គាំទ្រទេ? យុវជនមួយក្រុមលើកបដាធំៗ តវ៉ាសុំឱ្យអ្នករត់កង់បីទាំងអស់ ឈប់បើកបរលើផ្លូវម៉ូតូទៀត

  • 2020-11-22 11:13:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សេវាដឹកជញ្ជូននៅរាជធានីភ្នំពេញកាន់តែសម្បូរបែប ក្រៅពីម៉ូតូឌុប រថយន្តតាក់ស៊ី ជាពិសេសនោះគេឃើញថាវត្តមានរ៉ឺម៉កកង់បីកាន់តែច្រើនឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ មានទាំងរ៉ឺម៉កកង់បីខ្មែរ និងឥណ្ឌា ។ យ៉ាងណាមិញដោយសារតែចំនួនអ្នកបើកបររ៉ឺម៉កកង់បីកាន់តែច្រើនឡើងក៏បណ្ដាលឱ្យមានបញ្ហាប្រឈមមួយចំនួនផងដែរ ពិសេសមានបងប្អូនប្រជាពលរដ្ឋមួយចំនួនតែងលើកជាមតិរិះគន់ជាបន្តបន្ទាប់ ចំពោះអ្នកប្រកបអាជីពនេះមួយចំនូនហាក់បើកបរបំពានផ្លូវអាទិភាពអ្នកដទៃ ពិសេសគឺបើកបរលើគន្លងរបស់អ្នកបើកបរម៉ូតូ ដែលជាហេតុធ្វើឱ្យមានភាពកកស្ទះកាន់តែខ្លាំង ។

ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះដែរស្រាប់តែថ្មីៗនេះ ឃើញមានយុវជនមួយក្រុមបានលើកបដា និងស្រែកដាក់មេក្រូទាមទារសុំឱ្យអ្នកបើករ៉ឺម៉កកង់បីឥណ្ឌាទាំងអស់មិនត្រូវបើកបរលើផ្លូវម៉ូតូទេ ព្រោះជាប្រភេទត្រីចក្រយានយន្ត ។ អ្នកតវ៉ាបានសុំឱ្យអ្នកបើកបររ៉ឺម៉កកង់បីឥណ្ឌាទាំងអស់ ត្រូវបើកបរនៅផ្លូវកណ្ដាល ផ្លូវល្បឿនមធ្យម ហាមបញ្ជ្រៀត និងជ្រៀតជ្រែកផ្លូវម៉ូតូ ។

យ៉ាងណាក្ដីមានមហាជនមួយចំនូនបានគាំទ្រចំពោះក្រុមយុវជនដែលចេញមុខតវ៉ាខាងលើ តែក៏មានមហាជនមួយចំនួនបានលើកឡើងដែរថា ការតវ៉ាមិនមានប្រសិទ្ធភាព និងមិនស្មើភាពនោះទេ ដោយសារប្រជាជនខ្មែរមួយចំនូន មិនថាអ្នកបើកបរម៉ូតូ អ្នកបើកបររថយន្ត អ្នករត់កង់បីនោះទេ សុទ្ធតែខ្វះការយល់ដឹងលើផ្នែកចរាចរណ៍នេះ ស្ទើរតែមួយចំនួនធំទៅហើយ បើកបរមិនត្រឹមត្រូវ ។

ចំណុចនេះប្រសិនបើអ្នកបើកបរម៉ូតូចង់ផ្លាស់ប្ដូរទម្លាប់អ្នកបើកបរកង់បី លុះត្រាខ្លួនឯងផ្ទាល់គោរពសិទ្ធិអាទិភាពគេឱ្យបានជាមុនសិន ។ ពោលពលរដ្ឋគ្រប់រូបសុទ្ធតែត្រូវកែប្រែទម្លាប់ និងរៀនយល់ដឹងទាំងអស់គ្នាលើការធ្វើចរាចរណ៍លើដងផ្លូវ មិនអាចបន្ទោសអ្នកណាបាននោះទេ ដោយត្រូវទាមទារការអប់រំ ការផ្សព្វផ្ដាយ និងការបញ្ជ្រាបចំណេះដឹងឱ្យបានទូលំទូលាយ និងមានបទដ្ឋានគតិយុត្តច្បាស់លាស់ដើម្បីរឹតបន្តឹងថែមទៀតទើបបញ្ហាកកស្ទះចរាចរណ៍នេះអាចកាត់បន្ថយបាន ៕

អត្ថបទ៖ វឌ្ឍនៈ