Google កំពុងពិចារណាធ្វើតាម Apple ដែរ រឿងឲ្យសិទ្ធអ្នកប្រើ

  • 2021-02-05 07:07:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់​ផ្ដើម​​ពី iOS 14.5, iPadOS 14.5 និង tvOS 14.5 ​ត​ទៅ Apple នឹង​ទាមទារ​ឲ្យ​អ្នក​ផលិត​កម្មវិធី​សុំ​​ការ​​អនុញ្ញាត​ពី​អ្នក​ប្រើ​ប្រាស់​ក្នុង​ការ​តាម​ដាន​​សកម្មភាព​របស់​ពួក​គេ​​​នៅ​លើ​កម្មវិធី ឬ​​នៅ​លើ​វិបសាយ​។ អ្នក​ប្រើ​ប្រាស់​នឹង​ឃើញ​ផ្ទាំង​ដែល​មាន​ផ្ដល់​នូវ​ជម្រើស "Allow Tracking” (អនុញ្ញាត) និង "Ask App not to Track” (មិនអនុញ្ញាត) នៅ​ពេល​បើក​កម្មវិធី​ណា​ ដែល​​ចង់​តាមដាន​សកម្មភាព​របស់​ពួក​គេ។

បើ​ផ្អែក​តាម​ Mark Gurman និង Nico Grant នៃ​សារព័ត៌មាន Bloomberg បាន​ឲ្យ​ដឹង​ថា Google កំពុង​ពិចារណា​លើ​វិធានការ​ស្រដៀង​គ្នា​នេះ​សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ​ Android របស់​ខ្លួន ប៉ុន្តែ​មិន​តឹងរ៉ឹង​ដូច Apple ឡើយ។ ប្រភព​នេះ​បាន​អះអាង​ថា​វិធានការ​របស់ Google ចំពោះ​ Android អាច​ស្រដៀង​នឹង​ការ​ផ្លាស់​ប្ដូរ​របស់ Google ចំពោះ​ Cookies នៃ​កម្មវិធី​​ Chrome ដែរ។

​​​គួរ​ដឹង​ថា​ Cookies គឺ​ជា​វិធីសាស្ត្រ​សម្រាប់​វិបសាយ​​អាច​តាម​ដាន​សកម្មភាព​របស់​អ្នក​ប្រើ​ប្រាស់​​មិន​ថា​ពួក​គេ​ចេញ​ពី​វិបសាយ​នោះ​ហើយ​ក្ដី ដែល​ធ្វើ​បែប​នេះ​គឺ​ដើម្បី​អាច​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​បាន​ចំ​គោលដៅ មាន​ប្រសិទ្ធភាព​ខ្ពស់។ Google បានប្រកាសកាលពីដើមឆ្នាំ ២០២០ កន្លងទៅ អំពីផែនការលុបបំបាត់ចោល Cookies នេះ ដើម្បីផ្ដល់ឯកជនភាពដល់អ្នកប្រើ៕

ប្រភព៖ macrumors   ប្រែ​សម្រួល៖ សុខហេង