សត្វទោច១គូ គ្រោងដោះលែងពីទ្រុងចូលទៅក្នុងព្រៃក្នុងឧទ្យានអង្គរ

  • 2020-12-17 09:03:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីគម្រោងដោះលែងសត្វព្រៃក្នុងឧទ្យានអង្គរ ក្រោមកិច្ចសហការរវាង អាជ្ញាធរជាតិអប្សរា រដ្ឋបាលព្រៃឈើភ្នំពេញ និងអង្គការ Wildlife Alliance ទទួលបានជោគជ័យជាបន្តបន្ទាប់រួចមក ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ គម្រោងនេះបានដឹកជញ្ជូនសត្វទោចមកុដ១គូទៀត ដែលជាគូចុងក្រោយ ពីមជ្ឈមណ្ឌលថែទាំ និងសង្រ្គោះសត្វព្រៃភ្នំតាម៉ៅ មកផ្សាំក្នុងទ្រុងនៅជិតបឹងដូនមាក្បែរខ្លោងទ្វារដីឆ្នាំងខាងជើងក្រុងអង្គរធំ។ សត្វទោចមកុដគូចុងក្រោយនេះ គ្រោងនឹងធ្វើការដោះលែងពីទ្រុងចូលទៅក្នុងព្រៃធម្មជាតិនៅឆាប់ៗខាងមុខ។

កន្លងមកគម្រោងនេះបានដោះលែងរួចមកហើយនូវសត្វទោចមកុដចំនួន៣គូមានចំនួន១២ក្បាល(កើតកូនបានចំនួន៦ក្បាល) ដែលមានទីតាំងស្ថិតនៅក្បែរខ្លោងទ្វារតាកាវ ខ្លោងទ្វារខ្មោច ក្បែរប្រាសាទតានៃ និងមួយគូចុងក្រោយនេះក្បែរខ្លោងទ្វារដីឆ្នាំង។ នៅពេលជាមួយគ្នានោះ គម្រោងក៏បានដោះលែងសត្វឆ្មារដាវ(Leopard Cat) ចំនួន១គូ និងសត្វកេងកងតូច(Oriental Pied Hornbill) ចំនួន១គូដែរ ចូលក្នុងព្រៃធម្មជាតិ ក្រោយពីគម្រោងបានផ្សាំក្នុងទ្រុងអស់រយៈពេលជិត៣ខែមក។ ក្រៅពីនោះ កន្លងមកក៏មានការដោះលែងសត្វឈ្លូស៤ក្បាល សត្វស្វាព្រាម១២ក្បាល សត្វសំពោចក្រអូប៥ក្បាល និងសត្វភេខ្លួនរលោង៥ក្បាល ចូលក្នុងព្រៃអភិរក្សក្នុងរមណីយដ្ឋានអង្គរ។

ប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:

អត្ថបទពេញនិយម