តើអ្វីដែលនៅពីក្រោយមោទកភាពជាតិខ្មែរ?

  • 2020-11-04 09:56:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបភាពជាច្រើនបានបង្ហាញឲ្យឃើញពីភាពរីកចម្រើនរុងរឿងរបស់ប្រទេសមួយ ការរីកចម្រើន គឺត្រូវបានមានការរួមចំណែកជាច្រើនពីសំណាក់ប្រជាជន ថ្នាក់ដឹកនាំ នឹងកត្តាមួយចំនួនរបស់ធម្មជាតិផងដែរ។ ប្រជាជនបានលះបង់នូវអ្វីៗគ្រប់បែបយ៉ាងដើម្បីបង្កើតនូវមោទកភាពសម្រាប់ជាតិ រហូតដល់ពេលខ្លះហ៊ានពលីជីវិត ដើម្បីការពារនូវមោទកភាពជាតិផងដែរ។ តើអ្វីដែលនៅពីក្រោយមោទកភាពជាតិខ្មែរ?

១.ជាតិ សាសនា ព្រះមហាក្សត្រៈ តាំងពីសម័យពីដើមរហូតដល់ពេលបច្ចុប្បន្នព្រះរាជាគឺជាអ្នកដឹកនាំ គ្រប់គ្រងថែរក្សាការពារនូវជាតិ សាសនា សម្រាប់ផ្ដល់ជាទីជម្រកនិងជាម្លប់នៃភាពរឹងមាំផ្នែកប្រាជ្ញាស្មារតី ផ្លូវចិត្តតាមរយៈការយកពុទ្ធឱវាទមកប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃ។សរុបមកវិញបើគ្មានព្រះមហាក្សត្រជាអ្នកគ្រប់គ្រងទេ នោះជាតិនិងសាសនាក៏មិនអាចបន្តមកថែរក្សាដល់សព្វថ្ងៃនេះដែរ។

២. ដូនតា ឬបព្វបុរសខ្មែរៈ គឺជាមនុស្សតែម្នាក់ដែលបានកសាងនូវអ្វីៗគ្រប់យ៉ាងសម្រាប់មនុស្សជំនាន់ក្រោយ។ អក្សរ របាំ ឧបករណ៍តន្រី្ត ភាសាការនិយាយនិងរបៀបនៃការរស់នៅប្រចាំថ្ងៃ។ដូនតាបានខិតខំបង្កើត កសាងនូវប្រាង្គប្រាសាទ ផ្លូវទឹក វប្បធម៌ចម្រុះជាពិសេសគឺបានថែរក្សានូវពូជពង្សវង្សត្រកូលនៃជាតិសាសន៍មួយនេះនេះរហូតដល់ឥឡូវ។

៣. ធម្មជាតិៈ ធម្មជាតិសំដៅដល់ទឹកដី ព្រៃឈើ ទន្លេរ បឹងបួរ ព្រែក ផ្លូវ សត្វព្រៃ សត្វស្រុក ដំណាំ និងរដូវកាលដែលស្ថិតក្រោមដែនដីនៃជាតិខ្មែរ។យើងពិតជាសំណាងដែលបានកើតលើទឹកដីមួយ ធម្មជាតិបានអនុគ្រោះលើការប្រកបរបរកសិកម្ម បឹងសម្បូរទៅដោយមច្ឆា ព្រៃឈើសម្បូរទៅដោយសត្វព្រៃ ក្នុងដីមានត្បូងពេជ្រ រ៉ែមាស សំណនឹងប្រេងជាដើម។ នេះក៏ជាកត្តាដែលនាំឲ្យយើងគ្រប់មានមោទនភាពផងដែរ។

៤. ទំនៀមទម្លាប់ប្រពៃណីៈ ភាពទន់ភ្លន់នៃនារីខ្មែរបានបង្ហាញឲ្យឃើញនូវផ្នែកមួយនៃវប្បធម៌ដ៏រុងរឿង។ការសំពះក៏ជាវប្បធម៌ប្រចាំថ្ងៃរបស់ខ្មែរផងដែរ។ភាសានៃការនិយាយបានបង្ហាញឲ្យឃើញកាន់តែច្បាស់ថាយើងជាម្ចាស់នៃវប្បធម៌ខ្មែរ ដែលមិនអាចឲ្យសាសន៍ដទៃនិយាយបំផ្លើសហួសការពិតនោះទេ។ពិធីបុណ្យនានារបស់ខ្មែរ ទាំងបុណ្យជាតិនិងបុណ្យសាសនា ការគោរពបូជាចំពោះព្រះសម្មាសម្ពុទ្ធ គោរពប្រណិបត្រគ្រូបាធ្យាយ ឪពុកម្ដាយ ជីដូនជីតា និងអ្នកមានគុណចំពោះខ្លួនទាំងពួង។

៥. បូរណភាពដែនដីៈ យើងមានដែនដីខ្មែរដែលជាទឹកដីសុវណ្ណភូមិមានជម្រករស់នៅ មានកំណើតលើទឹកដីខ្មែរមានខ្មែរជាដូនតា។មានដូនតាជាពូជអ្នកចម្បាំង ខ្លាំងឈ្នះលើមារសត្រូវ ដែនដីមានវិសាលភាពធំទូលាយ។ ដូនតាបានពលីជីវិតដើម្បីការពារទឹកដីមួយនេះ ព្រោះទឹកដីមួយនេះគឺជារបស់ពូជខ្មែរតែម្នាក់គត់។

៦. ភាសាៈ គេអាចសម្គាល់ពីជាតិសាសន៍ណាមួយបានដោយសម្គាល់ទៅលើភាសានៃការនិយាយ។កម្ពុជាមានភាសាខ្មែរដែលជាភាសាផ្ទាល់របស់ខ្លួន អាចទំនាក់ទំនងគ្នាបានក្នុងជីវិតប្រចាំថ្ងៃ។ខ្មែរជាម្ចាស់នៃភាសា ភាសាខ្មែរតំណាងឲ្យជាតិខ្មែរ។

៧. ការស្រឡញ់នឹងឲ្យតម្លៃគ្នាក្នុងនាមជាខ្មែរតែមួយៈ ការរួបរួមសាមគ្គីជាធ្លុងមួយគឺការរួមចំណែកដ៏សំខាន់ក្នុងការកសាងនូវមោទនភាពជាតិ។ ព្រោះជាតិមួយមានមោទនភាពទៅបានក៏ដោយសារកម្លាំងនៃសន្តិភាព ហើយសន្តិភាពទៀតសោតកើតឡើងពីប្រជាពលរដ្ឋខ្មែរគ្រប់រូបពួតដៃគ្នា សាមគ្គី កសាងសុភមង្គលក្នុងគ្រួសារ គោរពឲ្យតម្លៃមនុស្សដូចគ្នា គិតពីប្រយោជន៍រួមជាធំ។ហើយបន្តកសាងជាតិឲ្យរីកចម្រើនទៅមុខជាមួយគ្នា។

៨. បង្កើតមោទនភាពផ្ទាល់ខ្លួនៈ យើងម្នាក់ៗគឺជាកម្លាំងចលករដ៏សំខាន់សម្រាប់ជាតិ កាសងខ្លួនឯងគឺប្រៀបបានទៅនឹងការកសាងជាតិផងដែរ។ មិនថាយើងជាអ្នកណា មកពីណា ឲ្យតែរស់នៅលើទឹកដីខ្មែរគឺសុទ្ធតែជាចំណែកមួយនៃការកាសងជាតិដែរ។ រឿងសំខាន់បំផុតសម្រាប់កសាងនូវមោទនភាពផ្ទាល់ខ្លួននោះជាការដែលខិតខំសិក្សារៀនសូត្រ អានសៀវភៅ ធ្វើនូវសេចក្ដីល្អ បង្កើតទំនាក់ទំនងជាមួយមនុស្សទូទៅក្នុងសង្គម និងមើលឃើញពីរបៀបនៃការជួយសង្គម។

ប្រភព៖ ឧទ្យានទឹកខ្មៅ