អំឡុងកូវីដនេះ ឃីម បូរ៉ា រកលុយបានមិនតិចម៉ឺនដុល្លារនោះទេពីប្រដាល់
- 2021-02-18 04:06:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អំឡុងកូវីដនេះ ឃីម បូរ៉ា រកលុយបានមិនតិចម៉ឺនដុល្លារនោះទេពីប្រដាល់
ចន្លោះមិនឃើញ
អំឡុងផ្ទុះជំងឺកូវីដជាងមួយឆ្នាំមកនេះកីឡាករ ឃីម បូរ៉ា មិនទាន់ស្គាល់ពាក្យថាចាញ់នោះឡើយ ខណៈការរកចំណូលវិញសរុបទៅមិនតិចម៉ឺនដុល្លារនោះទេ។
ដូចទៅនិងអ្នកគាំទ្របានដឹងហើយថា កីឡាករ ឃីម បូរ៉ា ជាងមួយឆ្នាំចុងក្រោយនេះគឺសមត្ថភាពឡើងខ្លាំងមែនទែន ខណៈការប្រកួតពីមុនមានចាញ់ មានឈ្នះ សូម្បីខ្សែក្រវាត់១គ្រឿងក៏គ្មានដែរ។ ប៉ុន្តែឥលូវមិនដូចពីមុនឡើយ កីឡាករទម្ងន់ ៦០គីឡូក្រាមស្រុកខ្មែរស៊ីចង់អស់ទៅហើយ ស្របពេលអ្នកខ្លះឮឈ្មោះមិនចង់ប្រកួតជាមួយផង។
ងាកទៅប្រាក់ចំណូលវិញក៏មិនធម្មតានោះដែរ ឃឹម បូរ៉ា ឈ្នះវគ្គផ្ដាច់ព្រ័ត្រស្រាបៀកម្ពុជា ជាមួយ ធន់ មករា បានខ្សែក្រវាត់ ១គ្រឿង អមដោយទឹកប្រាក់ ២៤លានរៀល (៦០០០ដុល្លារ)។ ក្រោយមកទៀត បូរ៉ា ឈ្នះវគ្គផ្ដាច់ព្រ័ត្រខ្សែក្រវាត់គោជល់ជាមួយ ម៉ឺន មេឃា បានខ្សែក្រវាត់ ១គ្រឿងទៀត អមដោយទឹកប្រាក់ ២០លានរៀល (៥០០០ដុល្លារ) នេះមិនរាប់ពីរង្វាន់វគ្គជម្រុះមុនឈានដល់ផ្ដាច់ព្រ័ត្រ និងតម្លៃខ្លួនប្រកួតលក្ខណៈធម្មតាផង។
ក្រៅតែពីប្រាក់រង្វាន់ខ្សែក្រវាត់ ២គ្រឿង ខាងលើម្ចាស់មេដាយមាសជើងឯកថ្នាក់ជាតិ ២០២០ រូបនេះ ក៏ទទួលបានប្រាក់រង្វាន់ពីការប្រកួតដណ្ដើមប្រាក់លានជាច្រើនលើកនៅសង្វៀន CNC និងនៅសង្វៀន TOWN ផងដែរ។ ដូច្នេះហើយអំឡុងកូវីដនេះអ្នកប្រដាល់ដើមកំណើតពីបន្ទាយមានជ័យខាងលើរកចំណូលបានខ្ទង់ម៉ឺនដុល្លារឯណោះ។
រំលឹកដែរថា កីឡាករ ឃឹម បូរ៉ា ជាកូនលោក ហេង ប៊ុនឃីម ដែលជាគ្រូបង្ហាត់ផ្ទាល់ និងជាប្អូនប្រុសរបស់ ឃីម ឌីម៉ា ផងដែរ។ បូរ៉ា ថ្មីៗនេះឈ្នះមេដាយមាស ១គ្រឿងទៀតនៃកម្មវិធីជើងឯកថ្នាក់ជាតិ ២០២០៕