សាមី​ខ្លួន​អះអាង នាង​បាន​ថត​ចប់​រួចរាល់​ចំនួន ៦​រឿង​ហើយ មក​ទល់​នឹង​ពេល​នេះ៕

អត្ថបទ៖ ទារិកា