មូលហេតុ​នៅ​ពី​ក្រោយ សន ពិសិដ្ឋ កោរ​ត្រងោល និង​សុខចិត្ត​ទម្លាក់​ចោល​ការងារ​សិល្បៈ​ខ្លះ​ចោល ដើម្បី​ថត​រឿង​មួយ​នេះ

  • 2021-02-01 03:14:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ប្រុស​សម្បូរ​សាច់​ដុំ សន ពិសិដ្ឋ សម្រេច​ទម្លាក់​ចោល​ការងារ​សិល្បៈ​មួយ​ចំនួន​នៅ​ដើម​ឆ្នាំ​២០២១ ខណៈ​ទីផ្សារ​សម្ដែង និង​ច្រៀង​ទើប​ងើប​ឡើង​វិញ​បន្តិច ដើម្បី​ទទួល​ថត​តែ​រឿង​មួយ​គត់​ដែល​អ្នក​ដឹកនាំ​តម្រូវ​ឲ្យ​លោក​កោរសក់​ដើម្បី​ដើរ​ជា​តួអង្គ​ឯក។

លោក សន ពិសិដ្ឋ ប្រាប់ Sabay ថា ដំបូង​ឡើយ​លោក​អល់អែក​ក្នុង​ការ​ទទួល​ថត​រឿង​នេះ ព្រោះ​លោក​ត្រូវ​កោរសក់​ដើរ​តួ​ជា​ភិក្ខុសង្ឃ។ ដូច្នេះ​រឿង ឬ​ស្ពតពាណិជ្ជកម្ម​ផ្សេង​ៗ​ទៀត ត្រូវ​អាក់ខាន​នៅ​អំឡុង​ពេល​ដែល​លោក​កោរសក់​នេះ។ប៉ុន្តែ​ក្រោយ​ពី​លោក​ដឹង​ពី​ខ្លឹមសារ នៃ​ខ្សែ​ភាពយន្ត​ភាគ​មួយ​នេះ ទើប​លោក​លែង​ស្ដាយ​ការងារ​ផ្សេងៗ ហើយ​ស្រវា​ចាប់​តែ​រឿង​មួយ​នេះ​ប៉ុណ្ណោះ ព្រោះ​លោក​យល់​ថា​រូប​លោក​ធ្លាប់​ដើរ​ធ្លាប់​ដើរ​តួ​ស្ទើរ​គ្រប់​ប្រភេទ និង​គ្រប់​រសជាតិ គឺ​នៅ​តែ​តួអង្គ​ព្រះសង្ឃ​មួយ​ប៉ុណ្ណោះ។

សន ពិសិដ្ឋ៖"ការងារ​សិល្បៈ​ដើម​ឆ្នាំ​២០២១ មាន​ច្រើន​បង តែ​ខ្ញុំ​ទម្លាក់​វា​សិន ហើយ​ងាក​មក​ថត​រឿង​មួយ​ដែល​ជា​តួ​អង្គ​ឯក​ដែល​ខ្ញុំ​គិត​ថា​វា​លំបាក តែ​តួអង្គ​ជា​ភិក្ខុសង្ឃ​មាន​ការ​សង្រួម​អីចឹង ខ្ញុំ​ចង់​ភ្លក់​រសជាតិ​ម្ដង ខ្ញុំ​មិន​ឲ្យ​វា​រំលង​ទៅ​ទេ"។

ទោះ​ជា​យ៉ាងណា រឿង​ដែល​លោក​កំពុង​ថត​នេះ មាន​ចំណង​ជើង​អ្វី? ហើយ​មាន​ខ្លឹមសារ​បែប​ណា​នោះ? មិន​ទាន់​ត្រូវ​សាមី​ខ្លួន និង​អ្នក​ដឹកនាំ​រឿង​បង្ហើប​ឲ្យ​ដឹង​នៅ​ឡើយ​ទេ។ ប៉ុន្តែ​ប្រភព​ដ៏​ឲ្យ​ទុកចិត្ត​មួយ​បាន​បង្ហើប​ថា រឿង​ដែល​លោក សន ពិសិដ្ឋ កំពុង​ថត​នេះ គឺ​មាន​ចំណងជើង​ថា"ភិក្ខុ​ពនេចរ" ដែល​ជា​ប្រភេទ​រឿង​ភាគ មាន​ចំនួន​២០​ភាគ។ រឿង​មួយ​នេះ មាន​ឈុត​ឆាក​ស្ទើរ​ទាំង​ស្រុង បាន​ឆ្លុះបញ្ចាំង​ពី​ការ​រស់នៅ និង​ការ​ប្រព្រឹត្តិ​ទៅ នៃ​ភិក្ខុសង្ឃ​ក្នុង​សម័យ​ពុទ្ធកាល៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ