កាសក្ដោបត្រចៀក Apple ទើបប្រកាសចេញ តម្លៃថ្លៃលើសរំពឹងទុក

  • 2020-12-09 02:07:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple បាន​បង្ហាញ​ចេញ​ជា​​ផ្លូវ​ការ​នូវ​កាស​ស្ដាប់​ក្ដោប​ត្រចៀក​ឥត​ប្រើ​ខ្សែ​គឺ​ AirPods Max ដែល​​គេ​ធ្លាប់​លេច​ឮ​ដំណឹង​អំពី​វា​ជា​យូរ​មក​ហើយ និង​មាន​ការ​រំពឹង​ទុក​ថា​វា​មាន​តម្លៃ ៣៤៩​ដុល្លារ។

AirPods Max ដែល​នៅ​លើ​ទីផ្សារ​បរទេស​មាន​តម្លៃ​ ៥៤៩​ដុល្លារ មាន​បំពាក់​មុខងារ​ពិសេស​ដូច​ជា​ Active Noise Cancellation (ANC) ដែល​ជា​មុខងារ​ទប់​សំឡេង​រំខាន​ពី​មជ្ឈដ្ឋាន​ខាង​ក្រៅ, មុខងារ Adaptive EQ និង​មុខងារ​ Spatial Audio ផង​ដែរ។ កាស​នេះ​មាន​រន្ធ​ដោត​ចំនួន​មួយ​សម្រាប់​ការ​សាក​ថ្ម ដែល​សាក​ថ្ម​ម្ដង​អាច​ស្ដាប់​បាន​រហូត​ដល់ ២០​ម៉ោង ទោះ​បី​ដំណើរ​ការ​មុខងារ ANC ក្ដី។

លើ​កាស​នេះ​ក៏​មាន​ប៊ូតុង​ចុច​មួយ​ចំនួន និង Sensor ទំនើបៗ​ផង​ដែរ។ ប៊ូតុង Digital Crown ដែល​យក​លំនាំ​តាម​ប៊ូតុង​លើ Apple Watch អាច​ផ្ដល់​ការ​បញ្ជា​លើ​កម្រិត​សំឡេង, អាច​ផ្អាក ឬ​ចាក់​ចម្រៀង, ប្ដូរ​បទ​ចម្រៀង, ទទួល​ការ​ហៅ​ចូល ឬ​ផ្ដាច់​ការ​សន្ទនា និង​អាច​ប្រើ​ដើម្បី​ដំណើរ​ការ Siri។ ការ​បញ្ជា​ទាំង​នេះ​អាច​ធ្វើ​ឡើង​ដោយ​ការ​ចុច​ម្ដង, ពីរ​ដង, បី​ដង ឬ​ចុច​ឲ្យ​ជាប់។ បន្ថែម​ពី​នេះ​ក៏​មាន​ប៊ូតុង​​មួយ​សម្រាប់​បញ្ជា​លើ​សំឡេង​រំខាន​ ដែល​អាច​ផ្លាស់​ប្ដូរ​រវាង​មុខងារ ANC និង​មុខងារ Transparency។

​​​AirPods Max នឹង​ចេញ​លក់​ចាប់​ពី​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ជា​មួយ​ជម្រើស​ពណ៌​ប្រផេះ ពណ៌​ប្រាក់ ពណ៌​ខៀវ ពណ៌​បៃតង និង​ពណ៌​ផ្កាឈូក៕

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី