ប្រកាសឱ្យអ្នកធ្លាប់ទៅហាង Zando បឹងកេងកង ពីព្រលប់ថ្ងៃទី ២៧ វិច្ឆិកា ត្រូវទៅធ្វើតេស្តជាកំហិត

  • 2020-12-06 02:00:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលបានចូលទិញសំលៀកបំពាក់ នៅហាងZando សាខាបឹងកេងកង ក្នុងកំឡុងចាប់ពីម៉ោង ១៩ និង ៣០នាទីយប់ នាថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២០រហូតមកដល់ថ្ងៃបិទហាង ត្រូវមកធ្វើតេស្តជាបន្ទាន់នៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ រៀងរាល់ម៉ោងធ្វើការ ដើម្បីស្វែងរកវីរុសកូវីដ១៩ ។ នេះបើតាមការអំពាវនាវយ៉ាងទទូចពីសំណាក់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ។

លើសពីនេះអ្នកដែលគិតថាខ្លួនឯងមានការពាក់ព័ន្ធ សូមកុំខ្មាសអៀន ត្រូវចេញមុខបង្ហាញការពិត និង តម្រូវឲ្យធ្វើចត្តាឡីស័កនៅផ្ទះ ឬសណ្ឋាគារ ឬតាមកន្លែងធ្វើចត្តាឡីស័ក ឲ្យគ្រប់ ១៤ ថ្ងៃ និង អនុវត្តវិធានការការពារ កុំឲ្យចម្លងទៅអ្នកដទៃឲ្យបានត្រឹមត្រូវជាទីបំផុត ។

សូមបញ្ជាក់ថា ពីរនាក់បងប្អូនបង្កើតនឹងគ្នា ម្នាក់ធ្វើការនៅធនាគារកាថេ និង ម្នាក់ធ្វើការនៅធនាគារចិន ដែលរកឃើញថា បានឆ្លងជំងឺកូវីដ-១៩ ពីព្រឹត្តិការណ៍ «សហគមន៍ ២៨វិច្ឆិកា» នោះបានទៅទិញខោអាវនៅហាង Zando តាមផ្លូវត្រសក់ផ្អែម (សាខាបឹងកេងកង រាជធានីភ្នំពេញ) កាលពីម៉ោង ៨ យប់ ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ ។

បងប្អូនទាំង ២ នាក់នោះរួមមាន៖ ឈ្មោះ ឡាយ សេងលី បុគ្គលិកធនាគារចិន​ (Bank of China) នៅអគារកាណាឌីយ៉ា និង ទី២ ឈ្មោះ ឡាយ សេងលីន បុគ្គលិកធនាគារកាថេ យូណាធិន ហើយពួកគេត្រូវបានរកឃើញមានជំងឺកូវីដ-១៩ ដែលឆ្លងពីអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍ ២៨វិច្ឆិកា» ហើយក៏ធ្លាប់បានចម្លងទៅបុគ្គលិកនៅហាង Pedro ចំនួន ៧ នាក់រួចហើយដែរ ៕

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទពេញនិយម