ជម្រះមន្ទិលរឿងពិសាអាហារមានប៊ីចេង ពិតជាបង្កគ្រោះថ្នាក់ដល់សុខភាពមែន ឬ អត់?
- 2020-10-21 04:15:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជម្រះមន្ទិលរឿងពិសាអាហារមានប៊ីចេង ពិតជាបង្កគ្រោះថ្នាក់ដល់សុខភាពមែន ឬ អត់?
ចន្លោះមិនឃើញ
ប៊ីចេងត្រូវបានរកឃើញ ក្នុងឆ្នាំ ១៩០៨ ដោយជនជាតិជប៉ុនម្នាក់។ ប៊ីចេង គឺជា អំបិលរបស់ទឹកអាស៊ីត ហ្គូតាមិក (Glutamic Acid) បូកផ្សំជាមួយនឹងម៉ូណូសូដ្យូម អេល-ហ្គូតាមេត (Monosodium L-Glutamate) ចម្រាញ់ចេញពីធម្មជាតិសុទ្ធសាធ ដូចជាសារាយសមុទ្រ ផ្សិត សណ្ដែកសៀង ទឹកដោះគោ ទឹកអំពៅ និងបន្លែផ្សេងៗ ។ ប៉ុន្តែ មានមនុស្សជាច្រើន បាននិយាយតៗគ្នា ពីផលប៉ះពាល់របស់ប៊ីចេងចំពោះសុខភាព ដែលអាចបណ្តាលឲ្យពុកឆ្អឹងជាដើម បានធ្វើគេខ្លាចរអា មិនហ៊ានប្រើប៊ីចេងក្នុងការធ្វើម្ហូបអ្វីឡើយ ។
បើយោងតាម លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានមានប្រសាសន៍ថា៖ « ការទទួលទានម្ហូបដែលមានប៊ីចេង មិនមានផលប៉ះពាល់ដល់សុខភាព ដូចដែលគេបាននិយាយតគ្នានោះទេ»។ លោកឧកញ៉ា វេជ្ជបណ្ឌិតបានបន្តទៀតថា ៖ «តាមពិតអំបិល និងស្ករទេ ជាឃាតកលាក់មុខ ដែលបានចូលទៅបង្កជាជំងឺជាច្រើន ប្រសិនបើអ្នកទទួលទានច្រើនពេក។ ការទទួលទានប្រៃ និងផ្អែមពេក អាចបង្កជាជំងឺមួយចំនួនដូចជា ជំងឺទឹកនោមផ្អែម លើសឈាម គាំងបេះដូង ទឹកនោមប្រៃ និងជំងឺស្លាប់មួយចំហៀងខ្លួន»។
លោកឧកញ៉ា វេជ្ជបណ្ឌិតបានពន្យល់ទៀតថា ការយល់ច្រឡំនេះចាប់ផ្តើមនៅពេលដែលជនជាតិចិនមួយក្រុម បានទៅនៅប្រទេសអាមេរិក ហើយក៏មានអ្នកស្រាវជ្រាវម្នាក់បានបញ្ជាក់ថាការបរិភោគអាហារដែលមានសារជាតិប៊ីចេង បានធ្វើឲ្យប៉ះទង្គិចដល់ខួរក្បាល ដោយការសន្និដ្ឋាននេះ កើតឡើងពីការចាក់ប៊ីចេងចូលទៅក្នុងកណ្តុរ ក្នុងបរិមាណច្រើន។ បន្ទាប់ពីបានឃើញសភាពមិនប្រក្រតីនៃសត្វកណ្តុរ ទើបបានជាគេសន្និដ្ឋានថាសារធាតុប៊ីចេង បានធ្វើឲ្យប៉ះពាល់ដល់សុខភាព ដែលបណ្តាលឲ្យជនជាតិអឺរ៉ុបខ្លាច រអាក្នុងការប្រើប្រាស់ប៊ីចេងក្នុងម្ហូប។
ប៉ុន្តែ ការពិសោធន៍នេះគេមិនបានពិសោធន៍ទៅលើមនុស្សពិតប្រាកដទេ ហើយក៏គ្មានអ្នកណាដឹងអំពីបរិមាណប៊ីចេងដែលបានចាក់ចូលទៅ ថាវាច្រើនកម្រិតណា ព្រមទាំងគេមិនបានដឹងថាអ្នកស្រាវជ្រាវនោះបានយកម្ហូបដែលមនុស្សញ៉ាំមានសារធាតុរួមបញ្ចូលគ្នា ទាំងប៊ីចេង ស្ករ អំបិល ឬក៏អ្នកស្រាវជ្រាវនោះបានយកប៊ីចេងសុទ្ធចាក់ចូលទៅក្នុងកណ្តុរនោះទេ។
ជាការពិតទៅ ផលប៉ះពាល់របស់សារធាតុប៊ីចេងមានត្រឹមតែ ១% ទៅ ២% ប៉ុណ្ណោះ មិនដូចស្ករ និងអំបិល ដែលមានប្រតិកម្មសឹងតែ ១០០% នោះទេ។ លោកឧកញ៉ា វេជ្ជបណ្ឌិតបានណែនាំឲ្យផ្លាស់ប្តូររបបអាហារ ដោយការកាត់បន្ថយស្ករ និងអំបិល មកប្រើប្រាស់ប៊ីចេង ក្នុងកម្រិតធម្មតាវិញ។ ការប្រើប្រាស់ប៊ីចេងក្នុងកម្រិតសមល្មម អាចធ្វើឲ្យអាហាររបស់អ្នកមានរសជាតិឆ្ងាញ់ជាងការប្រើប្រាស់អំបិល និងស្ករច្រើន។ ចំពោះអ្នកដែលចង់ថែទាំសុខភាព គួរណាបរិភោគអាហារមានរសជាតិសាបល្មម មិនផ្អែមពេក ហើយក៏មិនប្រៃពេកដែរ និងញុំាបន្លែបៃតងឲ្យបានច្រើន៕
ប្រភព (វីដេអូ) ៖ mjqtv