ទើបបង្ហាញខ្លួនសោះតែស្មាត់ ខនឆ្វេង ​ទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន

  • 2020-12-04 07:10:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទើបតែបង្ហាញខ្លួន​លេងក្រៅផ្លូវការបានប៉ុន្មានប្រកួតប៉ុណ្ណោះ ប៉ុន្តែស្មាត់ ស៊ុយ ខន ឬប្រិយមិត្តស្គាល់ថា «ខនឆ្វេង» ទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន។ ចាប់អារម្មណ៍ខ្លាំងក៏ព្រោះតែគេមានផ្លែសរវ៉ា និងការប្រើប្រអប់ផ្ដាច់បានល្អ។

ស្មាត់ ខនឆ្វេង កណ្ដាល

នៅតារាងបាល់ទះកូនភ្លោះក្រុងតាខ្មៅ កាលពីពេល​ថ្មីៗកន្លងទៅ ស្មាត់មានដើមកំណើតមកពីខេត្តតាកែវ ត្រូវបានស្មាត់កំពុងឡើងកូដមកពីតាកែវដូចគ្នាគឺ រស់ វេត និង រស់ ហាន់វ៉ា តឱ្យបីទល់នឹងបួន ប៉ុន្តែចុងបញ្ចប់ជ័យជម្នះបានធ្លាក់លើខនឆ្វេង​។

ក្នុងជំនួបនេះហើយ កីឡាករបញ្ជាការដ្ឋានអង្គរក្ស កងអន្តរាគមន៍ចល័ត ៩៩៩ បានធ្វើឱ្យទស្សនិកជនកាន់តែចាប់អារម្មណ៍ខ្លាំង លើសមត្ថភាពចាប់សេវ៉ា ផ្ដាច់ និងការលេងផ្លែសេវ៉ាដ៏ល្អរបស់គេ។ ក្រៅពីការប្រកួតនេះយុវជន​វ័យ​២០​ឆ្នាំ ក៏ធ្លាប់ប្រកួតជាមួយស្មាត់ធំៗផ្សេងទៀតដែរ រួមមានតាក់មហាផ្ទៃ ​ជឿនកំពង់ស្ពឺ ​នួនវិចិត្ររបស់កងការពារ ៣១១ និងប្ដូរចង្កេះលើអាកាស វ៉េត សុវណ្ណនាថ ជាដើម។

ការបង្ហាញសមត្ថភាពដ៏ល្អរបស់គេ ក៏បានធ្វើឱ្យស្មាត់រហស្សនាមអធិរាជបោកបាំងស្រុកខ្មែរ រស់ ហាន់វ៉ា ចាប់អារម្មណ៍ និងចង់បានគេ លេងអេគីប៣ស្មើជាមួយដែរ បើសិនស្មាត់ រស់ វេត ដែលត្រូវជាប្អូនប្រុសបង្កើតឡើងទៅធ្វើការនៅប្រទេសកូរ៉េមែននោះ។

អេគីបអ្នកតាកែវ ស្មាត់ ខន រាប់ពីឆ្វេងទី៣

អ្វីទាំងនេះជារឿងប្រកួតក្រៅផ្លូវការ ចុះរឿងប្រកួតផ្លូវការវិញ តើកូនពៅក្នុងចំណោមបងប្អូន៧នាក់នេះ ធ្លាប់ប្រកួតជាមួយក្រុមណាខ្លះ?

តាមសម្ដីរបស់ ស៊ុយ ខន គេធ្លាប់បានប្រកួតមិត្តភាពខ្លះៗដែរ ជាមួយផ្នែកដទៃនៅក្នុងបញ្ជាការដ្ឋានអង្គរក្ស ជាពិសេសការប្រកួតមិត្តភាព ដកស្រង់បច្ចេកទេសជាមួយក្លឹបបាល់ទះ វិសាខាទើបបញ្ចប់ថ្មីៗនេះ។

តើស្មាត់ល្អតាមភូមិស្រុកនេះ ចូលហាត់នៅ​កងអន្តរាគមន៍ចល័ត​ ៩៩៩ នៅឆ្នាំណា? បើតាមរយៈសារឆ្លើយឆ្លងរបស់គេជាមួយ Sabay នាថ្ងៃនេះ គឺអតីតសិស្ស​ថ្នាក់ទី១២វិទ្យាល័យសុខអានក្ដីទន្ទឹម បានចូលហ្វឹកហាត់នៅកងអន្តរាគមន៍ចល័ត ៩៩៩ នៅចុងឆ្នាំ២០១៩។ ក្រោយពីបានហ្វឹកហាត់ គេថាទទួលបានចំណេះដឹងថ្មីៗច្រើន ហើយសមត្ថភាពក៏កើនឡើងជាងមុន។

យុវជនមានឪពុកម្ដាយជាកសិកររូបនេះ បានបញ្ជាក់ថា ៖«ហាត់ចឹង​វាកើនជាងមុន កើនបទពិសោធន៍ និងបច្ចេកទេស រឹងសឺវីសជាងមុន ការផ្ដាច់ និងការចេញសេវ៉ាល្អ»៕

អត្ថបទ៖ អ៊ុំ សុភក្តិ

អត្ថបទថ្មី