លក់បាន ៧៤ពាន់លានដុល្លារ ពេលនេះដល់វគ្គដឹកជញ្ជូនចេញ

  • 2020-11-13 02:24:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទិវា​លក់​ទំនិញ​ Singles Day បាន​បិទ​បញ្ចប់​ទៅ​ ដោយ​ក្រុមហ៊ុន​លក់​ទំនិញ​ Alibaba អាច​លក់​ទំនិញ​បាន​ប្រាក់​សរុប​ជាង ៧៤​ពាន់​លាន​ដុល្លារ ឯណោះ។

Singles Day ជា​ទិវា​ដែល​​ធ្វើ​ឡើង​​នៅ​ថ្ងៃ​ទី​ ១១ ខែ​វិច្ឆិកា​ជា​រៀង​រាល់​ឆ្នាំ គឺ​ជា​ទិវា​ទិញ​ទំនិញ​ដ៏​ធំ​មួយ​ដែល​ចាប់​ផ្ដើម​គំនិត​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន Alibaba។ សម្រាប់​ឆ្នាំ​នេះ​​ទិវា​គឺ​មាន​រយៈពេល​សរុប ៤​ថ្ងៃ ដោយ​មាន​ការ​លក់​ទំនិញ​មុន​៣​ថ្ងៃ​នៃ​ថ្ងៃ​កម្មវិធី ដើម្បី​បង្កើន​ចំនួន​លក់ ប៉ះប៉ូវ​ការ​ខាត​បង់​ពេល​​ផ្ទុះ​ជំងឺ​កូវីដ​១៩។ រូបភាព​ឆ្នាំ​មុន​បាន​បង្ហាញ​អំពី​ភាព​វឹកវរ​នៃ​ការ​ដឹក​ជញ្ជូន​ទំនិញ​​​​តម្លៃ ៣៨​ពាន់​លាន​ដុល្លារ ហើយ​ឆ្នាំ​នេះ​រំពឹង​ថា​នឹង​វឹកវរ​កាន់​តែ​ខ្លាំង​លើស​មុន។

​​​Cainiao គឺ​ជា​ដៃ​គូ​​ដឹក​ជញ្ជូន​របស់ Alibaba ហើយ​សម្រាប់​ទិវា​ Singles Day ឆ្នាំ ២០១៩ ក្រុមហ៊ុន​បាន​ធ្វើ​ការ​ដឹក​ជញ្ជូន​ ១,៣​ពាន់​លាន​ដង សម្រាប់​ការ​កុម្ម៉ង់​ទិញ​ទាំង​អស់។

នៅ​ឆ្នាំ ២០២០ នេះ​ ក្រុមហ៊ុន Cainiao បាន​រៀប​ចំ​ជើង​យន្តហោះ​ និង​កប៉ាល់​ដឹក​ទំនិញជាង ៣​ពាន់​ ដើម្បី​ដឹក​ទំនិញ​ក្នុង​ប្រទេស​ចិន។

មនុស្ស ៣​លាន​នាក់ នឹង​​ត្រូវ​ជាប់​ពាក់ព័ន្ធ​នឹង​ដំណើរ​ការ​ដឹក​ជញ្ជូន​ នៅ​ឃ្លាំង​ទំនិញ និង​កំពង់ផែ។

នៅ​ឃ្លាំង​ទំនិញ​ ក្នុង​ទីក្រុង Wuxi របស់​ក្រុមហ៊ុន Cainiao មាន​រ៉ូបូត​ចំនួន ៧០០ ដែល​ជួយ​ដល់​ដំណើរ​ការ​រៀប​ចំ​ទំនិញ​កាន់​តែ​លឿន​ជាង​មុន។

រ៉ូបូត​អាច​រើស​យក​កញ្ចប់​ទំនិញ រួច​ដឹក​ទៅ​កាន់​ផ្នែក​ផ្សេង​ទៀត​នៃ​ឃ្លាំង​ទំនិញ ដើម្បី​បន្ត​ការ​រៀប​ចំ​ទំនិញ​នោះ​សម្រាប់​ដឹក​ជញ្ជូន​ចេញ។

ក្រុមហ៊ុន Cainiao ក៏​មាន​រ៉ូបូត​ដឹក​ជញ្ជូន ដែល​អាច​ដឹក​ជញ្ជូន​ទំនិញ​ដល់​​លំនៅឋាន​អតិថិជន​ក្នុង​តំបន់​បាន​ដោយ​ផ្ទាល់។

ក្រុមហ៊ុន​ក៏​បាន​រៀប​ចំ​ដំឡើង​ស្ថានីយ​កែច្នៃ​ប្រមាណ ៨​ម៉ឺន​កន្លែង​នៅ​ជុំវិញ​ប្រទេស​ចិន ដើម្បី​លើក​ទឹក​ចិត្ត​អតិថិជន​ក្នុង​ការ​ប្រគល់​ជូន​កញ្ចប់​ទំនិញ​សម្រាប់​កែច្នៃ​ប្រើ​ឡើង​វិញ​ផង​ដែរ។

​​​ក្រុមហ៊ុន Cainiao បាន​ពង្រឹង​ប្រព័ន្ធ​ដឹក​ជញ្ជូន​របស់​ខ្លួន​ឲ្យ​កាន់​តែ​ប្រសើរ​ជាង​មុន​ក្នុង​ឆ្នាំ ២០២០ នេះ ដោយ​មាន​អតិថិជន​មួយ​ចំនួន​ទទួល​បាន​ទំនិញ​ដែល​កុម្ម៉ង់​ក្នុង​ពេល​ត្រឹម​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ។

​ការ​ដឹក​ជញ្ជូន​ដំបូង​របស់ Alibaba ក្នុង​ទិវា​ទំនិញ Singles Day ឆ្នាំ​នេះ គឺ​​​ថ្នាំ​បាញ់​សម្លាប់​មូស​ ដែល​បាន​ដឹក​ជញ្ជូន​ដល់​អតិថិជន​នៅ​ខេត្ត​ Sichuan បន្ទាប់​ពី​កុម្ម៉ង់​ទិញ​បាន ១១​នាទី​ប៉ុណ្ណោះ៕​

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ សុខហេង