លឿនដូចព្យុះ ទើបលេចលឺម្សិលមិញ ឥឡូវឃើញហង្សមាស បញ្ចេញ សិរីមន្ត និង សុគន្ធកញ្ញា ឲ្យច្រៀងបទកឋិនទៅហើយ!
- 2020-10-07 03:09:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លឿនដូចព្យុះ ទើបលេចលឺម្សិលមិញ ឥឡូវឃើញហង្សមាស បញ្ចេញ សិរីមន្ត និង សុគន្ធកញ្ញា ឲ្យច្រៀងបទកឋិនទៅហើយ!
ចន្លោះមិនឃើញ
បន្ទាប់ពីម្សិលមិញ មានចចាមអារ៉ាមថា ហង្សមាស គ្រោងចាយលុយធំមិនធ្លាប់មានផលិតបទសម្រាប់បុណ្យកឋិននោះ ឥឡូវនៅព្រឹកនេះ គេឃើញផលិតកម្មធំមួយនេះ បញ្ចេញបទសម្រាប់បុណ្យប្រពៃណីជាតិឲ្យកំពូលតារារបស់ខ្លួន ខេមរៈ សិរីមន្ត និង ឱក សុគន្ធកញ្ញា ច្រៀងបាត់ហើយ។
បទចម្រៀងបែបប្រពៃណីខ្មែរមួយបទ ដែលបកស្រាយពីកំពូលតារាចម្រៀងប្រុសស្រីប្រចាំប្រទេសគឺ លោក ខេមរៈ សិរីមន្ត និងអ្នកនាង ឱក សុគន្ធកញ្ញា ទើបនឹងត្រូវបាន ផលិតកម្មរស្មីហង្សមាស ចេញ ក្តៅៗនាព្រឹកនេះ មានចំណងជើងថា “បុណ្យកឋិនទាន” ដែលត្រូវទៅតាមរដូវកាលនៃបុណ្យកឋិនតែម្តង។ នេះគឺជាបទចម្រៀងប្រពៃណីទី២ ដែលកំពូលតារាទាំងពីរ ចេញរួមបន្ទាប់ពីបទ “ភ្ជុំបិណ្ឌដល់ហើយ” ដែលបានអង្រួន បេះដូងអ្នកគាំទ្រជាច្រើនអំឡុងពិធីបុណ្យភ្ជុំបិណ្ឌទើបកន្លងផុតទៅថ្មីៗ។
ងាកមកបទ "បុណ្យកឋិនទាន" នេះវិញ ក៏ត្រូវបានអ្នកគាំទ្រលើកសរសើរជាថ្មីទៀតថា ពិតជាសមសួនឥតខ្ចោះត្រូវចំទម្រង់ប្រពៃណីខ្មែរ អមជាមួយសំឡេងដ៏ពីរោះស្រទន់របស់កំពូលតារាចម្រៀងទាំងពីរថែមទៀត។ បទចម្រៀងពិសេសនេះ ត្រូវបានរៀបរៀង តាក់តែងទំនុកច្រៀងដោយឯកឧត្តម ហ៊ុន ហេង ដែលមានស្នាដៃនិពន្ធលើបទចម្រៀងពិសេសៗជាច្រើននៅក្នុងផលិតកម្មនេះ។
ចំណុចមួយទៀត ដែលប្រិយមិត្តលើកសរសើរ គឺហង្សមាស ជាផលិតកម្មក្នុងស្រុកមួយ ដែលអាចផលិតបទចម្រៀងបែបប្រពៃណីត្រូវចំក្បួនខ្នាត និងមានគុណភាពល្អវិសេសបែបខ្មែរពិតៗ។ នៅម្សិលមិញនេះ មានព័ត៌មានចេញមកថា ផលិតកម្មហង្សមាស គ្រោងចាយលុយធំសម្បើមណាស់ ដើម្បីផលិតបទចម្រៀងវ៉ុលពិសេសសម្រាប់រដូវកាលបុណ្យកឋិនទានឆ្នាំ 2020 នេះ ដោយគ្រោងប្រមូលផ្តុំសិល្បករច្រើនជំនាន់គ្រប់ទម្រង់រាប់រយនាក់មកជុំគ្នាតែម្តង។
ទន្ទឹមនឹងភាគីខាងផលិតកម្មរស្មីហង្សមាស មិនទាន់អាចសុំទំនាក់ទំនងបាននៅឡើយ ក៏ស្រាប់តែឃើញផលិតកម្មនេះ បានចេញបទត្រូវរដូវកាលឲ្យ ខេមរៈ សិរីមន្ត និង ឱក សុគន្ធកញ្ញា ច្រៀងមែន។ ដូច្នេះហើយ គេសន្និដ្ឋានថា តម្រុយខាងលើ ទំនងជាការពិត ហើយបើដូច្នេះមែន កញ្ចប់ថវិកាសម្បើមដែលប្រភពបង្ហើបនោះ ទំនងនឹងអាចបង្កើតភាពអស្ចារ្យក្នុងវីដេអូចម្រៀងផ្លូវការបទ "បុណ្យកឋិនទាន" ដែលគេរំពឹងថា នឹងចេញឆាប់ៗនេះមិនខាន៕