អ្នកគាំទ្រចង់ឃើញអ្នកលេងគុនខ្មែរ៣នាក់នេះបន្តលេចធ្លោនៅ ONE ឆ្នាំ២០២១

  • 2021-01-14 07:15:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីឆ្នាំ២០២០កន្លងទៅ មានតែអ្នកលេងគុនខ្មែរ ៤ នាក់ដែលបានទៅប្រកួតនៅស្ថាប័នអន្តរជាតិ ONE Championship ដោយសារបញ្ហាជំងឺខូវិត-១៩ ដែលមិនមានអំណោយផលដល់កីឡាករផ្សេងៗទៀត។

អត្តពលិកកម្ពុជាទាំង៤រូបនោះគឺ ចាន់ រតនា, នៅ ស្រីពៅ , សុខ ធី និងខុន ស៊ីចាន់។ ដោយសារខុន ស៊ីចាន់ ទើបទទួលបានចំណងដៃកូនប្រុសម្នាក់។ ដូច្នេះអ្នកគាំទ្រសង្ឃឹមថា ចាន់ រតនា, នៅ ស្រីពៅ , និង សុខ ធី បន្តរះ និង ទទួលបានឱកាសប្រកួតនៅសង្វៀនអន្តរជាតិនេះទៀតក្នុងឆ្នាំ២០២១នេះ និងរឹតតែជោគជ័យជាងឆ្នាំមុន។

អ្នកលេងគុនចម្រុះលេខ១កម្ពុជា ចាន់ រតនា ត្រូវបានអ្នកគាំទ្រមើលឃើញថា ទទួលបានជោគជ័យជាងគេនៅសង្វៀនអន្តរជាតិនេះ ព្រោះចន្លោះពីឆ្នាំ២០១៨ ដល់ ២០១៩ រូបគេទទួលបានជ័យជម្នះ៣លើកជាប់គ្នា។

យ៉ាងណា ក្នុងខែធ្នូ ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ ចាន់ រតនា បានចាញ់កីឡាករ Xie Wie នៅក្នុងទឹកទី៣ នៅ ONE: COLLISION COURSE។ ទាំងសាមីខ្លួនកីឡាករ និងអ្នកគាំទ្រយល់ឃើញថា អ្នកលេងគុនខ្មែរម្នាក់នេះមានសមត្ថភាពល្អជាងកីឡាករចិនទាំងក្បាច់លើ និងក្បាច់ក្រោម ប៉ុន្តែការធ្វេសប្រហែសធ្វើឲ្យរូបគេចាញ់ក្នុងទឹកទី៣។

តារាទូតសុច្ឆន្ទៈសែលកាតបានប្រាប់ក្រោយការប្រកួតថា ៖«ខ្ញុំពិតជាសោកស្តាយខ្លាំង ព្រោះនៅទឹកទី២ ខ្ញុំមានប្រៀបហើយ។ ពេលនោះ ខ្ញុំគិតថា ខ្លួនឯងឈ្នះទៅហើយ តែខ្ញុំមើលស្រាលដៃគូ ក៏ភ្លាត់ត្រូវគេវ៉ៃឲ្យដួល»។

ចាន់ រតនា ប្តេជ្ញាថា ៖«ឆ្នាំថ្មី២០២១នេះ ខ្ញុំខំប្រឹងឲ្យខ្លាំងទ្វេឡើង ព្រោះខ្ញុំមិនចង់ឲ្យបងប្អូន អ្នកគាំទ្រខកចិត្តទៀតទេ»។

ចំណែកកីឡាការិនី នៅ ស្រីពៅ ទទួលស្គាល់ថា ជំនាញគុនចម្រុះរបស់នាងនៅមានកម្រិត ពេលប្រកួតចាញ់កីឡាការិនីឥណ្ឌា Ritu Phogat ក្នុងទឹកទី២នៅ ONE: BIG BANG ក្នុងខែតុលា។ ម្យ៉ាងទៀត នាងមិនបានហ្វឹលហាត់ដិតដល់ទេដោយសារជំងឺខូវិត-១៩ និងត្រូវគោរពតាមវិធានការណ៍ការពារច្រើនថ្ងៃទៀតមុនពេលប្រកួតនោះមកដល់។

ស្រីពៅ ប្រាប់ថា ៖«ខ្ញុំមិនទាន់ច្បាស់រឿងផ្តោតលើគុនចម្រុះទេ ពីព្រោះឆ្នាំ២០២១នេះ ខ្ញុំជាប់ភារកិច្ចនៅជម្រើសជាតិទៅស៊ីហ្គេមនៅប្រទេសវៀតណាម»។

កីឡាការិនី នៅ ស្រីពៅ ជាប់ជម្រើសជាតិកម្ពុជាផ្នែកប្រដាល់សកលដែលបានចូលរួមហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិកម្ពុជាតាំងពីឆ្នាំ២០២០ដើម្បីត្រៀមខ្លួនទៅប្រកួតស៊ីហ្គេមនៅប្រទេសវៀតណាមចុងឆ្នាំនេះ។

ចំណែក សុខ ធី បានក្លាយជាអត្តពលិកកម្ពុជាតែម្នាក់គត់ដែលទទួលបានជ័យជម្នះនៅឆ្នាំ២០២០ និងជាកីឡាករកម្ពុជាទី១ឈ្នះនៅ ONE Super Serie បន្ទាប់ពីផ្តួលកីឡាករចិន Huang Ding ក្នុងទឹកទី១ នៅ ONE: A NEW BREED ក្នុងខែសីហា ប៉ុន្តែប្រកួតមួយទៀតចាញ់ពិន្ទុកីឡាករថៃ Mongkolpetch នៅ ONE: NO SURRENDER III ក្នុងខែកក្កដា។

សុខ ធី ប្រាប់ថា ៖«ឆ្នាំ២០២១នេះ ខ្ញុំចង់ឲ្យទទួលបានជោគជ័យ និងល្អប្រសើរជាងឆ្នាំ២០២០។ សមត្ថភាពរបស់ខ្ញុំនៅមានកម្រិត បើប្រៀបធៀបជាមួយម្ចាស់ខ្សែក្រវាត់ពិភពលោក ដូច្នេះខ្ញុំមិនទាន់ប្រាថ្នាប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោកឡើយ»។

សព្វថ្ងៃនេះ សុខ ធី កំពុងហ្វឹកហាត់នៅប្រទេសថៃយ៉ាងដិតដល់ជាច្រើនខែមកហើយ។ រូបគេថែមទាំងទទួលបានជ័យជម្នះក្នុងការឡើងប្រកួតនៅសង្វៀនក្នុងប្រទេសថៃ។ សម្រាប់ឆ្នាំ២០២១នេះអាចជាឆ្នាំល្អសម្រាប់ សុខ ធី នៅស្ថាប័ន ONE នៅពេលគេរៀបចំការប្រកួតនៅប្រទេសថៃ៕

អត្ថបទ៖ ស៊ីធី

អត្ថបទពេញនិយម