ឈីបថ្មី M1 របស់ Apple ផ្លាស់ប្ដូររបត់បច្ចេកវិទ្យា ១៨០ដឺក្រេ

  • 2021-01-27 03:53:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្មីៗនេះ Apple បានប្រកាសចេញបន្ទះឈីប M1 ជាឈីបកុំព្យូទ័រផលិតដោយខ្លួនឯងដំបូងគេរបស់ Apple និងបានបំពាក់នៅលើកុំព្យូទ័រ MacBook Air, MacBook Pro និង Mac mini។

M1 មិនត្រឹមជាបន្ទះឈីបថ្មីនោះទេ វាជាក៏បរិបទថ្មីមួយទៀតក្នុងពិភពបច្ចេកវិទ្យាផងដែរ ត្បិតវាបានផ្លាស់ប្ដូរពីរបត់ចាស់ ដោយកុំព្យូទ័រ Mac ជំនាន់មុនធ្លាប់តែប្រើប្រាស់ CPU របស់ក្រុមហ៊ុន Intel ប្រើ VGA របស់ AMD មាន RAM នៅដាច់ដោយឡែក និងគ្រឿងបង្គុំដទៃទៀតនៅដាច់ពីគ្នា ប៉ុន្ដែកុំព្យូទ័រ Mac ប្រើ Apple Silicon M1 ជំនាន់ថ្មីនេះវិញ គឺមាន CPU, VGA, RAM នៅជាមួយគ្នាតែម្ដង ដែលបច្ចេកវិទ្យានេះគេហៅថា SoC «System on a Chip» មានន័យថាប្រព័ន្ធរួមនៅលើបន្ទះឈីបតែមួយ។

នៅក្នុងបន្ទះឈីប Apple silicon M1 មួយនេះ មានប្រព័ន្ធពិសេសៗជាច្រើនផ្គួបផ្សំបញ្ចូលគ្នា ដូចជា៖

  • បច្ចេកវិទ្យាដំណើរការខ្នាត 5nm (process technology)
  • CPU មានចំនួន 8-Core ដំណើរការលឿនជាងមុនដល់ទៅ ៣,៥ដង ដោយ 4-Core សម្រាប់ដំណើរការកម្មវិធីធ្ងន់ៗ និង 4-core ទៀតសម្រាប់ដំណើរការទូទៅ ដើម្បីកាត់បន្ថយទៅលើការប្រើប្រាស់ថាមពលថ្ម។
  • GPU មានចំនួន 7 ឬ 8-Core មាន ២៥,០០០ threads ដំណើរការលឿនជាងមុន ៦ដង។
  • Neural Engine មានចំនួន 16-Core ប្រើជាជំនួយដល់មុខងារ AR ធ្វើឱ្យ machine learning ដំណើរការលឿនជាងមុនដល់ទៅ ១៥ដង។
  • RAM មានទំហំ 8GB ឬ 16GB។

នៅលើបន្ទះឈីបនេះផងដែរ ក៏រួមបញ្ចូលមាន controllers របស់ USB & Thunderbolt, Secure Enclave (មុខងារ AES encryption លើ Hardware របស់កុំព្យូទ័រ), អង្គគណនាសញ្ញាណរូបភាព (Image Signal Processor) , មុខងារសម្គាល់សំឡេង និងបូករួមមុខងារដទៃទៀត។ បន្ទះឈីប M1 ក៏ជាហេតុផលធ្វើឱ្យ Macbook ស៊ីថាមពលថ្មតិចជាងមុន២ដងផងដែរ។

ចំពោះការបញ្ចេញបន្ទះឈីប M1 ដំបូង Apple បំពាក់វានៅលើតែកុំព្យូទ័រ Mac តម្លៃសមរម្យជាមុនសិនប៉ុណ្ណោះ ដូចជា MacBook Air តម្លៃ ៩៩៩ដុល្លារ ដល់ ១២៤៩ដុល្លារ, MacBook Pro ១៣អ៊ីញ តម្លៃ ១២៩៩ដុល្លារ ដល់ ១៤៩៩ដុល្លារ និង Mac mini តម្លៃ ៦៩៩ដុល្លារ ដល់ ៨៩៩ដុល្លារ ដែលទាំងនេះជាតម្លៃលើទីផ្សារសហរដ្ឋអាមេរិក។ នៅពេលខាងមុខ Apple ក៏នឹងប្រើយុទ្ធសាស្ត្របំពាក់ឈីប M1 ទៅលើរាល់កុំព្យូទ័រ Mac តែម្ដង។

បើអ្នកចាប់អារម្មណ៍ចង់ទិញ Macbook មានឈីបថ្មីនេះ អ្វីដែលអ្នកត្រូវដឹងបន្ថែមគឺថា បច្ចេកទេស SoC (system on a chip) គឺទំហំ RAM និង VGA មិនអាចបន្ថែមតាមតម្រូវការអ្នកប្រើប្រាស់បាននោះទេ ត្បិតវាត្រូវបានភ្ជាប់នៅក្នុងបន្ទះឈីបរួចស្រេចទៅហើយ។ ដូចនេះបើអ្នកមានតម្រូវការ RAM ធំជាង 16GB ឬ GPU 8-Core ប្រហែលអ្នកនឹងត្រូវរង់ចាំ Mac ប្រកាសចេញនៅពេលបន្ទាប់ទៀត។ ប៉ុន្ដែយ៉ាងណាក៏ដោយ យោងតាមបច្ចេកទេសបង្រួមអង្គចងចាំ UMA (unified memory architecture) របស់ Apple មានការបញ្ជាក់ថា នឹងធ្វើឱ្យ RAM 16GB ដំណើរការមានប្រសិទ្ធភាពខ្ពស់ មានល្បឿនលឿនជាង RAM ធម្មតា។

មួយវិញទៀត Macbook ប្រើឈីប M1 មិនអាចប្រើប្រាស់ Windows OS បាននៅឡើយទេ ដោយសារ Microsoft មិនទាន់បើកផ្លូវឱ្យ ហើយម្យ៉ាងមុខងារ Boot Camp មិនអាចឱ្យឈីបថ្មី boot Windows បានឡើយ លុះត្រាតែប្រើ Windows ARM version។

រីឯកម្មវិធីមួយចំនួនទៀតដូចជា Parallels, Vmware, Wine, VirtualBox និងកម្មវិធីកាត់តសំឡេងដ៏ពេញនិយម Avid Pro Tools ក៏មិនទាន់ប្រើប្រាស់បានជាមួយឈីបថ្មីនេះនៅឡើយទេ។ ប៉ុន្ដែជំនួសមកវិញ ឈីបនេះ​អាចធ្វើឱ្យ Macbook អាចដំណើរការបានជាមួយកម្មវិធីរបស់ iPhone និង iPad ទៅវិញ ដែលជាផ្លូវដ៏ល្អមួយធ្វើឱ្យម្ចាស់ Macbook មានកម្មវិធីកាន់តែសម្បូរបែបបន្ថែមទៀត៕

ប្រភព៖ Macworld   ប្រែ​សម្រួល៖ កុសល