សាប៊ូនេះផលិតដោយដៃផ្ទាល់ប្រើបច្ចេកទេសបែបបុរាណ ជាមួយគ្រឿងផ្សំបែបធម្មជាតិសុទ្ធសាធ
- 2021-01-29 06:46:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សាប៊ូនេះផលិតដោយដៃផ្ទាល់ប្រើបច្ចេកទេសបែបបុរាណ ជាមួយគ្រឿងផ្សំបែបធម្មជាតិសុទ្ធសាធ
ចន្លោះមិនឃើញ
ដោយសារទំនោរដក់ជាប់ជាមួយនឹងរសជាតិ និងក្លិនក្រអូបបែបខ្មែរ Senteurs d’Angkor បានបង្កើតនូវផលិតផលក្នុងស្រុកជាច្រើនប្រភេទ ដែលមានលក្ខណៈពិសេសប្លែកគេ ដើម្បីបង្អួតពីសម្បតិ្តធម្មជាតិដ៏មហស្ចារ្យ នៅក្នុងប្រទេសកម្ពុជា។
ហាង Senteurs d’Angkor មានផ្តល់ជូននូវសាប៊ូច្នៃពីប្រេងដូង ដែលមានក្លិនក្រអូបចម្រុះមុខដូចជាក្លិនផ្កាម្លិះ ផ្កាអ័រគីដេ ស្លឹកគ្រៃស្លឹក តែបៃតង ស្វាយ ផ្កាឈូក និងក្រូចជាដើម។ សាប៊ូទាំងនេះ ត្រូវបានផលិតដោយដៃផ្ទាល់ ដោយប្រើបច្ចេកទេសបែបបុរាណ និងត្រូវបានចម្រាញ់ចេញពីប្រេងរុក្ខជាតិ និងគ្រឿងផ្សំបែបធម្មជាតិសុទ្ធសាធ។ ក្នុងនោះ អតិថិជនក៏អាចស្វែងរកបាននូវប្រេងម៉ាស្សា ក្រែមលាបខ្លួន ស្ក្រាប់សម្រាប់ដុសខាត់ស្បែក និងអំបិលសម្រាប់លាយក្នុងអាងមុជទឹកផងដែរ។
ដោយបង្កើតឡើងក្នុងឆ្នាំ ១៩៩៩ នាទឹកដីខេត្តសៀមរាប Senteurs d’Angkor ពិតជាមានមោទនភាពបំផុត ចំពោះការប្រើប្រាស់គ្រឿងផ្សំធម្មជាតិ ក៏ដូចជាគាំទ្រនូវផលិតផលរបស់អ្នកផ្គត់ផ្គង់ក្នុងស្រុក ដោយក្នុងនោះរួមមានទាំងសម្ភារៈវេចខ្ចប់ ដែលអាចកែច្នៃឡើងវិញបាន ដើម្បីរួមចំណែកដល់ការប្រើប្រាស់ធនធានកកើតឡើងវិញនៅក្នុងប្រទេសកម្ពុជា។
Senteurs d’Angkor ក៏បានចូលរួមចំណែកជួយដល់សហគមន៍មូលដ្ឋាន ដោយក្នុងនោះថវិកាមួយភាគដែលបានមកពីការជាវទំនិញទាំងអស់ នឹងត្រូវបានប្រើប្រាស់ដើម្បីជួយគាំទ្រកម្មវិធីបណ្តុះបណ្តាលនិងផ្តល់ឱកាសការងារ។ អាជីវកម្មបែបសហគ្រាសនេះ បានផ្តល់ការងារដល់បុគ្គលិកជាង ១៥០ នាក់ និងផ្តល់ការងារជាប្រចាំដល់ពលរដ្ឋជាច្រើនទៀត ជាពិសេសស្ត្រីមកពីតំបន់ជនបទ។ ពួកគេផ្តល់លក្ខខណ្ឌការងារសមរម្យ ដោយមានផ្តល់ជូននូវការគាំពារសង្គម លើកកម្ពស់ឱកាសស្មើៗគ្នា និងគោរពចំពោះសិទ្ធិរបស់ស្ត្រីជាដើម។
នៅក្នុងពិធីតាំងពិព័រណ៍ផលិតផលរបស់ខេត្តសៀមរាប អ្នកទេសចរ អាចស្វែងរកនូវផលិតផលថែរក្សាសម្រស់ និងសុខភាពក្នុងស្រុក រួមជាមួយនឹងគ្រឿងទេសជាច្រើនប្រភេទរបស់ Senteurs d’Angkor ផងដែរ។
Made in Siem Reap Fair ឬពិព័រណ៍ផលិតផលសៀមរាបជាពិព័រណ៍ដែលបង្ហាញអំពីស្នាដៃសិប្បករ និងវិចិត្រករនៃក្នុងខេត្តសៀមរាប ដែលនឹងរៀបចំឡើងនៅរាជធានីភ្នំពេញរយៈពេលពីរថ្ងៃគឺនៅថ្ងៃទី ៣០ និង ៣១ ខែមករាខាងមុខនេះ។ សម្រាប់ព័ត៌មានលម្អិតទាក់ទងនឹងពិធីតាំងពិព័រណ៍ផលិតផលខេត្តសៀមរាបនៅភ្នំពេញ អាចចូលទៅកាន់ទំព័រ Facebook ឈ្មោះ "Made in Siem Reap Fair”៕