FIFA ចេញ​សេចក្ដីថ្លែងការណ៍​ព្រមាន​ដាក់​ទណ្ឌកម្ម​ក្លឹប​ធំៗ បើ​បង្កើត European Super League

  • 2021-01-23 01:07:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​អន្តរជាតិ​នៃ​សមាគម​បាល់ទាត់ ហៅ​កាត់​ថា FIFA បាន​ចេញ​សេចក្ដីថ្លែងការណ៍ ដោយ​ចុះ​ហត្ថលេខា​អម​ដោយ​សហភាព​បាល់ទាត់​តាម​ទ្វីប​ទាំង ៦ ដោយ​ប្រកាស​ទាត់​ចោល​ការ​សម្រេច​ចិត្ត​បង្កើត European Super League ហើយ​ព្រមាន​ដាក់​ទណ្ឌកម្ម​ទាំង​ក្លឹប និង​កីឡាករ ដែល​លេង​នៅ​ក្នុង​ក្របខ័ណ្ឌ​ថ្មី​មួយ​នេះ​។

ក្នុង​សេចក្ដីថ្លែងការណ៍​នោះ FIFA បាន​ប្រកាស​មិន​ទទួល​ស្គាល់​ដាច់​ខាត​នូវ​ក្របខ័ណ្ឌ European Super League ដែល​គ្រោង​នឹង​បង្កើត​ដោយ​ក្លឹប​ធំៗ​នៅ​ក្នុង​ទ្វីប​អឺរ៉ុប។ FIFA ក៏​បាន​សង្កត់​ធ្ងន់​ថា ប្រសិន​បើ​ក្របខ័ណ្ឌ​បង្កើត​ឡើង​មែន​ ទាំង​កីឡាករ​ ទាំង​ក្លឹប​សុទ្ធ​តែ​ជាប់​ទណ្ឌកម្ម​ ដោយ​មិន​អនុញ្ញាត​ឲ្យ​ចូល​រួម​កម្មវិធី​របស់ FIFA ឬ កម្មវិធី​របស់​សហព័ន្ធ​កម្រិត​ទ្វីប​ឡើយ។

ហេតុ​ដូច្នេះ​មាន​ន័យ​ថា ខាង​ក្លឹប​មិន​អាច​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍ FIFA Club World Cup ឬ ក្របខ័ណ្ឌ​ពាន​លំដាប់​ទ្វីប ប៉ុន្តែ​ធ្ងន់​ជាង​នេះ​ទៅ​ទៀត​គឺ កីឡាករ​អាច​នឹង​មិន​បាន​លេង​ឲ្យ​ជម្រើសជាតិ​ក្នុង​ World Cup នោះ​ឡើយ។ ប្រសិន​បើ​ទណ្ឌកម្ម​នោះ​កើត​មាន​ឡើង​មែន កីឡាករ​ល្បីៗ​អាច​នឹង​មិន​ស៊ូ​នៅ​ជាមួយ​ក្លឹប​ទេ។

ខាង​ FIFA បញ្ជាក់​ថា ដរាប​ណា​ក្របខ័ណ្ឌ​បង្កើត​ថ្មី មិន​ស្ថិត​ក្រោម​ការ​រៀប​ចំ​ ឬ ទទួល​ស្គាល់​របស់​ស្ថាប័ន​បាល់ទាត់​ប្រចាំ​ទ្វីប​ ឬ ពិភពលោក ក្របខ័ណ្ឌ​នោះ​មិន​មាន​ភាព​ស្រប​ច្បាប់​ឡើយ៕

ប្រភព៖ FIFA   អត្ថបទ៖ សេរី មង្គល

អត្ថបទពេញនិយម