គួន ម៉ុម មាន​ប្រវត្តិ​​លេង​បាល់​ល្អ​កម្រិត​ណា​ មុន​ពេល​ចូល​ហាត់​បាល់ទះ​ដំបូង?

  • 2020-12-11 07:31:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ស្មាត់​ស្ដាំ​ជម្រើស​ជាតិ គួន ម៉ុម ជា​អតីត​ស្មាត់​ធំ​ប្រចាំ​​ភូមិ​ស្រែ​ឈើ​នៀង ​ស្រុក​ត្រាំកក់​ ខេត្ត​តាកែវ ​អំឡុង​មុន​ពេល​ចូល​ហាត់​​នៅ​មហាផ្ទៃ​កាល​ឆ្នាំ​២០១៦។

គួន ម៉ុម លេខ ១៥

​ស្មាត់​ស្ដាំ​កម្ពស់​ជិត​២​ម៉ែត្រ​រូប​នេះ​បាន​រៀបរាប់​ឲ្យ​ដឹង​ថា ខ្លួន​ដើរ​លេង​តាម​ភូមិ​​តាំង​ពី​នៅ​រៀនវិទ្យាល័យ​ បន្ទាប់​ពី​ចូល​ហាត់​លើក​ដំបូង​​នៅ​​វិទ្យាល័យ​សម្ដេច​ ហ៊ុន សែន​ ព្រៃផ្អេ កាល​​រៀន​ថ្នាក់​ទី​៧។ ​ការ​ចេះ​លេង​ដំបូង​មិន​​ល្អ​អី​ទេ ប៉ុន្តែ​​បាន​មួយ​រយៈ​ពេល​ខ្លី​ក៏​វិវឌ្ឍន៍​ខ្លួន​ ដើរ​លេង​តាម​កឋិន តាម​ភូមិ ឆ្លង​​ពី​ស្រុក ឆ្លង​ខេត្ត​ជា​ដើម។ អ្វី​ដែល​សំខាន់​ការ​ដើរ​លេង​របស់​គេ​ទទួល​បាន​​ការ​តាម​គាំទ្រ​​ពី​​ មិត្តភ័ក្ដិ​​ក្នុង​ស្រុក​ក្នុង​ភូមិ ពូ​ មីង ​​នៅ​ពេល​លេង​ម្ដង មិន​ថា​នៅ​តារាង​ក្រៅ​ស្រុក មាន​​ការ​គាំទ្រ​យ៉ាង​ច្រើន។

រហូត ដល់​ឆ្នាំ​២០១៦ ទើប​សម្រេច​ចូល​ហាត់​នៅ​ក្លឹប​បាល់ទះ​ក្រសួង​មហាផ្ទៃ ពោល​ការ​ចាប់​ផ្ដើម​ហាត់​ដំបូង​នេះ​ក្នុង​អំឡុង​នោះ​​គឺ​ខ្លួន​ចេះ​ដើរ​លេង​សឹង​ពេញ​ភ្នំពេញ និង​តាម​ខេត្ត​នានា​រួច​ទៅ​ហើយ។ ​យ៉ាង​ណា​​ ដល់​ឆ្នាំ​២០១៨ ក៏​សម្រេច​មក​ចូល​ហាត់​​នៅ​​ក្លឹប​វិសាខា​ ដោយ​ចូល​រួម​រស់​ដំបូង​ក៏​ទទួល​បាន​ឱកាស​ទៅ​​ចូល​រួម​ប្រកួត​នៅ​ក្រៅ​ប្រទេស​នៅ​ថៃ ក្នុង​ការ​ប្រកួត​ពាន​​មិត្តភាព​មួយ​ ដែល​រៀបចំ​ឡើង​នៅ​លើ​ទឹក​ដី​ថៃ។

ស្មាត់​មក​ពី​ខេត្ត​តាកែវ​ខាង​លើ​​មាន​បង​ប្អូន​បង្កើត​ចំនួន ៦ នាក់​ខ្លួន​ជា​កូន​ទី​​៥ ក្នុង​គ្រួសារ ឪពុក​​របស់​គេ​ឈ្មោះ ប៊ុន ម៉ៅ ម្ដាយ​ឈ្មោះ កុច សុខា លោក​ទាំង​ពីរ​ជា​កសិករ ដែល​មាន​ជីវភាព​មធ្យម។ គេ​​កើត​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​១៩៩៦ ​បច្ចុប្បន្ន​មាន​កម្ពស់ ១,៩៦ ម៉ែត្រ ​សម្រាប់​ការ​សិក្សា​​ក៏​បាន​បញ្ចប់​ថ្នាក់​បរិញ្ញាប័ត្រ​​មុខ​ជំនាញ IT នៅ​សាលា វណ្ណដា ​ផង​ដែរ។

កត្តា​ដែល​នាំ​ឲ្យ​ខ្លួន​ស្រវា​ចាប់​យក​ជា​កីឡាករ​បាល់ទះ​ ដោយ​សារ​​តែ​មាន​ចិត្ត​ស្រលាញ់ ​ជា​មួយ​​​ទេពកោសល្យ​​​​​​​ល្អ​ពី​កំណើត ពោល​គឺ​កីឡា​​នេះ​ឆាប់​ចាប់​បាន នូវ​អ្វី​ដែល​គ្រូ​ឬ​រៀមច្បង​បាន​ប្រាប់។ ​សម្រាប់​ទិស​ដៅ​នា​ពេល​អនាគត​ស្មាត់​ដែល​មាន​ជំនាញ​វ៉ៃ​បាន​បាល់​គ្រប់​កន្លែង​រូប​នេះ​​ មិន​ទាន់​គិត​ឡើយ ពោល​គឺ​ចិត្ត​​ផ្ចង់​គិត​អំពី​ការ​ប្រកួត​​ស៊ីហ្គេម​ ឆ្នាំ​ក្រោយ​នា​ពេល​ដ៏​ខ្លី និង​ការ​ហ្វឹកហាត់​ជា​មួយ​ជម្រើស​ជាតិ​បាល់ទះ​ឲ្យ​កាន់​តែ​ខ្លាំង​បន្ថែម​ទៀត។ រំលឹក​ថា គួន ម៉ុម ជា​ស្មាត់​ស្ដាំ​ល្អ​មួយ​រូប​របស់​កម្ពុជា​ ដែល​ទទួល​បាន​ឱកាស​ទៅ​លេង​នៅ​ក្រៅ​ប្រទេស​លីគ​​កំពូល​ ឥណ្ឌូណេស៊ី កាល​​ពីពេល​កន្លង​ទៅ​៕​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី