កំពុង​វក់វីរឿងក្នុង​ក្រមហ៊ុនហើយ ទិនហ្វីថែម​ត្រូវ​អតីតមិត្តស្រីប្ដឹងទារលុយទៀត

  • 2020-10-16 04:52:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ឆ្នាំ ២០១២ អតីត​មិត្តស្រី​របស់​ Stephen Chow ឬទិនហ្វី មាន​ឈ្មោះ​ថា​ Alice Yu បាន​ប្ដឹង​តារាកំប្លែង​រូប​នេះ​ ទាមទារ​យក​លុយ​ ៧០លានដុល្លារហុងកុង (ប្រហែល​ ៩លានដុល្លារអាមេរិក) ដែល​ជា​ចំនួន​ទឹក​ប្រាក់នាង​អះអាង​ថា​ លោក​បាន​ជំពាក់​នាង​ ដោយសារ​ជា​ប្រាក់កម្រៃ​បាន​ពីការ​លក់​ផ្ទះពួកគេ។

នៅពេល​នោះ​ បាន​ទទួល​ត្រឹម​តែ​ ១០លានដុល្លារហុងកុង (ប្រហែល ១,៣លានដុល្លារអាមេរិក) ប៉ុណ្ណោះ ជា​ចំនួន​ដែល​ Stephen សំដៅ​ថាជា «ទឹកប្រាក់​ដែល​មិនគិត​កម្រៃផ្សេងៗ»។

កន្លងទៅ​ជា​ច្រើនឆ្នាំ កាលពី​ពួកគេ​នៅ​ទាក់ទង​គ្នា Alice បាន​ដើរតួ​ជា​ អ្នក​ពិគ្រោះយោបល់ផ្នែក​ហិរញ្ញវត្ថុ និង​ជួយ​លោក​រក​លុយ​បាន​ច្រើន​តាមរយៈការ​វិនិយោគ​វិស័យ​អចលនទ្រព្យ។ Stephen ត្រូវឲ្យ​ប្រាក់​ខែ​នាង​រាល់ខែ ហើយពួកគេ​ក៏​បាន​និយាយ​ព្រមព្រៀង​គ្នា​ ដោយ​ផ្ទាល់​មាត់​ដែរ ថា​ Stephen ត្រូវ​ផ្ដល់ឲ្យ​ ប្រាក់​រង្វាន់​បន្ថែម​ ១០ភាគរយ​ពីលុយចំណេញ​ក្រោយកាត់ពន្ធ​ ដែល​បាន​ពី​ការ​វិនិយោគ​វិស័យ​អចលនទ្រព្យ​នោះ​ ជា​លុយកុម្មុយស្យុង​ដល់ទៅ​ Alice។

ទោះ​ជា​យ៉ាង​ណា​ ទិនហ្វី​ឯណេះ​ បាន​បដិសេធ​រាល់ការ​លើក​ឡើង​ ថា​លោកជំពាក់លុយ Alice។ ករណី​នេះ​ នឹង​បញ្ជូន​ទៅ​ដោះ​ស្រាយ​ផ្លូវការ​តាម​ច្បាប់​ដល់តុលាការ​ជាន់ខ្ពស់នៅ​ខែក្រោយ។

ជាមួយគ្នា​នេះ​ផងដែរ ក៏​លេចឮដំណឹង​ថា​ Stephen Chow ពេល​នេះ​ក៏កំពុង​ឈឺក្បាល​បញ្ហា​លុយ​កាក់​ខ្លាំង​ដែរ ពី​អ្នកវិនិយោគ​មួយ​ចំនួន​ដែល​បណ្ដាក់ទុន​ក្នុងក្រុមហ៊ុន​ផលិតភាពយន្ត​របស់​លោក។ ផ្អែក​លើ​ផល​វិបាក​នៃ​មេរោគ​រាលដាល COVID-19 ការ​ចាក់​ផ្សាយ​រឿង​ថ្មី​របស់លោក គឺ​​ "The Mermaid II" នឹង​ត្រូវ​ផ្អាក​ដំណើរការ​សិន។ ក៏​មាន​ការ​បន្ថែម​ដែរថា​ វិនិយោគិន​កំពុង​ទាមទារ​យ៉ាងហោច​ណាស់​ទឹក​ប្រាក់​ ២០០លានដុល្លារហុងកុង (ប្រហែល ២៦លានដុល្លារអាមេរិក) ពី​លុយ​ដែល​បាន​ខាត​ ដោយសារ​ការ​ពន្យារ​ពេល​បញ្ចាំង​នេះ៕

អត្ថបទ៖ យី សុធារី

អត្ថបទថ្មី