កត់ទុក! ជំនាញស្រួលរៀនឆាប់ចេះ អាចជួយយុវវ័យសម័យនេះឲ្យរកលុយបានច្រើនទាំងវ័យក្មេង
- 2020-12-06 02:49:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កត់ទុក! ជំនាញស្រួលរៀនឆាប់ចេះ អាចជួយយុវវ័យសម័យនេះឲ្យរកលុយបានច្រើនទាំងវ័យក្មេង
ចន្លោះមិនឃើញ
ក្នុងវ័យពេញរៀន ហើយចង់រកលុយដែរនោះ ពិតជាពិបាក ព្រោះគ្មានពេលវេលាគ្រប់គ្រាន់ ម្យ៉ាងខ្លាចប៉ះពាល់គុណភាពការសិក្សាទៀត។ តែបើអាចរកបទពិសោធន៍ការងារតាំងពីពេលកំពុងរៀនបាន វានឹងជួយអ្នកឲ្យឆាប់ទទួលបានការងារល្អៗធ្វើក្រោយរៀនចប់ភ្លាមៗផងដែរ។
មានជំនាញងាយរៀន និង មានឱកាសការងារជាច្រើន សម្រាប់អ្នកចង់រកលុយក្រៅម៉ោងរៀន ឬ ម៉ោងធ្វើការ ដូចជា ៖
១. អ្នកសសេរអត្ថបទ ៖ បើអ្នកចូលចិត្ត និងមានទេពកោសល្យខាងសសេរ អ្នកអាចធ្វើជាអ្នកសសេរអត្ថបទព័ត៌មាន អ្នកសសេរគម្រោងការទីផ្សារ ឬក៏រឿងខ្លីៗ ( freelance Writer)។ ដើម្បីទទួលបានការងារ អ្នកគ្រាន់តែត្រូវអានឲ្យច្រើន និងរៀនសរសេរអំឡុងពេលធ្វើការជាក់ស្តែងតែម្ដង (On Job Training) ។ អ្វីដែលអ្នកត្រូវផ្តោចសំខាន់ដើម្បីចាប់ជំនាញ និង អាជីពនេះ គឺ ការច្នៃប្រឌិតថ្មីៗ ក្នុងរបៀបសរសេរ (សរសេរទាក់ទាញអ្នកអាន) , និងយកចិត្តទុកដាក់លើអក្ខរាវីរុទ្ធឲ្យត្រឹមត្រូវជាការស្រេច។
២. អ្នកថតរូបអាជីព ៖ ជំនាញនេះរៀនឆាប់ចេះ ការងារបែបសប្បាយៗ គួបផ្សំជាមួយចំណង់ចំនូលចិត្តយុវវ័យផង វាកាន់តែទាក់ទាញខ្លាំង។ យើងអាចរៀនពីអ្នកស្គាល់គ្នាដែលមានអាជីពនេះស្រាប់ ឬ តាមអ៊ីនធឺណែតក៏បានដែរ។ អាចធ្វើជាការងារក្រៅម៉ោង ហើយសម្រាប់កម្រៃក៏បានខ្ពស់គួរសមដែរ (បានតាមទំហំការងារ) ។
៣. Youtuber ឬ អ្នកថត Vlog ៖ ថតវីដេអូខ្លីៗ របស់អ្នកនិយាយពីប្រធានបទអ្វីមួយ ឬ ជាសកម្មភាពប្រចាំថ្ងៃសប្បាយៗ រួចបង្ហោះលើប្រព័ន្ធបណ្ដាញសង្គមល្បីៗ ដូចជា យូធូប ហ្វេសប៊ុក ឬ Tik Tok ជាដើម។ ប្រសិនបើវីដេអូអ្នកមានការចូលមើលច្រើន អ្នកនឹងអាចរកចំណូលបានតាមរយៈការថតវីដេអូផ្សាយពាណិជ្ជកម្មសម្រាប់ផលិតផលនានា។
៤. កាត់ត និង រចនារូបភាព (Graphic design) ៖ អ្នកអាចរៀនតិចនិក ដោយខ្លួនឯងបានពីក្នុងអ៉ីនធឺណែត បើសិនជាអ្នកចេះខ្លះៗទៀត សឹងតែមិនបាច់ទៅរៀនក្នុងសាលា។ អ្នកអាចធ្វើ Logo, poster, ប័ណ្ណប្រកាសផ្សេងៗដែលរកកម្រៃបានលឿន និងខ្ពស់ល្មម។
៥. អ្នកបកប្រែឯកសារ ៖ បើអ្នកចេះភាសាអង់គ្លេសច្រើន ឬ ក៏ចេះលើសពី ២ភាសា (ចិន , ថៃ, កូរ៉េ, បារាំង, ជប៉ុន) អ្នកអាចធ្វើការងារបកប្រែឯកសារនានា។ ហើយក្នុងការបកប្រែមួយអត្ថបទ អ្នកបកអាចរកចំណូលបានកប់ហ្មង។ ការងារនេះល្អត្រង់ថាក្រៅពីមិនប៉ះពាល់ម៉ោងរៀន ឬ ធ្វើការងារ អ្នកថែមទាំងអាចបន្ថែមចំណេះដឹងខ្លួនឯងទៀត។
៦. គ្រូបង្រៀនក្រៅម៉ោង ៖ ការងារនេះមានតម្រូវការខ្លាំងណាស់ មិនថាបង្រៀនក្រៅម៉ោងនៅតាមសាលា ឬ តាមផ្ទះនោះទេ។ ជំនាញដែលមានតម្រូវ មាន ដូចជា គណិតវិទ្យា, រូបវិទ្យា, គីមីវិទ្យា, ភាសាបទេស, IT & Design (Photoshop), គូសប្លង់ (AutoCAD), សរសេរកូដ Computer ជាដើម។
៧. Microsoft Excel (Database) ៖ ក្រុមហ៊ុនតូច ធំជាច្រើនប្រើប្រាស់ Spreadsheet ក្នុងគ្រប់គ្រងទិន្នន័យរបស់ពួកគេ។ ជំនាញនេះអ្នកអាចបង្រៀនក្រុមហ៊ុនទាំងនោះ ពីរបៀបដំណើរការទិន្នន័យរបស់ពួកគេយ៉ាងឆាប់រហ័ស។
៨. ធ្វើម្ហូប ឬបង្អែម លក់អនឡាញ ៖ ជាជំនាញមួយដែលកំពុងមានប្រជាប្រិយភាពខ្លាំងក្នុងពេលបច្ចុប្បន្ន ។ បើអ្នកចេះធ្វើម្ហូបហើយទទួលបានការសសើរ ពីមនុស្សជុំវិញខ្លួនអ្នកគួរសាកលក់ម្ហូបតាមអនឡាញ នឹងអាចរកចំណូលបានច្រើន។ អ្នកគួរមើលទីផ្សារថាគេនិយមអ្វី ហើយអាចរៀនធ្វើ ឬកែរច្នៃម្ហូប ឬបង្ហែមនោះឲ្យកាន់តែទាក់ទាញ នឹងអាចទាក់ទាញអ្នកទិញបាន។ ជាក់ស្តែងនេះជារបរមិនសូវប្រឈមនឹងការខាតបង់ឡើង ព្រោះទាល់តែមានការកុម្ម៉ង់ ទើបអ្នកបោះទុនធ្វើ។
៩. អ្នករៀបចំកម្មវិធីក្រៅម៉ោង (Event Planner) ៖ ជាទូទៅក្រុមហ៊ុនរៀបចំកម្មវិធី (Event Planner) តែងត្រូវការកម្លាំងបន្ថែមដើម្បីជួយការងារស្រាលៗ រាល់ពេលទទួលបានគម្រោងធំៗ។ នេះជាការងារប្រើកម្លាំងសុទ្ធ ដែលត្រូវអនុវត្តតាមការរៀបចំរបស់ថ្នាក់លើ ដូចជា ចែកខិតប័ណ្ណ ជួយរៀបចំទីតាំង ជួយមើលអីវ៉ាន់ តាំងទំនិញ រៀបផ្កា ឬ រៀបបញ្ជីឈ្មោះភ្ញៀវជាដើម។
១០. ការងារជាអ្នកលក់ ៖ ភាសាសាមញ្ញគេហៅថា អ្នកលក់ ឬ Sale ដែលចំណូលទទួលបាន គឺ គិតជាភាគរយតាមចំនួន នៃការលក់សម្រេចរបស់គេ ឧទាហរណ៍ ដូចជា ជួយគេផ្សព្វផ្សាយ និងលក់ទំនិញតាមអនឡាញជាដើម ។
១១. អ្នកគួកជេ៖ នាំភ្ញៀវទិញ ផ្ទះ និងដី ទទួលបានចំណូលច្រើនក្រែលដែរ ដែលជាទូទៅ ទទួលបានដល់ទៅ ២% នៃថ្លៃលក់ផ្ទះ ឬ ដីនោះ។ រីឯ អ្នកនាំភ្ញៀវជួលផ្ទះ ឬ ខុនដូវិញ គឺ អាចបានលុយកុំមីស្យុងស្មើនឹងថ្លៃជួល កន្លះខែ ឬ ១ខែ ឬក៏អាចច្រើនជាងនេះទៅតាមរយៈពេលនៃកុងត្រាជួល។ ជំនាញនេះមិនពិបាកទេ តែទាមទារឲ្យអ្នកមានពេលវេលានាំភ្ញៀវដើរមើលទីតាំង រហូតដល់គេពេញចិត្ត និងមានជំនាញចេះសម្របសម្រួល ទាំងសងខាង (ទាំងអ្នកទិញ និង អ្នកលក់) ។ បើអ្នកចេះច្រើនភាសាកាន់តែកាក់កប ក្នុងអាជីពនេះជាមួយការនាំភ្ញៀវបរទេសដើរជួលផ្ទះ ឬ ដីជាដើម។
ក្រៅពីការងារដែលបានរៀបរាប់ខាងលើនេះ នៅមានការងារជាច្រើនទៀតដែលអ្នកអាចធ្វើក្រៅម៉ោងសិក្សាបានដូចជា អ្នកវាយឯកសារ គូររូបគំនូរ បង្រៀនលេងឧបករណ៍ភ្លេង លក់ឥវ៉ាន់អនឡាញ ជាដើម។
បច្ចុប្បន្នសេដ្ឋកិច្ចមិនសូវល្អដោយសារកូវីដ១៩ សាលារៀនខ្លះបិទ ដូច្នេះអ្នកអាចនៅសល់ពេលវេលាទំនេរច្រើន គួរសាករកចំណូលបន្ថែមជួយគ្រួសារដែរ ។ បើមិនទាន់មានជំនាញណាមួយច្បាស់ អាចសាកល្បងប៉ុន្មានមុខខាងលើនេះបាន រៀនឆាប់ចេះ ហើយក៏ងាយរកការងារធ្វើផងដែរ ឲ្យតែព្រមធ្វើ ដឹងតែលុយរត់រកមិនខាន៕
Manulife Cambodia គាំទ្រការស្រលាញ់សុខភាព