ចេញពីរតនគិរីទៅរៀននៅកូរ៉េបំះចំពេលកូវីដ និស្សិតស្រីនៅជម្នះបញ្ហាធំៗបានយ៉ាងច្រើន

  • 2021-03-08 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កែវ ​ដាវី ​ជា​និស្សិត​​ខ្មែរ​ដែល​បាន​ទទួល​អាហារូបករណ៍​ទៅ​​សិក្សា​នៅ​ប្រទេស​កូរ៉េ ​តែ​ខណៈ​ពេល​កំពុង​រៀន​ស្រាប់​តែ​​ត្រូវ​ប្រឈម​នឹង​ស្ថាន​ភាព​ជំ​ងឺ​កូ​វីដ ដែល​តម្រូវ​ឲ្យ​​កញ្ញា​ត្រូវ​ផ្លាស់​ប្តូរ​របៀប​របប​រៀន​ភ្លាម​ៗ​តែ​ម្តង។

និស្សិត​មាន​ដើម​កំណើត​ពី​ខេត្ត​រតនគិរី​នេះ ​បន្ត​ថា នៅ​ដើម​ឆ្នាំ​២០១៩ ​​កញ្ញា​បាន​ចាក​ចេញ​ពី​​​ប្រទេស​កំណើត​មក​រៀន​នៅ​កូរ៉េ។ ​ដា​វី​ បន្ត​ថា ​ការ​មក​រៀន​នៅ​បរទេស​ជា​ក្តី​ស្រមៃ​តាំង​ពី​​កុមារ​ភាព​មក​ម្ល៉េះ ​ហើយ​កញ្ញា​ពិត​ជា​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​ដែល​បាន​សម្រេច​ក្តី​ប្រាថ្នា​មួយ​នេះ​។ ប៉ុន្តែ​នៅ​ពេល​ដែល​ត្រូវ​ប្រឈម​នឹង​ការ​ពិត វា​មិន​ងាយ​ស្រួល​ដូច​ការ​ស្រមៃ​ឡើយ។ ប៉ុន្តែ ទោះ​បី​ជា​ត្រូវ​ជួប​ទុក្ខ​លំបាក​យ៉ាង​ណា ក៏​​និស្សិត​​​នៅ​សាកល​វិទ្យាល័យ​ Inha ​​រូប​នេះ ​រីករាយ​នឹង​ទទួល​យក​នូវ​រាល់​បទពិសោធន៍​ទាំង​អស់ ព្រោះ​​នោះ​ហើយ​គឺ​ជា​មេរៀន​ជីវិត​សម្រាប់​កញ្ញា។

​ក្រោយ​ពី​សិក្សា​ថ្នាក់​ភាសា​កូ​រ៉េ​ចប់ ​​​ក៏​ឈាន​ដល់​ការ​ចាប់​ផ្តើម​​ចូល​រៀន​​ជំនាញ​​នៅ​សាកល​វិទ្យាល័យ ​ប៉ុន្តែ​ដោយសារ​ការ​រីក​រាល​ដាល​នៃ​ជំ​ងឺ Covid-19 ​សាលា​បាន​ចាត់​វិធាន​ការណ៍​ឲ្យ​សិស្ស​​ទាំង​អស់​រៀន​តាម Online ​តាម​រយៈ Zoom ​និង​ការ​មើល​វីដេអូ របស់​គ្រូ​តាម​រយៈ website ​របស់​សាលា​ដែល​បាន​រៀប​ចំ ។ ​លើស​ពី​នេះ ​សិស្ស​ទាំង​អស់់​មិន​អនុញ្ញាត​ឲ្យ​ចូល​អ​គារ​ផ្សេង​ៗ ព្រម​ទាំង​ហាម​​ឃាត់​ដាច់​ខាត​រាល់​ការ​ជួប​ជុំ​គ្នា​នៅ​សាលា ​និង​ទី​សាធារណៈ​ជា​ដើម។ ​ ​

ចំពោះ​ការ​សិក្សា​នៅ​​អំឡុង​ពេល​កូវីដ​នេះ​ដែរ ​ផល​លំបាក​របស់​និស្សិត​​សិក្សា​ជំនាញ​​គ្រប់​គ្រង​​ពាណិជ្ជកម្ម ​រូប​នេះ គឺ​ការ​ផ្តោត​អារម្មណ៍​ទៅ​លើ​ការ​សិក្សា។ ​ដោយសារ​តែ​បរិយាកាស​សិក្សា​វា​មិន​ដូច​នៅ​សាលា​នោះ​ទេ ​ពិសេស​ទៀត​នោះ​គឺ​ការ​ទំនាក់​ទំនង​​ជា​មួយ​គ្រូ។ ​បើ​ប្រៀប​ធៀប​​ពី​ការសិក្សា​ពេល​ស្ថាន​ភាព​ធម្មតា​វិញ ​នៅ​ពេល​ទៅ​សាលា សិស្ស​អាច​មាន​ឱកាស​បាន​ជួប​​សិស្ស​ដទៃ​ផ្សេង​ទៀត​ដែល​ចម្រុះ​ជាតិ​សាសន៍ ​ការ​ទំនាក់​ទំនង​ពិភាក្សា ​ចែក​រំលែក​ផ្សេង​ៗ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ដើម។ ​ពិសេស​ទៀត​នោះ ​នៅ​ពេល​ស្ថាន​ភាព​ធម្មតា ​សាលា​មាន​កម្មវិធី​សិក្សា​ប្លែក​ៗ​ជា​ច្រើន​ដែល​ផ្តល់​ឱកាស​ឲ្យ​សិស្ស​បាន​ជួប​ជុំ​គ្នា ​ចែក​រំលែក​ចំណេះ​ដឹង​និង​អាច​ទទួល​បាន​បទពិសោធន៍​ល្អ​ៗ​ជា​ច្រើន​ផង​ដែរ។ ​ប៉ុន្តែ​ទោះ​បី​យ៉ាង​ណា​ក៏​ដោយ ​ក៏​សាលា​និង​លោក​គ្រូ​អ្នក​គ្រូ​ខិត​ខំ ​រៀប​ចំ​កម្មវិធី​សិក្សា​បាន​យ៉ាង​ល្អ​​សម្រាប់​សិស្ស​ទាំង​អស់ ​ដែល​ធ្វើ​ឲ្យ​សិស្ស​នៅ​តែ​អាច​សិក្សា​បាន​គ្រប់​គ្រាន់។

​​​​​​ក្រៅ​ពី​នេះ ​ដា​វី​ក៏​ចែក​រំលែក​​បញ្ហា​លំបាក​ គ្រា​ដែល​កញ្ញា​​​ទើប​​មក​សិក្សា​នៅ​កូរ៉េ​ដំបូង​ៗ ​ថាដាវី​ពិត​ជា​ពិបាក​ធ្វើ​ចិត្ត​ខ្លាំង ​នៅ​ពេល​មាន​អារម្មណ៍​នឹក​ផ្ទះ​ម្តង​ៗ។ ​មួយ​​វិញ​ទៀត ​គឺ​ពិបាក​ទំនាក់​ទំនង​​ភាសា​កូរ៉េ​ជាមួយ​មនុស្ស​ជុំ​វិញ​ខ្លួន ​ព្រោះ​មក​ដំបូង​មិន​​ទាន់​ចេះ​និយាយ​និង​ស្តាប់​បាន​នៅ​ឡើយ​ទេ ប៉ុន្តែ​បន្ទាប់​ពី​រៀន​បាន​រយៈ​ពេល​១​ឆ្នាំ​មក ​ធ្វើ​ឲ្យ​ដា​វី​ងាយ​ស្រួល​ក្នុង​ការ​ទំនាក់​ទំនង​ជាង​មុន។ ពិសេស​ការ​ធ្វើ​ដំណើរ​ទៅ​ណា​ម្តង​ៗ ​និង​ដូច​ជា​ពេល​មាន​កិច្ច​ការ​ត្រូវ​ដោះ​ស្រាយ​ជា​ដើម។

​បន្ទាប់​ពី​នេះ ​គឺ​ការ​ពិបាក​សម្រប​ខ្លួន​​នឹង​វប្បធម៍​របស់​កូរ៉េ​ ប្រទេស​ផ្សេង​គ្នា ​វប្បធម៍ ទំនៀម​ទម្លាប់​នៃ​ការ​រស់​នៅ​​ក៏​ខុស​គ្នា​ដែរ ​ដូច្នេះ​ហើយ​​ដា​វី​ត្រូវ​សិក្សា​ស្វែង​យល់ និង​រៀន​សម្រប​ខ្លួន​ទៅ​តាម​បរិយា​កាស​ដែល​រស់់​នៅ។

សម្រាប់​ក្តីប្រាថ្នា​របស់​ដា​វី​នៅ​ថ្ងៃ​អនាគត ​ក្រោយ​បញ្ចប់​ការ​សិក្សា​ដោយ​ជោគ​ជ័យ កញ្ញា​ចង់​បង្កើត​ជំនួញ​ផ្ទាល់​ខ្លួន​មួយ។ ​​បន្ទាប់​ពី​នេះ ​ក្តី​ស្រមៃ​មួយ​ទៀត​ដែល​មាន​តាំង​ពី​ក្មេង​នោះ ​គឺ​កញ្ញា​ពិត​ជា​ចង់​ធ្វើ​ជា​នារី​​ម្នាក់​ដែល​អាច​ផ្លាស់​ប្តូរ​ផ្នត់​គំនិត​ដែល​គិត​ថា ​"​ក្មេង​ស្រី​មិន​គួរ​រៀន​ច្រើន​ពេក​" ​ឬ​ "​ក្មេង​ស្រី​មិន​អាច​ទៅ​ណា​ឆ្ងាយ​ពី​ផ្ទះ​" ...​។ ពិសេស​ ដា​វី​ចង់​​​ធ្វើ​ជា​គំ​រូ​និង​កម្លាំង​ចិត្ត​ដល់​ស្រ្តី​ទាំង​​ឡាយ ពិសេស​ក្មេង​ស្រី ​និង​ស្រ្តី​ដែល​រស់​នៅ​តំបន់​ដាច់​ស្រ​យាល ​ឬ​ជន​បទ​​ដែល​មាន​ក្តី​ស្រមៃ​របស់​ខ្លួន ​តែ​ត្រូវ​រា​រាំង​ដោយ​របាំង​ពាក្យ​ថា​ជា "​ក្មេង​ស្រី​" ​ឬ "​ស្រ្តី​"៕​

អត្ថបទ៖ លឹម សុនា