កីឡាករ​ Bayern សម្រាក​នៅ​លើ​យន្តហោះ​មួយ​យប់ ដោយសារ​តែ​រឿង​ច្បាប់​ទម្លាប់

  • 2021-02-08 11:20:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ក្លឹប Bayern Munich បាន​សម្រាក​នៅ​លើ​យន្តហោះ​មួយ​យប់​នា​រដ្ឋធានី​ប៊ែរឡាំង​ ដោយសារ​តែ​បញ្ហា​បច្ចេកទេស​យន្តហោះ និង​បញ្ហា​ច្បាប់​អាកាសចរ​នៅ​អាល្លឺម៉ង់។

រឿង​ហេតុ​នេះ​កើត​ឡើង​នៅ​យប់​ថ្ងៃ​ទី៦ ខែ​កុម្ភៈ (ម៉ោង​ពេល​នៅ​អាល្លឺម៉ង់) ដោយ​ក្រុម​ Bayern Munich ទាំង​មូល បម្រុង​នឹង​ចេញ​ពី​អាល្លឺម៉ង់ ទៅ​កាន់​ប្រទេស​កាតារ​សម្រាប់​ការ​ប្រកួត​ពាន​ FIFA Club World Cup។

បើ​តាម​កាលវិភាគ​ជើង​ហោះហើរ​ យន្តហោះ​របស់​ក្លឹប​យក្ស​អាល្លឺម៉ង់​មួយ​នេះ​គ្រោង​នឹង​ឡើង​ហោះ​នៅ​ម៉ោង ១១.១៥យប់ តែ​ខាង​យន្តហោះ​មិន​ទាន់​ត្រៀម​ខ្លួន​រួចរាល់​រហូត​ដល់​ម៉ោង ១១.៥៩ឯណោះ។ ច្បាប់​នៅ​អាល្លឺម៉ង់ ហាម​ឃាត់​មិន​ឲ្យ​យន្តហោះ​ឡើង​ពេល​យប់​កណ្ដាល​អធ្រាត្រ (ចាប់​ពី​ម៉ោង ១២យប់​ទៅ) ​នោះ​ទេ ដូច្នេះ​ហើយ​ទើប​ខាង​យន្តហោះ​ត្រូវ​សុំ​ច្បាប់​អាជ្ញាធរ​ចំពោះ​ការ​ហោះហើរ​ពិសេស តែ​ជា​អកុសល​ខាង​អាជ្ញាធរ​បាន​បដិសេធ។

ហេតុផល​នេះ​ហើយ ទើប​តម្រូវ​ឲ្យ​ក្រុម Bayern Munich សម្រាក​នៅ​លើ​យន្តហោះ​មួយ​យប់ មុន​នឹង​ចេញ​ពី​ប៊ែឡាំង​នៅ​ម៉ោង​ជិត ៧ព្រឹក​ថ្ងៃ​ស្អែក។

Bayern Munich នឹង​ប៉ះ​ជាមួយ​ក្រុម​អេហ្ស៊ីប Al Ahly នៅ​ថ្ងៃ​ស្អែក​ម៉ោង ១០យប់ (ម៉ោង​នៅ​កម្ពុជា) សម្រាប់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់​ព្រ័ត្រ​នៃ​ពាន​ក្លឹប​បាល់ទាត់​ពិភពលោក៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី