លើសពីជំរករ៉ែត្បូង ខេត្តបៃលិន មាន​សម្រស់ធម្មជាតិចម្រុះស្រស់​ត្រកាល មួយជីវិតគួរទៅស្គាល់ឲ្យបានម្តង

  • 2020-10-08 04:18:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ៃលិនគឺជាខេត្តដែលប្រជាពលរដ្ឋខ្មែរ ស្គាល់ថាជាជង្រុករ៉ែត្បូងដ៏មានតម្លៃនៅកម្ពុជា។ ស្ថិតនៅផ្នែកខាងជើងនៃជួរភ្នំក្រវាញជាប់ព្រំដែនប្រទេសថៃ ខេត្តប៉ៃលិនមានចម្ងាយប្រមាណ ៣៧០គីឡូម៉ែត្រពីរាជធានីភ្នំពេញ។

ខេត្តប៉ៃលិន មានសក្ដានុពលទេសចរណ៍ដ៏សម្បូរបែប មិនចាញ់ខេត្តផ្សេងៗទៀតរបស់កម្ពុជា​ឡើយ។ បរបៃលិនមានលក្ខណៈពិសេសគ្រប់គ្រាន់សម្រាប់ភ្ញៀវទេសចរស្កាត់ទៅទស្សនា​កម្សាន្ត យ៉ាងហោចណាស់ឲ្យបានម្ដងដែរ ក្នុងមួយជីវិត។

នៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ភ្នំដ៏ចំណាស់មួយផុះ​ឡើងនៅចំពោះមុខភ្ញៀវទេសចរ គឺភ្នំយ៉ាត។ កសាងឡើងនៅឆ្នាំ១៩២២ ដោយជនជាតិកូឡា ភ្នំយ៉ាតមានកម្ពស់ ៦០ម៉ែត្រ គឺជាទីស្ថានសក្ការៈដ៏ស័ក្តិសិទ្ធ ដែលអ្នកស្រុកបរប៉ៃលិន និងអ្នកទៅពីចម្ងាយ និយមទៅបែរបន់សុំពរ ដោយគេជឿថាបារមីលោកយាយយ៉ាត នឹងជួយឲ្យការបន់ស្រន់របស់ពួកគេបានសម្រេចដូចសេចក្ដីប្រាថ្នា។

ភ្នំយ៉ាត

ក្រៅពីទស្សនាភ្នំយ៉ាត ដែលជាបេះដូងនៃខេត្តប៉ៃលិនហើយ អ្នកទេសចរអាទៅលេងរមណីយដ្ឋានទំនប់ទឹកអាងជីងចក់ ដែលជាតំបន់ទេសចរ​ទើបបង្កើតថ្មី ស្ថិតនៅចម្ងាយ ៤គីឡូម៉ែត្រពីទីរួមខេត្តប៉ៃលិន។ ទំនប់អាងទឹក​ជីងចក់ មានទេសភាពត្រកាលត្រជាក់ភ្នែក ហើយនៅទីនេះភ្ញៀវទេសចរ​ក៏អាចសម្រាកលម្អែនៅតាមតូប​តូចៗតាមមាត់ទឹក និងអាចជួលទូកអុំ​កម្សាន្តបានទៀតផង។

ទំនប់អាងទឹកជីងចក់

មិនឆ្ងាយប៉ុន្មានពីទីនេះ ទឹកធ្លាក់ភ្នំខៀវ បានបន្លឺសំឡេងឈូឆរអន្ទងឲ្យភ្ញៀវទេសចរឲ្យទៅ​កម្សាន្តកុំបីខាន។ ទឹកធ្លាក់ធម្មជាតិភ្នំខៀវ មានកន្លែងលេងទឹក ៧ជាន់ ហ៊ុំព័ទ្ធដោយព្រៃឈើខៀវស្រងាត់។ សំឡេងទឹកធ្លាក់ និងក្លិនផ្កាព្រៃនៅទីនេះ ប្រៀបបានទៅនឹងថ្នាំទិព្វធម្មជាតិ ដែលអាចព្យាបាលដួងព្រលឹងរបស់អ្នកទេសចរ​ទាំងឡាយ បាត់ឲ្យនូវភាពនឿយហត់ ជំនួសមកវិញនូវអារម្មណ៍ដ៏ស្រស់ថ្លាជាទីបំផុត។

ទឹកធ្លាក់ភ្នំខៀវ

ចង់ដឹងថាខេត្តប៉ៃលិនស្អាតបែបណានោះ សូមទស្សនាវីដេអូពីកម្មវិធី "ផ្លូវទៅស្រុក វគ្គ៣" ខាងក្រោមនេះ៖

ផ្លូវទៅស្រុក វគ្គ៣ នាំមកជូនដោយធនាគារអេស៊ីលីដា ភីអិលស៊ី សហការដោយភោជនីយដ្ឋាន Asian Kitchen, ហាងនំប៉័ង TOUS les JOURS, ហាងប៊ឺហ្គើ Lotteria, ហាងភីហ្សា Domino's Pizza, ក្រុមហ៊ុនទូរសព្ទដៃ OPPO និងគាំទ្រដោយក្រសួងទេសចរណ៍៕